រាជធានីភ្នំពេញ ៖ តារាចម្រៀងសុខ ពិសី បានបង្ហាញមុខគួរឱ្យភ្ញាក់ផ្អើលជាមួយ ក្រុមអ្នកគាំទ្ររបស់នាង ប្រមាណ១០រូបនៅក្នុងហាងភីហ្សាមួយកាលពី ពេលថ្មីៗនេះ បន្ទាប់ពីនាងទទួលរងព័ត៌មានថា កំពុងលាក់មុខព្រោះមានផ្ទៃពោះ ។ ការលេចមុខដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សុខ ពិសី នេះគឺអាចជាការជម្រះចោលមន្ទិលសង្ស័យ លើរូបនាងថា កំពុងតែសម្ងំពពោះ និងក្រោយពេលទទួលរងការរិះគន់រឿង នាងកុហកថា គ្រោងធ្វើសន្និសីទកាសែតនៅថ្ងៃទី២៩ កញ្ញា តែបែរជាអត់លេចមុខទៅវិញ ។

តារាចម្រៀងសុខ ពិសី បានចេញបង្ហាញមុខកាលពីរសៀលថ្ងៃទី២ តុលា នៅហាងភីហ្សាមួយ ស្ថិតនៅម្តុំសន្ធម៉ុក រាជធានីភ្នំពេញ ជាមួយយុវវ័យជាអ្នកគាំទ្រនាងជាច្រើននាក់ ។ ក្រុមអ្នកគាំទ្រមានឱកាសបានជួបជជែកជាមួយតារាចម្រៀង រូបនេះដោយផ្ទាល់ជាមួយអារម្មណ៍រំភើបរីករាយ និងបានឃើញច្បាស់ថា នាងមិនមានពពោះទេ ។

នាងសុខ ពិសី ស្លៀកខោខ្មៅ ពាក់អាវខ្មៅ មានប៉ាក់ពណ៌សនៅលើស្មា និងបើករថយន្តម៉ាករ៉េនរ៉ូវើរ ពណ៌ស ទៅហាងនោះដោយផ្ទាល់ ដោយមិនមានអង្គរក្សហែហមទេ និងបង្ហាញអារម្មណ៍រីករាយ ។អ្នកគាំទ្រ សុខ ពិសី ម្នាក់និយាយថា នាងបានត្រឡប់ពីក្រៅប្រទេសមក ដល់កម្ពុជាកាលពីបីបួនថ្ងៃមុន តែដោយសារនាងរៀបចំខ្លួនមិនទាន់ ទើបមិនអាចមកជួបក្រុមអ្នកគាំទ្រតាមការ សន្យាបានដូចការគ្រោងទុក ។

អ្នកគាំទ្រម្នាក់នេះនិយាយថា គេស្រឡាញ់សុខ ពិសី ណាស់ ហើយមិនចង់ឱ្យអ្នកណាគិតអាក្រក់ចំពោះនាងឡើយ ។ ដូច្នេះហើយទើបគ្រាន់តែបានជួបមុខគ្នាភ្លាម ក៏បង្ហោះរូបថតតាមហ្វេសប៊ុកដើម្បីបន្សាបព័ត៌មានដែលរិះគន់យ៉ាងចាស់ដៃទៅលើសុខ ពិសី ថានាងកំពុងពពោះនោះ ។ក្នុងឱកាសនោះ សុខ ពិសី បានថ្លែងពីការនឹករលឹកដល់ក្រុមអ្នកគាំទ្ររបស់នាង ដូច្នេះហើយទើបនាងទៅជួបមុខពួកគេក្រោយពីចុះពីលើយន្តហោះមកពីប្រទេសសិង្ហបុរី មិនបានប៉ុន្មានថ្ងៃផងនោះ ។

សុខ ពិសី មិនបានបញ្ជាក់ពីការខឹងចំពោះពាក្យចចាមអារ៉ាមកន្លងមកឡើយ ដោយនាងបញ្ជាក់ថា បញ្ហាទាំង អស់គឺបណ្តាលមកពីនាងរវល់ស្ទើរដកឃ្លាមិនរួចនឹងរឿងរៀនជំនាញខាងកែសម្ផស្ស ហើយមិនមានពេលបង្ហាញមុខទើបធ្វើឱ្យគេមានការយល់ច្រឡំបែបនេះ ។តារាចម្រៀងរូបនេះបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្រខ្លួនថា ធម្មតាតែពេលណាបាត់មុខយូរប្រាកដជាមានអ្នកគិតអាក្រក់ ប៉ុន្តែសំខាន់ឱ្យតែនាងមិនដូចអ្វីដែលគេនិយាយ ហើយក្រុមអ្នកគាំទ្រជឿជាក់ចំពោះនាងនោះគឺគ្រប់គ្រាន់ហើយ ។

តំណាងអ្នកគាំទ្រតារាចម្រៀងរូបនេះម្នាក់អះអាងថា គេមិនទាន់បានឃើញរូបថតណាមួយដែលបញ្ជាក់ថា សុខ ពិសី ស្នាក់នៅក្នុងប្រទេសសិង្ហបុរី នៅឡើយទេ ប៉ុន្តែពួកគេនៅតែជឿថា សុខ ពិសី ពិតជាសម្ងំនៅក្នុងប្រទេសនោះប្រាកដមែន ដោយពួកគេបដិសេធលើការអះអាងនានាថា បានឃើញសុខ ពិសី បង្ហាញខ្លួននៅទីកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈពេលដែលនាងបាត់មុខជិតបីខែនោះ ។

ទាក់ទងការបង្ហាញមុខរបស់សុខ ពិសី នេះ លោកឡាយ សុខចំរើន ជាអ្នកចាត់ការទូទៅក្នុងផលិតកម្មសាន់ដេ ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ចំពោះព័ត៌មាននៃការលេចមុខសុខ ពិសី ជាមួយអ្នកគាំទ្ររបស់នាងនោះ លោកមិនបានដឹងឡើយ ហើយលោកក៏មិនទាន់បានព័ត៌មានច្បាស់ពីសុខ ពិសី ឡើយ គ្រាន់តែលោកដឹងថាមាការបង្ហោះរូបតាមហ្វេសប៊ុកពីការជួបជុំគ្នាមួយរវាងសុខ ពិសី និងអ្នកគាំទ្ររបស់នាងប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក្តី គេនៅតែមានមន្ទិលនៅឡើយ ដោយហេតុថា មិនទាន់បានឃើញសុខ ពិសី ដោយផ្ទាល់ភ្នែកនៅឡើយ ។ ទន្ទឹមនេះគេនៅតែមិនជឿថា សុខ ពិសី ពិតជាគ្មានពពោះឡើយដរាបណានាងនៅតែមិនទាន់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដូចអ្វីដែលនាងធ្លាប់បានអះអាងនោះ ។ យកល្អរឿងទូរទស្សន៍តែម្តងទៅ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី