ពេលប្រលងជាពេលវេលា និងជាបទពិសោធន៍មួយ ដែលតានតឹងបំផុត។ មិនត្រឹមតែប៉ះពាល់អារម្មណ៍ប៉ុណ្ណោះទេ  វាអាចបណ្តាលឲ្យអ្នកធ្វើមិនបានល្អ លើកិច្ចការប្រលងថែមទៀតផង។

ហេតុនេះទើបថ្ងៃនេះ យើងនឹងលើកឡើង នូវគន្លឹះមួយចំនួន ដែលជួយឲ្យអ្នកដោះស្រាយអារម្មណ័តានតឹង  និងភិតភ័យ  រាល់ពេលប្រលងបានដូចខាងក្រោម៖ 

១. ត្រូវប្រាកដថាត្រៀមខ្លួនរួចរាល់

អ្នកគួរតែមានបច្ចេកទេស ក្នុងការរៀនឲ្យបានត្រឹមត្រូវ និងមិនត្រូវចាំដល់ថ្ងៃប្រលង ទើបប្រឹងដាច់យប់មើលមេរៀននោះទេ។   អ្នកត្រូវតែចេះរៀបចំ  និងមើលមេរៀនឲ្យរួចស្រេច ដើម្បីធានាថាអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ការប្រលង។

២. អ្វីដែលអ្នកមិនត្រូវភ្លេច

មានដូចជាប៊ិចប្រមាណជា ២ដើម នាឡិកាទុកសម្រាប់មើលម៉ោងមួយ  និងប្រអប់ប៊ិចថ្លាមួយ  (រួមទាំងម៉ាស៊ីនគិតលេខ ក្នុងមុខវិជ្ជាមួយចំនួន)។  ជាពិសេសគឺមិនត្រូវភ្លេច ដបទឹកឡើយ  ដើម្បីការពារការរំខានពីបញ្ហាខ្សោះជាតិទឹកពេលប្រលង។

៣. អាននិងអនុវត្តតាមសេចក្តីណែនាំ ឲ្យបានត្រឹមត្រូវ

អារម្មណ៍របស់អ្នកនឹងស្ងប់ ទាំងមុន និងក្រោយប្រលង ប្រសិនបើអ្នកមើលសេចក្តីណែនាំក្នុងក្រដាសប្រលងបានល្អិតល្អន់ និងអនុវត្តតាមបានត្រឹមត្រូវ។  ជាពិសេស ត្រូវពិនិត្យមើលក្រដាសទាំងមុខទាំងក្រោយ ឲ្យបានសព្វជ្រុងជ្រោយ។

អ្នកត្រូវឆ្លើយសំនួរ ដែលអ្នកដឹងចម្លើយមុនគេ  ជាពិសេសប្រសិនបើសល់ពេល ត្រូវពិនិត្យមើលចម្លើយឡើងវិញម្តងទៀត។

៤. ពត់ដៃពត់ជើងខ្លះ

ការធ្វើលំហាត់ប្រាណតិចតួច ជាវិធីបំបាត់ភាពតានតឹង  និងអារម្មណ៍ភ័យខ្លាច បានយ៉ាងមានប្រសិទ្ធភាព។   ហេតុនេះប្រសិនបើលោកគ្រូអ្នកគ្រូ អនុញ្ញាតឲ្យអ្នកអាចចេញមកក្រៅបាន អ្នកគួរពត់ដៃពត់ជើង លោតចុះលោតឡើងមួយភ្លែត ដើម្បីឲ្យភាពតានតឹងរសាយបាត់អស់។

៥. ដកដង្ហើម

ប្រសិនបើអ្នកចង់ឲ្យមានអារម្មណ៍ស្ងប់ពេលប្រលង  អ្នកគ្រាន់តែដកដង្ហើមចូលឲ្យវែង តាមច្រមុះរួចទប់វាឲ្យបាន ២ ទៅ ៣ វិនាទី សឹមបញ្ចេញវាចេញមកតាមមាត់វិញ។  អ្នកអាចធ្វើ ២ ឬ ៣ ដងមុនពេលប្រលង  ឬពេលអ្នកមានអារម្មណ៍តឹងតែងពេលប្រលងក៏បាន។

៦. គ្រប់គ្រងសរសៃប្រសាទរបស់អ្នក

សូមអ្នកកុំបណ្តោយឲ្យអារម្មណ៍ភ័យ រសាប់រសល់ គ្រប់គ្រងអ្នកពេលប្រលងឲ្យសោះ។  ឲ្យតែអ្នកព្យាយាមដកដង្ហើមវែងៗ  និងបញ្ឈប់ការគិតបែបអវិជ្ជមានចេញឲ្យអស់ អ្នកនឹងជោគជ័យជាមិនខាន។  ប្រសិនបើអ្នកមិនអាចងើបចេញពីកៅអីប្រលងបានទេនោះ  អ្នកអាចគោះជើងលេងៗ  ដើម្បីសម្រួលអារម្មណ៍របស់អ្នក។ អ្នកអាចក្តាប់ដៃឲ្យខ្លាំង រួចបន្ធូរម្តងបន្តិចៗ  ក៏អាចជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាល បានខ្លះដែរ។

៧. គេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃប្រលង

អ្នកត្រូវចូលគេងឲ្យបានលឿន និយាយរួមគឺគេងឲ្យបានគ្រប់គ្រាន់ នៅមុនថ្ងៃប្រលង ពីព្រោះមានតែ ការសម្រាកបានគ្រប់គ្រាន់ទេ ទើបអាចឲ្យអ្នកប្រមូលអារម្មណ៍ប្រលង និងធ្វើកិច្ចការបានពិន្ទុល្អ។

៨. បរិភោគអាហារឲ្យបានត្រឹមត្រូវ

អាហារដែលអ្នកបរិភោគ មុនពេលប្រលង ក៏មានឥទ្ធិពលដល់អ្នកបានដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ហើមពោះ និងឃ្លាន អ្នកនឹងកាន់តែស្រ្តេសជាមិនខាន។ អ្នកត្រូវចៀសវាង ទទួលទានច្រើនជ្រុល និងតិចជ្រុល រួចងាកមកទទួលទានអាហារ ដែលសំបូរសារធាតុចិញ្ចឹមវិញ ដូចជាត្រី សាច់គោ និងបន្លែបៃតង។

៩. កុំមើលមេរៀន មុនពេលចូលប្រលង មុនមួយម៉ោងឲ្យសោះ

ប្រសិនបើមួយអាទិត្យមុន មិនមើលមេរៀន ឬក៏មើលមិនចាំផងនោះ ទោះមើលមួយម៉ោង មុនពេលចូលប្រលងក៏មិនចាំដែរ។ ជំនួសមកវិញ អ្នកគួរប្រើពេលនោះ មកបន្ធូរបន្ថយអារម្មណ៍រសាប់រសល់ និងអារម្មណ៍តានតឹងរបស់អ្នកវិញ ទើបជាការប្រសើរ។

១០. កុំព្យាយាមនិយាយ ឬសួរ អ្នកប្រលងជាមួយគ្នាឲ្យសោះ

ក្នុងករណីដែលអ្នកអើត ក ងាកក្រោយឆ្វេងស្តាំ ទៅពិភាក្សាគ្នា ជាមួយនឹងអ្នកប្រលងដទៃទៀតនោះ គឺមានន័យថា អ្នកកំពុងតែធ្វើឲ្យខ្លួនឯង ភ័យ រសាប់រសល់ដោយមិនដឹងខ្លួនហើយ ហេតុនេះសូមអ្នកចៀសវាងទង្វើនេះ រួមព្យាយាមសរសេរនូវអ្វី ដែលអ្នកចេះវិញប្រសើរជាជាង៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]