ខេត្តកណ្តាលៈ បុរសវ័យក្មេងម្នាក់ បន្ទាប់ពីប្រពន្ធមាននិងកូនរត់ចោល ធ្លាក់ខ្លួនប្រែជាមានសតិមិនគ្រប់ រហូតឈានទៅធ្វើសកម្មភាព អារកសម្លាប់ដោយខ្លួនឯង ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១និង២០នាទី យប់ថ្ងៃទី៤ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងលំនៅឋាន របស់ជនរងគ្រោះ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ទៀង រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ ជាមនុស្សសតិមិនគ្រប់ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បន្ទាប់ពីកើតហេតុ ត្រូវក្រុមគ្រួសារ ដឹកបញ្ជូនតាមរថយន្តសង្រ្គោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ កាល់ម៉ែត ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ ។

បើតាមសាច់ញាតិជនរងគ្រោះ ប្រាប់នគរបាលនោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធនិងកូនរបស់ជនរងគ្រោះទៅចោល ទុកឲ្យជនរងគ្រោះនៅផ្ទះម្នាក់ឯង ក្រោយមក ក៏ប្រែជាមានសតិ ហាក់បីដូចជាមិនល្អ ពេលនោះឪពុកម្តាយជនរងគ្រោះ ក៏នាំទៅឲ្យលោកសង្ឃស្រោចទឹក លុះត្រឡប់មកវិញ មិនហ៊ានឲ្យដេកនៅ ផ្ទះម្នាក់ឯងនោះទេ ដោយឲ្យមកដេកនៅជាមួយ លុះយប់ថ្ងៃកើតហេតុ ខណៈកំពុងតែដេកលង់លក់ ស្រាប់តែឮសំឡេងជនរងគ្រោះ ស្រែកឲ្យជួយផង នៅក្នុងផ្ទះរបស់ គេទៅវិញ ដែលនៅក្បែរគ្នានោះ ពេលឪពុកម្តាយ រួមនិងបងប្អូននាំគ្នាទៅមើល ស្រាប់តែឃើញទ្វារជាប់គន្លឹះ រួចក៏នាំគ្នាគាស់ចូល ឃើញជនរងគ្រោះដេកក្នុង ថ្លុកឈាម ដោយមានស្នាមអារក និងកាំបិតខ្វាវ ប៉ុន្តែនៅមានដង្ហើម ក៏នាំគ្នាហៅរថយន្តសង្រ្គោះ ដឹកយកជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែត ជាអកុសលពេល ទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចដឹកបញ្ជូនយកមកធ្វើបុណ្យវិញ នៅលំនៅឋានតាមប្រពៃណី៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]