អាមេរិក៖ លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក Donald Trump គឺជាអ្នកចូលចិត្ដកីឡាវាយកូនហ្គោលម្នាក់ ហើយចំនែកឯកូនប្រុសរបស់លោកវិញ ទំនងជាអ្នកគាំទ្រកីឡាដ៏ទៃទៀតនៅក្នុងចក្រភពអង់គ្លេស នោះគឺកីឡាបាល់ទាត់។ 

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  រូបភាពមួយសន្លឹករបស់កូនប្រុស Donald Trump ដែលមានវ័យត្រឹម១១ឆ្នាំ ឈ្មោះថា Barron Trump ត្រូវបានគេប្រទះឃើញស្លៀកពាក់ឈុតរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងសេតវិមាន White House កាលពីថៃ្ងច័ន្ទកន្លងទៅ ក្នុងពិធីបុណ្យ Easter Egg ។

រូបភាពមួយសន្លឹកនេះ ត្រូវបានបង្ហោះតាមរយៈបណ្ដាញសង្គម Twitter របស់អ្នកនាង Dana McKay ដែលធើ្វការជា DJ ក្នុងវិទ្យុ DC ដោយក្នុងនោះ នាងបានអះអាងថា ប្ដីរបស់នាងបានទៅថតរូបភាពនេះ ក្នុងសេតវិមាន កាលពីថ្ងៃច័ន្ទ។

បើទោះជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់អ្វីមួយឡើយថា Barron Trump ក្លាយជាអ្នកគាំទ្ររបស់ក្លឹបកាំភ្លើងធំ Arsenal តាំងពីពេលណានោះទេ។  

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោកប្រធានាធិបតី Donald Trump ទើបតែសម្រេចធើ្វការស្នើសុំធើ្វជាម្ចាស់ផ្ទះ ការប្រកួតពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២៦ ដោយក្នុងនោះរួមមានប្រទេស ម៉ិកស៊ិក កាណាដា ក៏ចង់ចូលរួមធើ្វជាម្ចាស់ផ្ទះរួមជាមួយសហរដ្ឋអាមេរិក ផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]