អាការៈយំដោយឯកឯង ទាំងគ្មានហេតុផល ញឹកញាប់ អាចជាសញ្ញាបញ្ហាញពីបញ្ហាសុខភាពរបស់មនុស្សបាន។

អត្ថបទមួយនេះ នឹងលើកឡើងពីបញ្ហាសុខភាពមួយចំនួន ដែលបណ្តាលឲ្យអ្នកស្រក់ទឹកភ្នែកដោយគ្មានហេតុផល រួមជាមួយនឹងដំណោះស្រាយខ្លះផងដែរ ៖ 

# មូលហេតុ

១. ជំងឺធ្លាក់ទឹកចិត្ត

ភាគច្រើន អ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ នឹងជួបប្រទះ អារម្មណ៍ស្ពឹកៗ ច្រើនជាងការយំ។ ប៉ុន្តែ ក៏នៅមានមួយចំនួនផ្សេងទៀត ជួបប្រទះការយំ ដោតគ្មានហេតុផលនេះដែរ។

ខាងក្រោមនេះជារោគសញ្ញាជំងឺធ្លាក់ទឹកចិត្តមួយចំនួន ដែលអ្នកគួរតែសង្កេតបន្ថែម ដើម្បីទទួលបានការព្យាបាលទាន់ពេល ៖

• មានអារម្មណ៍មិនសប្បាយចិត្ត ស្ទើរតែរាល់ពេល រាល់ថ្ងៃ

• មានអារម្មណ៍អស់សង្ឃឹម

• គ្មានកម្លាំង

• គ្មានភាពរីករាយ ទោះបីជាស្ថិតក្នុងកាលៈទេសៈរីករាយក៏ដោយ

• មិនអាចគ្រប់គ្រងទឹកភ្នែកបាន

• អារម្មណ៍មិនមូល

• ចេះតែចង់គេង

• ឈឺក្បាល

• មានបញ្ហាប្រព័ន្ធរំលាយអាហារ

• ថយចុះចំណង់ផ្លូវភេទ

• គិតចង់ស្លាប់ជាញឹកញាប់

ប្រសិនបើអ្នកមានអាការៈបែបនេះ គួបផ្សំជាមួយបញ្ហាយំ គ្មានហេតុផលនោះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយ គ្រូពេទ្យឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

២. ជំងឺរសាប់រសល់

មនុស្សដែលមានជំងឺរសាប់រសល់ ស្លន់ស្លោរនេះ ជានិច្ចជាកាលយំ ដោយគ្មានហេតុផល ដោយសារតែអារម្មណ៍ភ័យខ្លាច ហួសហេតុ។ ភាគច្រើន វាជាអារម្មណ៍ខ្លាច សឹងតែចង់ដាច់ខ្យល់ស្លាប់។

អ្នកគួរតាមដាន រោគសញ្ញាជំងឺស្លន់រសាប់រសល់បន្ថែមដូចខាងក្រោមនេះ ៖

• គ្មានកម្លាំងកំហែង

• រសាប់រសល់ នៅមិនសុខ

• មានអារម្មណ៍តក់ស្លុត និងខ្លាចខ្លាំង

• ដកដង្ហើមញាប់ និងខ្លាំងៗ ពេលទទួលរងការភ័យខ្លាច

• ចង្វាក់បេះដូងលោតញាប់ជាងធម្មតា

• ញ័រខ្លួន

• បែកញើសមិនឈប់

• អារម្មណ៍មិនមូល

ប្រសិនបើអ្នកមានអាការៈបែបនេះ គួបផ្សំជាមួយបញ្ហាយំ គ្មានហេតុផលនោះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយ អ្នកជំនាញខាងផ្នែកចិត្តសាស្រ្ត ឬគ្រូពេទ្យឲ្យបានឆាប់រហ័ស ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

៣. ភាពតានតឹង (ស្រ្តេស)

អ្នកជំនាញជាច្រើន ក៏បានលើកឡើងដែរថា បញ្ហាស្រ្តេស ក៏អាចបណ្តាលឲ្យមនុស្សយំ គ្មានហេតុផលបានដែរ។ ស្ថានភាពឈ្លោះប្រកែកគ្នា ដែលបណ្តាលឲ្យមានភាពតានតឹង ក្នុងអារម្មណ៍ផ្ទៃក្នុង អាចបណ្តាលឲ្យអ្នកស្រក់ទឹកភ្នែក ទាំងមិនដឹងដឹងខ្លួន។ ហេតុនេះ សូមអ្នកកុំបណ្តោយខ្លួន ឲ្យអាការៈស្រ្តេស គ្រប់គ្រងអ្នកឲ្យសោះ ពីព្រោះក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងជំងឺពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារបាន។

៤. អាការៈមុនមករដូវ

ស្រ្តីប្រមាណជា ២០ ទៅ ៤០ ភាគរយ ជួបប្រទះនូវបញ្ហាមួយចំនួនមុនមករដូវ ដូចជាអាករៈឈឺក្បាល និងហើមពោះ ព្រមទាំងបញ្ហាយំដោយគ្មានហេតុផលផង។ នៅថ្ងៃមករដូវ អ្នកនឹងមានអារម្មណ៍ធូរស្បើយជាងមុនខ្លះ និងលែងមានអារម្មណ៍ចង់យំទៀតហើយ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរតែទៅពិគ្រោះជាមួយនឹង គ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា អ្នកមិនមានបញ្ហាអ្វីធ្ងន់ធ្ងរជាងនេះ។

៥. គេងមិនគ្រប់

មនុស្សធំ មិនខុសពីទារកប៉ុន្មានទេ គឺយើងក៏យំ ដោយសារភាពហត់នឿយ និងអស់កម្លាំងដែរ។ ប្រសិនបើអ្នកស្រាប់តែស្រក់ទឹកភ្នែកមកទាំងគ្មានហេតុផលសោះ អ្នកប្រហែលជាមិនបានគេងគ្រប់គ្រាន់ពីយប់មកទេ។ អ្នកដែលគេងមិនគ្រាប់គ្រាន់ ត្រឹម ៤ ទៅ ៥ ម៉ៅងជារៀងរាល់យប់សុទ្ធតែប្រឈមនឹងបញ្ហាយំ គ្មានហេតុផល។ ហេតុនេះ សូមអ្នកព្យាយាមគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ៗ។

*** គ្មានជម្រើសណា ដែលល្អប្រសើរជាង ទៅជួបជាមួយគ្រូពេទ្យជំនាញនោះទេ។ ទន្ទឹមនឹងនោះដែរ សូមអ្នកព្យាយាមធ្វើចិត្តឲ្យរីករាយ ជាមួយមនុស្សជុំវិញ ឬសរសេរអារម្មណ៍ចេញមកក្នុងសៀវភៅកំណត់ហេតុ ក៏ជាការប្រសើរ៕ 

ប្រភព៖ New Health Advisor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]