ថៃ៖  កាលពីពេលថ្មីៗនេះវីដេអូឃ្លីបគួរឲ្យខ្លាចមួយ បង្ហាញសកម្មភាពគ្រូពេទ្យចាប់ច្របាច់យកខ្ទុះចេញពីលើថ្ងាសនារីម្នាក់ ដែលបានចាក់ថ្នាំបំបាត់ភាពជ្រីវជ្រួញ តែបានឆ្លងមេរោគ  ត្រូវគេបង្ហោះចែកចាយលើអ៊ីនធើណេត  ធ្វើឲ្យអ្នកទស្សនាហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គួរឲ្យដឹងថានាង Nong Guang ជនជាតិថៃអាយុ៤១ឆ្នាំ  បានចាក់ថ្នាំបំពេញត្រង់បរិវេណថ្ងាស ​ដើម្បីកាត់បន្ថយភាពជ្រីវជ្រួញលើផ្ទៃមុខ ប៉ុន្តែទើបបានរយៈពេល២ឆ្នាំ ក៏ប្រែក្លាយជាឡើងដុំពកទន់ៗទៅវិញ។

នាង Nong Guang បានសម្រេចចិត្តទៅកាន់គ្លីនិកមួយកន្លែងក្នុងប្រទេសថៃ ដើម្បីពិនិត្យមើល។ ខាងគ្លីនីកសម្រស់ខាងលើរកឃើញថា នាងបានឆ្លងមេរោគដោយសារការចាក់ថ្នាំកាលពីលើកមុននោះ ហើយដំណោះស្រាយត្រូវធ្វើការវះកាត់ច្របាច់យកសារធាតុខ្ទុះទាំងអស់នោះចេញ ពីក្នុងថ្ងាសចេញជាបន្ទាន់។

គ្រូពេទ្យបានចំណាយពេលប្រមាណ១០នាទី ទើបអាចច្របាច់យកខ្ទុះចេញអស់ និងបានដេរភ្ជាប់សាច់វិញ ដើម្បីការពារកុំឲ្យឆ្លងមេរោគ ទៅកាន់កន្លែងផ្សេងទៀត។

នាង Guang និយាយថា «ខ្ញុំបានចាក់ថ្នាំបំពេញលើថ្ងាស បំបាត់ភាពជ្រីវជ្រួញនេះ បានរយៈពេល២ឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ វាមានអារម្មណ៍ថា ឈឺចុកចាប់យ៉ាងខ្លាំង ទើបខ្ញុំសម្រេចចិត្តមកជួបគ្រូពេទ្យតែម្តង។ ថ្ងាសរបស់ខ្ញុំស្ទាបទៅទន់ៗ ដោយសារតែការឆ្លងមេរោគ ហើយគ្រូពេទ្យមានប្រសាសន៍ថា វាពិតជាបញ្ហាគ្រោះថ្នាក់ណាស់»

នាងបន្តថា «វាពិតជាឧស្សាហ៍ឈឺចាប់ខ្លាំងណាស់ ជាហេតុធ្វើឲ្យខ្ញុំចេះតែយកដៃចុចអង្អែលវា ហើយវាផតៗពេលដែលចុចប៉ះវា។ ប៉ុន្តែពេលនេះ ខ្ញុំមានអារម្មណ៍ថា រីករាយខ្លាំងមែនទែន ដែលអាចជួសជុលការខូចខាតទាំងអស់នេះ ត្រឡប់មករកសភាពដើមវិញបាន»

គួរឲ្យដឹងដែរ បច្ចុប្បន្នអាការៈរបស់នាង Guang បានធូរស្បើយច្រើនជាងមុនផងដែរ បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះនាងទាន់ពេលវេលា។ នេះក៏ជាសារមួយជួយដាស់តឿនស្មារតី ដល់សុភាពនារីក៏ដូចជាសុភាពបុរសទាំងឡាយ ដែលចង់បានរូបសម្រស់ស្រស់ស្អាត គួរណាស់ត្រូវមានការគិតពិចារណាឡើងវិញ មុននឹងសម្រេចចិត្តចាក់ថ្នាំ  ចៀសវាងដូចករណីនារីរងគ្រោះខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]