មានហេតុផលជាច្រើនដែលធើ្វឲ្យមនុស្សសម្រេចផ្លាស់ប្ដូរការងារ។ សព្វថៃ្ងនេះ វាមិនមែនជារឿងធម្មតាទេដែលមនុស្សម្នាក់ៗអាចរកការងារបាន ហើយធើ្វរហូតដល់ស្លាប់នោះទេ។

មានកត្ដាជាច្រើនក្នុងជីវិតរស់នៅរបស់យើង ជាមួយនឹងភាពបត់បែន នឹងសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ គឺនៅតែមានមនុស្សមួយចំនួនដែលសម្រេចចិត្ដផ្លាស់ប្ដូរការងារទៅកន្លែងផ្សេង ទោះបីជាការងារនោះ គឺជាការងារដែលពួកគេស្រលាញ់ក៏ដោយ។ មូលហេតុដែលធើ្វឲ្យពួកគេសម្រេចបោះបង់ចោលការងារនោះ គឺមិនមែនមកពីបញ្ហាប្រាក់ខែ ឫទីកន្លែងនោះទេ។

ទាំងនេះគឺជាហេតុផល ៧យ៉ាង ដែលបុគ្គលិកសម្រេចសុំលាឈប់ ទោះបីការងារនោះគឺជាការងារដែលពួកគេស្រលាញ់ក៏ដោយ៖

១. មើលងាយ នឹងមិនឲ្យតម្លៃបុគ្គលិក

នៅពេលដែលអ្នកត្រូវបានគេចាត់ទុកដូចអ្នកបម្រើ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានតម្លៃ សាកសមជាមនុស្សនោះទេ។ ពេលខ្លះ និយោជក ខ្វល់តែពីប្រាក់ចំណេញ លទ្ធផល និងផលិតផលតែប៉ុណ្ណោះ។ ថ្វីត្បិតតែកត្ដាទាំងនេះ ជាចំនុចដែលធើ្វឲ្យក្រុមហ៊ុនរីកចម្រើន ប៉ុន្ដែចំពោះបុគ្គលិកវិញ នឹងពិបាកក្នុងការសម្រេចបានលទ្ធផលទាំងនេះណាស់ ប្រសិនបើក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកធើ្វការខ្លាំងប្រៀបដូចជាធើ្វបាបពួកគេ។ បុគ្គលិកគឺជាមនុស្ស ដូច្នេះពួកគេតែងមានសេចក្តីថ្លៃថ្នូរ និងចង់ឲ្យមានការលើកទឹកចិត្តពីក្រុមហ៊ុន។

២. ធើ្វការលើសកំណត់

បើទោះបីបុគ្គលិកល្អ ធើ្វការលឿនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីការធើ្វការងារលើសម៉ោងដែរ។ ជាញឹកញាប់ បុគ្គលិកឆ្នើមតែងតែមានការប្ដេជ្ញាចិត្ដ និងធើ្វយ៉ាងណាឲ្យក្រុមហ៊ុនទុកចិត្ដខ្លួនបំផុត ដោយខំប្រឹងធើ្វការងារឲ្យបានល្អ។ ប៉ុន្ដែប្រសិនបើបុគ្គលិកឆ្នើមនោះ មានអារម្មណ៍ថា ខ្លួនកំពុងតែធើ្វការច្រើនម៉ោងទៅៗ ពោលគឺធើ្វការលើសកំណត់ ពីមួយថៃ្ងទៅមួយថៃ្ង ជាពិសេសនៅពេលដែលខំធើ្វការហើយ បែរជាមិនមានការយកចិត្ដទុកដាក់ពីចៅហ្វាយនោះ ពួកគេអាចនឹងមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានគេយកផលប្រយោជន៍នៃការខិតខំរបស់ខ្លួន។ ដូច្នេះគេអាចនឹងពិចារណាលាឈប់ ទោះបីវាជាការងារដែលខ្លួនពេញចិត្ដក៏ដោយ។

៣. មិនមានការតម្លើងតួនាទី

ប្រាកដណាស់ បុគ្គលិកមិនចង់ធើ្វការងារអ្វីដដែលៗ ពីមួយថៃ្ង ទៅមួយថៃ្ង រាប់ឆ្នាំនោះទេផ្ទុយទៅវិញ ពួកគេតែងតែចង់យល់ដឹង និងចង់បង្កើនសមត្ថភាពក្នុងអាជីពរបស់ពួកគេ។

ជាធម្មតា បុគ្គលិកដែលចូលធើ្វការមុនដំបូង ក្រុមហ៊ុនតែងតែហ្វឹកហាត់ពួកគេជាមុន ដូច្នេះពួកគេអាចពង្រឹងនូវជំនាញ ក៏ដូចជាបទពិសោធន៍របស់គេផងដែរ។ ពួកគេចង់ពង្រឹងសមត្ថភាពរបស់គេ ក្នុងស្ថាប័នដែលពួកគេធើ្វការឲ្យ ពោលគឺចង់បានអ្វីមួយ ដែលពួកគេខិតខំប្រឹងប្រែងធើ្វការ ពីមួយថៃ្ងទៅមួយថៃ្ងនោះ។ ប្រសិនបើការងារដែលពួកគេធើ្វនោះ ពុំមានផ្ដល់ឱកាសក្នុងការតម្លើងតួនាទីទេ ពួកគេនឹងបាត់បង់ទឹកចិត្ត និងអស់អារម្មណ៍ធើ្វការ ហើយអាចនឹងសុំលាឈប់ក៏ថាបាន។

៤. មិនមានការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក

ទោះបីជាមនុស្សអាត្មានិយម ក៏នៅតែចង់បានការទទួលស្គាល់ ឫក៏រង្វាន់ សម្រាប់ការបំពេញការងារបានល្អដែរ។ ពេលខ្លះ ត្រឹមតែពាក្យ អរគុណ ដែលជាពាក្យលើកទឹកចិត្ដនោះ ក៏អាចធើ្វឲ្យអ្នកមានអារម្មណ៍ល្អ ក្នុងការខំប្រឹងធើ្វការងាររបស់អ្នកបន្ដដែរ។ នៅពេលដែលបុគ្គលិក មិនទទួលបាននូវការទទួលស្គាល់វិញនោះ និយោជក មិនត្រឹមតែបរាជ័យក្នុងការដាស់ស្មារតីបុគ្គលិកប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ការធើ្វការក្នុងក្រុមហ៊ុនទាំងមូលថែមទៀតផង។ 

ទោះបីជាអ្នកមិនមានជាប្រាក់លើកទឹកចិត្ដ ក៏នៅមានវិធីមួយចំនួនទៀតដែរ ដែលអាចធើ្វឲ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេត្រូវបានទទួលស្គាល់ពីសំណាក់និយោជក ដូចជាតាម ពាក្យសម្ដីលើកទឹកចិត្ដ និយាយទៅកាន់បុគ្គលិក ជាដើម។

៥. គ្មានការទុកចិត្ដពីបុគ្គលិក

បុគ្គលិកដែលឆ្នើម នឹងសម្លឹងមើលទៅលើអត្ដចរិក ការប្ដេជ្ញាចិត្ដ និងការសម្រេចចិត្តរបស់និយោជក។ ប្រសិនបើពួកគេដឹងថា និយោជក ធើ្វអ្វីមួយមិនពិតប្រាកដជាមួយអតិថិជន ភូតភរជាមួយនឹងភាគីពាក់ពន្ធ ស៊ីសំណូកជាមួយនឹងនរណាម្នាក់នោះ បុគ្គលិកឆ្នើមនោះ នឹងបាត់បង់ការទុកចិត្ត ហើយសុំឈប់។ ចំនែក ក្រុមហ៊ុនអាចនឹងជួបហានិភ័យ ដោយសារតែមិនមានបុគ្គលិកល្អ ធើ្វការ។

៦. តម្លើងតួនាទីឲ្យបុគ្គលិកខុស

ក្រុមហ៊ុនខ្លះ គឺទម្លាប់តម្លើងតំណែងឲ្យបុគ្គលិកខុស ដែលយើងអាចនិយាយបានថា ឡើងតាមខែ្ស។ ជាទូទៅគេតែងតែនិយាយថា ចៅហ្វាយល្អ តែងតែតម្លើងតួនាទីដល់បុគ្គលិកឆ្នើម។ ប៉ុន្ដែសព្វថៃ្ងនេះ ការតម្លើងតួនាទីរបស់បុគ្គលិក ភាគច្រើនធើ្វឡើងតាមរយៈខែ្សស្រឡាយទៅវិញ។ 

ពេលខ្លះបុគ្គលិក ខំប្រឹងធើ្វការបានល្អរាប់ឆ្នាំក៏ដោយ ក៏នៅតែមិនមានការតម្លើងតួនាទី ផ្ទុយទៅវិញ បែរជាបុគ្គលិកដែលទើបនឹងចូលធើ្វការ បានឡើងតំណែង ធើ្វឲ្យបុគ្គលិកដែលខំធើ្វការរាប់ឆ្នាំនោះ មានភាពងឿងឆ្ងល់ នឹងអស់អារម្មណ៍ក្នុងការធើ្វការងារ។

៧. ឋានានុក្រមច្រើនហួសប្រមាណ

នៅពេលដែលឋានៈ សំខាន់ជាងតម្លៃនៃបុគ្គលិកដែលខិតខំប្រឹងប្រែងធើ្វការ ច្បាស់ណាស់ថា ក្រុមហ៊ុននឹងបាត់បង់នូវឱកាសក្នុងការដឹកនាំបុគ្គលិក ពោលគឺបាត់បង់ជំនាញក្នុងការសម្រេចចិត្ដទៅលើអ្វីមួយក្នុងក្រុមហ៊ុន។ 

ភាពជាអ្នកដឹកនាំខ្លាំងនៅក្នុងកន្លែងការងារមួយ គួរតែផ្តល់សិទ្ធិអំណាចខ្លះដល់បុគ្គលិករបស់ខ្លួន ដើម្បីឱ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានមនសិការខ្ពស់ ក្នុងការធើ្វការងារ និងដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។ 

ផ្ទុយទៅវិញ បុគ្គលិក នឹងសុំលាឈប់ នៅពេលដែលពួកគេមានអារម្មណ៍ថា សូម្បីតែរឿងតូចមួយក៏ពួកគេមិនអាចធើ្វបាន ពោលគឺត្រូវឆ្លងកាត់ចៅហ្វាយរបស់ពួកគេជាមុនសិន។

ប្រភព៖ Lifehack | INC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]