(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយ ពីសំណាក់គេហទំព័រព័ត៌មានកម្សាន្ត Khmertalking ដោយបានដាក់ចំណងជើងថា «អស់ទាស់! ចន ច័ន្ទលក្ខិណា ត្រូវបានអភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត ទិញស្បែកជើងតម្លៃ ជាង១ពាន់ដុល្លារ ជូនជាកាដូរ» ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ រួចមក ត្រូវបានមតិអ្នកអានមួយចំនួនធ្វើការរិះគន់ធ្ងន់ៗ ទៅលើរូបលោកអភិបាលខណ្ឌរូបនេះ។ ជាមួយនឹងពាក្យរិះគន់នេះ លោក ឃ្លាំង ហួត បានចេញមុខបកស្រាយ ដោយបានចាត់ទុកថា រឿងនេះ ជារឿងស៊យធំមួយ សម្រាប់រូបលោកក្នុងឆ្នាំថ្មី ហើយស្នើដល់អ្នកព័ត៌មានមើលតម្លៃលុយឲ្យបានច្បាស់។

លោក ឃ្លាំង ហួត បានសរសេរ នៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ដល់កហើយខ្ញុំ ប្ដីចនច័ន្ទ ផ្ដាំទិញស្បែកជើង ផ្ញើប្រពន្ធជាកាដូរចូលឆ្នាំខ្មែរ តម្លៃក្នុងវិក័យប័ត្រ គឺលុយអារ៉ាប់មិនមែនដុល្លាទេ យួរស្បែកជើងមកហត់ចង់ងាប់ បែរជាគេរិះគន់ខ្ញុំគ្មានប្រណី។ ប្ដីចេញលុយ ប្រពន្ធអ្នកពាក់ ខ្ញុំអ្នកទិញ ហើយយួរមកឲ្យ គឺត្រូវបានមតិមួយចំនួនរិះគន់ខ្ញុំ។ មុន និង post មើលផងលោកអឺយលោក ងាប់គេងាប់អែងអស់ហើយ។ ចាត់ទុកជាស៊យសំរាប់ ឆ្នាំចាស់ទៅចុះ»

ទោះបីជាយ៉ាងណាតាមការអះអាងរបស់លោក ឃ្លាំង ហួត គឺមានន័យថា លោកមិនបានចំណាយលុយផ្ទាល់ខ្លួន ដើម្បីទិញរបស់មានតម្លៃ គឺស្បែកជើងមួយគូនេះ ឲ្យតារាសម្ដែង ចន ច័ន្ទលក្ខិណា នោះទេ ពោលគឺជាលុយរបស់ប្ដី ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង ជាអ្នកផ្ញើ និងផ្ដាំឲ្យលោក ឃ្លាំង ហួត ទិញឲ្យស្របពេលដែលលោកអភិបាលខណ្ឌរូបនេះ ទៅលេងនៅប្រទេសអារាប់ និងក្នុងទីក្រុងឌួបៃ។

ប៉ុន្តែបើតាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា ហាក់បានបញ្ជាក់ថា ស្បែកជើងមួយគូ ដែលមានតម្លៃជាង១ពាន់ដុល្លារ (៣៧០០លុយអារ៉ាប់ ឬ 3700 AED) នេះ គឺលោក ឃ្លាំង ហួត ជាអ្នកទិញឲ្យ ព្រោះ ចន ច័ន្ទលក្ខិណា បានបង្ហាញក្ដីរំភើបខ្លាំង ពេលទទួលបានកាដូរនេះ ពីលោក ឃ្លាំង ហួត។

ចន ច័ន្ទលក្ខិណា និយាយថា «ចូលឆ្នាំហើយហេងៗហ្មង មិនដែលប៉ង មិនដែលស្រម៉ៃថា នឹងបានប្រើវាទេ ស្រឡាញ់ណាស់តែមិនហ៊ានប្រាថ្នា ហើយក៏មិនហ៊ានចំណាយលុយលើរបស់ថ្លៃដែរ!! អរគុណបងប្រុស Khliang Huot (ឃ្លាំង ហួត) ដែលបានឲ្យកាដូរឆ្នាំថ្មីមកប្អូនស្រី ហេតុតែចង់ឲ្យប្អូនស្រីមានរបស់ brand ប្រើ ដើម្បីឲ្យចូលចំណោមគេ បងខំទិញពីបរទេសមកឲ្យប្អូន អរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងប្រុស ខ្ញុំដឹងថា មនុស្សប្រុសពិបាក និងមិនចូលចិត្តទិញរបស់មនុស្សស្រី តែបងទិញឲ្យប្អូន ហើយត្រូវចិត្តប្អូនទៀត អត់មានសួរប្អូនទេ តែបងរើសពណ៌ឲ្យប្អូន យ៉ាងពេញចិត្តស្តូកតែម្តង ពណ៌នេះ គឺមិនរើសសម្លៀកបំពាក់ ហើយប្រើបានគ្រប់កម្មវិធី..!»។

តារាសម្ដែងដែល នៅតែរក្សាបានប្រជាប្រិយ និងមន្តស្នេហ៍រយពាន់រូបនេះ បានបន្តទៀតថា «អរគុណខ្លាំងណាស់បង នូវទឹកចិត្តមួយនេះ ខ្ញុំនឹងចងចាំមិនភ្លេច ហើយក៏មិនហ៊ានប្រើទេ ខ្លាចខូច ព្រោះមិនដែលហ៊ានទិញស្បែកជើងថ្លៃទេ ខ្លាចខូច ហើយស្តាយ hashashas ចង់និយាយថា គេងមើលម៉ាយប់ហើយ រហូតដាក់តាមឡានមើលតាមផ្លូវទៀត បងឡុងបង្អាប់ថា អូនឯងទុកមើល ឬទុកពាក់ ឃើញតែអង្អែល និងកាន់មើលរហូត hashashas អត់ហ៊ានពាក់ទេ បើខូចស្តាយណាស់ ព្រោះវាស្អាតពេក !!!! ហេតុតែគ្នាមិនដែលមានស្បែកជើងថ្លៃពាក់..!»។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើស្បែកជើងមួយគូ តម្លៃជាង១ពាន់ដុល្លារនេះ លោក ឃ្លាំង ហួត ជាអ្នកទិញឲ្យ ចន ច័ន្ទលក្ខិណា ដោយចំណាយលុយខ្លួនឯងផ្ទាល់ ឬក៏ទិញតាមការផ្ដាំផ្ញើរបស់ប្ដីនាងនោះទេ ខណៈដែលភាគីទាំងពីរហាក់ចេញមុខបកស្រាយ មិនស៊ីសង្វាក់គ្នាទាល់តែសោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា