ម៉ាឡេស៊ី៖ ប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់ Klang Valley បានកើតការងឿងឆ្ងល់យ៉ាងខ្លាំង និងគិតថាខ្លួនឯងកំពុងតែស្រវាំងភ្នែកក៏ថាបាន នៅពេលដែលពួកគេបានឃើញឡានមួយគ្រឿង មានពណ៌ចម្រុះទៅដោយកូនឡានក្មេងលេងតូចៗជាច្រើនដែលត្រូវបានបិទពីលើនោះ។  ទោះជាយ៉ាងណា វាគឺជាការពិត និងមិនមែនជាការស្រមើស្រមៃនោះទេ!

បន្ទាប់ពីបានឃើញឡាននោះរួចមក គ្រប់គ្នាបានឆ្ងល់ថា តើនរណាជាម្ចាស់របស់វា ហើយហេតុអ្វីបានជាគេតុបតែងឡានទៅជាបែបនេះ?

តាមពិតទៅ រថយន្តមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់លោក Datuk Seri Mahadi Badrul Zaman ដែលជាអ្នកចូលចិត្តឡានតូចៗ គ្រប់ស៊េរី ជាពិសេសគឺប្រភេទឡានប្រណាំង។ បុរសអាយុ ៣៤ឆ្នាំរូបនេះ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Financial Genius Group។ លោកបានចាប់ផ្តើមរក្សាទុកកូនឡានទាំងនេះ តាំងតែពីលោកមានអាយុ ១៣ឆ្នាំមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ លោកមានប្រមាណ ៥ ០០០ កូនឡានឯណោះ។

ដោយសារតែលោកមានកូនឡានតូចៗបែបនេះច្រើន ដូច្នេះលោកក៏បានសម្រេចចិត្តរៀបចំឡានទាំងនេះ ក្នុងរបៀបមួយដែលប្រកបដោយគំនិតច្នៃប្រឌិតបំផុត គឺលោកបានយកកូនឡានទាំង ៥ ០០០គ្រឿងនេះ ទៅបិទពេញលើឡាន Jaguar S-Type របស់លោកតែម្តង។

សម្រាប់អ្នកដែលបានឃើញរថយន្តមួយនេះរួចបានឆ្ងល់ថា តើលោក Datuk Seri Mahadi Badrul Zaman នឹងធ្វើយ៉ាងណាបន្តទៀត ដើម្បីថែរក្សារថយន្តដ៏ចម្លែករបស់លោកនៅក្នុងរដូវវស្សា។ លើសពីនេះ ពួកគេក៏ទន្ទឹងរង់ចាំមើលដែរថា តើស្នាដៃរបស់លោក នឹងកាន់តែចម្លែកបែបណានៅថ្ងៃក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]