ចុចអានព័ត៌មាន UPDATE៖ ក្រោយ​មានការ​រិះ​គន់ លោក ឃ្លាំង ហួត ចេញ​មុខ​​បក​ស្រាយ រឿង​​ទិញ​ស្បែក​​ជើង​តម្លៃ​​ជាង​១​ពាន់​​ដុល្លារ ឲ្យ ចន ច័ន្ទ​​លក្ខិណា

ខាងក្រោមអត្ថបទចាស់

(ភ្នំពេញ)៖ ជាការកត់សម្គាល់ តារាសម្ដែងស្រីដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបច្ចុប្បន្នស្ទើរតែត្រូវបានគេហៅថា «តារាដៃមួយរយ» ពោលគឺមានការងារច្រើនស្អេកស្កះ ក្នុងនោះនាងជាប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម», ជាម្ចាស់ហាង ចន ច័ន្ទសាឡន, ជាពិធីការីនី ជាតារាសម្ដែង, ជាអាជីវករអនឡាញ លក់គ្រឿសំអាង ក្រែមលាបមាត់ ឡេ និងលក់ស្បែកជើង លក់ផ្កាស្រស់ និងផ្កាកន្ត្រកផងដែរ។

តារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា ទើបតែបានបញ្ចប់បេសកកម្មអង្គរសង្ក្រាន្ត ជាមួយស្ថានីយទូរទស្សន៍ បាយ័ន ដែលទទួលបានជោគជ័យ យ៉ាងសម្បើម។ ក្រោយពីចូលឆ្នាំថ្មីរួច មិនទាន់បានប៉ុន្មានថ្ងៃផង អ្នកនាង ក៏ទទួលបានកាដូរពីអភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត ដែលគេស្គាល់ថា ជាមនុស្សចិត្តធម៌ បានទិញជាស្បែកជើងម៉ាកល្បីមួយគូ ពីបរទេស ដែលមានតម្លៃដល់ទៅជាង១ពាន់ដុល្លាអាមេរិក ជូនដល់អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងន័យបញ្ជាក់ពីទឹកចិត្តស្រឡាញ់រាប់អានគ្នា។ ស្បែកជើងមួយគូនោះ ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់៣៧០០ដុល្លារឌូបៃ ដែលមានតម្លៃប្រហែល១០០៧ដុល្លារអាមេរិក ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដល់មហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា។

ចន ច័ន្ទលក្ខិណា បានបរិយាយក្នុងបណ្ដាញសង្គមថា «ចូលឆ្នាំហើយហេងៗហ្មង មិនដែលប៉ង មិនដែលស្រម៉ៃថា នឹងបានប្រើវាទេ ស្រឡាញ់ណាស់តែមិនហ៊ានប្រាថ្នា ហើយក៏មិនហ៊ានចំណាយលុយលើរបស់ថ្លៃដែរ!! អរគុណបងប្រុស Khliang Huot (ឃ្លាំង ហួត) ដែលបានឲ្យកាដូរឆ្នាំថ្មីមកប្អូនស្រី ហេតុតែចង់ឲ្យប្អូនស្រីមានរបស់ brand ប្រើ ដើម្បីឲ្យចូលចំណោមគេ បងខំទិញពីបរទេសមកឲ្យប្អូន អរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងប្រុស ខ្ញុំដឹងថា មនុស្សប្រុសពិបាក និងមិនចូលចិត្តទិញរបស់មនុស្សស្រី តែបងទិញឲ្យប្អូន ហើយត្រូវចិត្តប្អូនទៀត អត់មានសួរប្អូនទេ តែបងរើសពណ៌ឲ្យប្អូន យ៉ាងពេញចិត្តស្តូកតែម្តង ពណ៌នេះ គឺមិនរើសសម្លៀកបំពាក់ ហើយប្រើបានគ្រប់កម្មវិធី..!»

តារាសម្ដែងដែលនៅតែរក្សាបានប្រជាប្រិយ និងមន្តស្នេហ៍រយពាន់រូបនេះ បានបន្តទៀតថា «អរគុណខ្លាំងណាស់បង នូវទឹកចិត្តមួយនេះ ខ្ញុំនឹងចងចាំមិនភ្លេច ហើយក៏មិនហ៊ានប្រើទេ ខ្លាចខូច ព្រោះមិនដែលហ៊ានទិញស្បែកជើងថ្លៃទេ ខ្លាចខូច ហើយស្តាយ hashashas ចង់និយាយថា គេងមើលម៉ាយប់ហើយ រហូតដាក់តាមឡានមើលតាមផ្លូវទៀត បងឡុងបង្អាប់ថា អូនឯងទុកមើល ឬទុកពាក់ ឃើញតែអង្អែល និងកាន់មើលរហូត hashashas អត់ហ៊ានពាក់ទេ បើខូចស្តាយណាស់ ព្រោះវាស្អាតពេក !!!! ហេតុតែគ្នាមិនដែលមានស្បែកជើងថ្លៃពាក់..!»

តាមរយៈការរៀបរាប់របស់ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេសន្និដ្ឋានបានថា នាងរំភើបចិត្តខ្លាំងណាស់ជាមួយនឹងកាដូអនុស្សាវរីយ៍មួយនេះ ព្រោះអ្នកនាងមិនសូវមានរបស់ថ្លៃៗបែបនេះប្រើ ដូចអ្នកសិល្បៈមួយចំនួន ដែលចូលចិត្តអួតនោះទេ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា