កូឡាឡាំពួរ ថ្ងៃទី 10 ខែមេសា ឆ្នាំ2017 ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានចុះហត្ថលេខាជាផ្លូវការក្នុងនាម ជាដៃគូផ្លូវការសម្រាប់ការប្រកួត កីឡាស៊ីហ្គេមលើកទី 29 និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី 9 ដែលជាម្ចាស់ឧបត្ថម្ភនាំមុខក្នុងព្រឹត្តិការណ៍នេះ។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភកម្រិតមាស ក្រុមហ៊ុន AirAsia នឹងផ្ដល់ជូនការដឹកមន្ត្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា នៅប្រទេសម៉ាឡេស៊ី (MASOC) ដែលស្ថិតក្នុងបណ្ដាញហោះហើររបស់ខ្លួនពីបណ្ដាប្រទេសតំបន់អាស៊ាន ក្នុងគោលបំណងរៀបចំដំណើរការ ការប្រកួតកីឡាទាំងនោះ។

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandesថ្លែងថា « AirAsia មានមោទនភាពក្នុងការបម្រើ ការហោះហើរសម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម។ ក្នុងនាមអាកាសចរណ៍ចេញពីអាស៊ាន យើងខ្ញុំគាំទ្រទាំងស្រុង អស់ពីចិត្ត ចំពោះព្រឹត្តិការណ៍ជួបជុំប្រជែង សមត្ថភាពដ៏ធំបំផុតរបស់កំពូលអត្តពលិក និងអត្តពលិកពិកា ប្រចាំតំបន់មួយនេះ។

ការប្រកួតកីឡាជាឧទាហរណ៍ដ៏ល្អមួយនូវអ្វីដែលតំបន់នេះសម្រេចបាន ហើយយើងខ្ញុំមានចិត្តរំភើបរីករាយ ដោយមានឱកាសនេះ ដើម្បីជំរុញការផ្សព្វផ្សាយនូវចក្ខុវិស័យតែមួយដូចគ្នាតាមរយៈការបង្កើនទំនាក់ទំនងកាន់តែធំឡើងៗ។

នេះក៏ជាសញ្ញានៃការចាប់ផ្ដើមដ៏ជ្រាលជ្រៅមួយ ការផ្សារភ្ជាប់គ្នាកាន់តែមានអត្ថន័យធំធេងនៅក្នុងសហគមន៍កីឡា តាមរយៈទស្សនៈរបស់យើងគឺ ហ៊ានប្រែសុបិនទៅជាការពិត ដែល AirAsia នឹងជួយដល់ដល់អត្តពលិក ដែលមានសក្ដានុពលមកពីតំបន់អាស៊ាននិងឆ្ងាយជាងនេះដើម្បីធ្វើឱ្យវាក្លាយជាការពិតចំពោះសក្ដានុពលរបស់ពួកគេ។» លោក YB Brig Gen Khairy Jamaluddin ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រទេសម៉ាឡេស៊ីមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះការប្ដេជ្ញាបន្តរបស់ AirAsia និងឆន្ទៈក្នុងការជួយដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិនិងថ្នាក់តំបន់។

«នេះបង្ហាញឱ្យឃើញថា AirAsia បានសម្រេចចិត្តនិងប្ដេជ្ញាក្នុងការផ្ដល់ជូនសហគមន៍តាមរយៈកីឡា ហើយខ្ញុំពិតជាអបអរសាទរខ្លាំងណាស់ចំពោះសកម្មភាពនេះ។» ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់អាស៊ាន ក្នុងបំណង ជំរុញការផ្សព្វផ្សាយ ការស្វែងយល់គ្នានិងកិច្ចសហការក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់តាមរយៈការប្រកួតប្រជែងមិត្តភាព។ កីឡាប្រមាណ 38 ប្រភេទនិងចំនួនសរុប 405វិញ្ញាសា នឹងត្រូវប្រកួតសម្រាប់ស៊ីហ្គេមឆ្នាំនេះ ដោយមានការចូលរួមពីអត្តពលិកទាំង 10 ប្រទេសតំបន់អាស៊ាន ចាប់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2017 ហើយពិធីបញ្ចប់បិទការប្រកួតត្រូវហ្នឹងថ្ងៃបុណ្យឯករាជ្យជាតិលើកទី 60 របស់ប្រទេសម៉ាឡេស៊ីផងដែរ។

ចំណែកការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមពីថ្ងៃទី 17 ដល់ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2017 នឹងនាំមកនូវអត្តពលិកពិកាច្រើនផ្នែកដូចជា ពិការផ្នែកខួរក្បាល ពិការភាពផ្នែកពិបាកធ្វើដំណើរ ពិការភាពដោយភ្នែកពិបាកមើលនិងអត្តពលិកដែលបាត់បង់អវយវៈជាដើម។ ពួកគេមកពីបណ្ដា 11 ប្រទេស ប្រកួតនៅលើទីលានទំហំតូចៗដើម្បីស្វែងរកមេដាយសម្រាប់កីឡាប៉ារ៉ា ទាំង 16 ប្រភេទ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះជាលើកទី 6 សម្រាប់ម៉ាឡេស៊ីក្នុងការរៀបចំកីឡាក្នុងឋានៈជាម្ចាស់ផ្ទះ ហើយវាក៏ជាលើកទី 3 ផងដែរសម្រាប់កីឡាអាស៊ាន ប៉ារ៉ាហ្គេម។ សម្រាប់ឆ្នាំ2017 ក្រុងកូឡាឡាំពួរ ជាលើកដំបូងក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីការលេចជារូបរាងនូវសហគមន៍អាស៊ានពីឆ្នាំ 2015 បន្ទាប់ពីការពិចារណាដ៏វែងឆ្ងាយក្នុងការអនុវត្តន៍ទស្សនៈ «រីកចម្រើនជាមួយគ្នា» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]