បរទេស៖ អ្នកចាត់ការរបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp អាចនឹងធើ្វឲ្យអ្នកគាំទ្រមួយចំនួនអន់ចិត្ដ ក្រោយរូបលោកបាននិយាយគាំទ្រក្រុមដែលជាគូសត្រូវរបស់លោក ពោលគឺក្រុមបិសាចក្រហម Manchester United ថា ពួកគេអាចនឹងលើកពាន Europa League នៅរដូវកាលនេះ។

បុរសសញ្ជាតិអាល្លឺម៉ង់ ជឿថា កូនក្រុមរបស់លោក Jose Mourinho នឹងអាចលើកពាន Europa League ស្របពេលដែលពួកគេគឺជាក្រុមដែលមានសក្ដានុពលជាងគេ ក្នុងការឈ្នះពានរង្វាន់មួយនេះ ខណៈដែលកីឡាករ ក៏ដូចជាទម្រង់លេងរបស់ក្រុមទាំងមូលកំពុងឡើងជើងថែមទៀតនោះ។

Klopp និយាយទៅកាន់ទស្សនាវដ្ដី Sport 1 ថា៖ «Manchester United មានឈុតកីឡាករដែលប្រកបដោយគុណភាព។ ពួកគេទំនងអាចនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ពួកគេធ្លាប់មានបញ្ហាកីឡាកររួចទៅហើយ ប៉ុន្ដែជាមួយនឹងឈុតកីឡាករល្អជាច្រើនផ្សេងទៀត ពួកគេអាចនឹងជំនះទៅលើអ្វីៗគ្រប់យ៉ាង ដែលរារាំងពួកគេ»

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Anderlecht នៅយប់ថៃ្ងព្រហស្បតិ៍ ឈានចូលថៃ្ងសុក្រ វេលាម៉ោង ២:០៥នាទី រំលងអាធ្រាត ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ក្រោយពីការប្រកួតជើងទី១ ក្រុមទាំងពីរ ទទួលបានលទ្ធផលត្រឹមស្មើគ្នា ១-១៕

ប្រភព៖ Fox Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]