កំពង់ចាមៈ បុរសម្នាក់និងនារីម្នាក់ ជាប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាល ស្រុកស្រីសន្ធរ ឃាត់ខ្លួនកាលពី វេលាម៉ោង២ និង២០នាទី យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ នៅចំណុចស្ពានព្រែកតាអោង ភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្តីនិងប្រពន្ធ នោះជាប់ពាក់ព័ន្ធ ទៅនិងករណី លួចដោះដែកស្ពាន ជាច្រើនលើក នៅក្នុងទឹកដីស្រុក ស្រីសន្ធរ កាលពីពេលកន្លងទៅ។

ជនសង្ស័យជាប្តីឈ្មោះ ទិត យូសុះ អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ង់ រីម អាយុ២៤ឆ្នាំ អ្នកទាំងពីរនេះមាន ទីលំនៅ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

អធិការនគរបាលស្តីទី ស្រុកស្រីសន្ធរ លោក ទ្រី ប៊ុននឿន បានឲ្យដើមអម្ពិលដឹងថា កន្លងទៅថ្មីៗនេះ ដោយសារ តែនៅស្ពានព្រែកតាអោង .ស្ពានដើមពោធី .និងស្ពានព្រែកសណ្តាន់ មានការបាត់បង់ សម្ភារៈ ស្ពាន អស់ជាច្រើន មានដូចជា ចន្ទុលស្ពានបាត់អស់៤៧ចន្ទុល .ថាស់បង្កាន់ដៃស្ពានបាត់អស់៣៧បន្ទះ និងខ្ចៅចំនួន៩០គ្រាប់ ផងដែរ។

លោក អធិការស្តីទី បានឲ្យដឹងទៀតថា បន្ទាប់ពីបានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញដូច្នោះ លោក បានធ្វើការស្រាវជ្រាវ ដោយសាក្សីពីប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពាន ព្រែកតាអោង បានប្រាប់ ថា ពួកគាត់ ធ្លាប់បានឃើញមានស្រី១នាក់ និងប្រុស២នាក់ នៅចន្លោះម៉ោង៨ទៅម៉ោង១០ យប់ ថ្ងៃទី១ ខែតុលា ជិះតុក តុក មកដល់គល់ស្ពានព្រែកតាអោង ក៏ឈប់ ហើយឮនិយាយភាសា ចាម មកសុំទឹកផឹក ហើយក្នុងខណៈនោះ ម្ចាស់ ផ្ទះបានសួរនាំ ជននោះបានឆ្លើយថា ម៉ូតូខូចពីដាង ។ លុះបន្ទាប់ មកទៀត គាត់ (សាក្សី) បានឮសូរសម្លេង វាយស្ពាន តែមិនបានចាប់អារម្មណ៍ថា ចោរលួចដោះ ដែលស្ពាននោះ ទេ លុះព្រឹកឡើងទើបឃើញសមត្ថកិច្ចមក ពិនិត្យស្ពានថា មានចោរលួចដោះប្រឡុង យក ដែកស្ពាន នោះ។

អនុសេនីយ៍ឯកទ្រី ប៊ុននឿន បានឲ្យដឹងទៀតថា បន្ទាប់ពីមានតម្រុយខ្លះហើយ លោក បានរាយការណ៍ ជូន លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ហើយជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក ជឹម សេងហុងស្នងការរង ទទួលផែនកិច្ចការព្រហ្មទណ្ឌ បានបញ្ជាដល់កម្លាំងអធិការនគរបាល ស្រុកស្រីសន្ធរ ឲ្យធ្វើការល្បាតត្រួតពិនិត្យរដ្ឋបាល ឲ្យបានហ្មត់ចត់ ពិសេសកន្លែងធ្លាប់កើតហេតុ។ ហើយជាលទ្ធផល នៅវេលា រំលងអាធ្រាត ថ្ងៃទី២ ខណៈកំពុងល្បាត សមត្ថកិច្ចយើងបានប្រទះឃើញ មនុស្សប្រុសម្នាក់ និងស្រី ម្នាក់ ជិះម៉ូតូ តុក តុក ស៊ីសង្វាក់ទៅនិងសាក្សីបានបំភ្លឺ ទើបសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឃើញមានសម្ភារៈ កម្រាលប៉ាតង់១ .សោរម៉ាឡេត លេខ១៥.សោរចិញ្ជៀន៣ លេខ៣២.៣៤.៣៦. ក្បាលគ្រាប់សោរ២.ដងសោរគ្រាប់១. ដូយ១ .ពូថៅ១។ ហើយ ឧបករណ៍សោរទាំងនោះ ពេលសមត្ថកិច្ច យកទៅ ល សាកត្រូវជាមួយប្រឡុងស្ពានទាំងអស់។

លោក អធិការស្តីទី បានបន្តទៀតថា ក្នុងការសាកសួរ ស្រ្តីជាប្រពន្ធឈ្មោះ វ៉ង់ រីម បានឆ្លើយថា កាលពីក្នុងខែ កញ្ញា ខ្លួននិងប្តី ឈ្មោះ យូសុះ និងឈ្មោះ សូត នៅភូមិជាមួយគ្នា បានធ្វើដំណើរដោយ តុកតុក មកលក់ខោអាវជជុះ នៅផ្សារព្រែកតានង់ ។លុះពេលត្រឡប់មកវិញ ពេលមកដល់ ស្ពានមួយក្នុង ទឹកដី ស្រុក ស្រី សន្ធរ ឈ្មោះ សូត ក៏បានចុះ ពីតុក តុក ក្នុងគោលបំណង លួចដោះដែកស្ពាន រីឯខ្លួន និងប្តី ជិះតុក តុកទៅផ្ទះមុន។ លុះព្រឹកឡើង ពេលជួបឈ្មោះសូត បាននិយាយថា យប់នោះគេបានលួចដោះ ដែកស្ពានពីរនាក់ឈ្មោះ ពិន យកទៅលក់ឲ្យអេតចាយ។

លោក ទ្រីប៊ុននឿន បានបន្តថា ផ្អែកលើការស្រាវជ្រាវ សមត្ថកិច្ចយើងបានធ្វើការសន្និដ្ឋានថា ក្នុងករណីលួចដោះដែកស្ពានក្នុងទឹកដីស្រុកស្រីសន្ធរ មានជន៤នាក់ជាប់ពាក់ព័ន្ធក្នុងករណីនេះ ហើយបច្ចុប្បន្ន ជនសង្ស័យ២នាក់ ប្តីប្រពន្ធ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី៕

www.dap-news.com

ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]