ភ្នំពេញ៖ ការប្រកួតនៃពានរង្វាន់ AFC CUP ឆ្នាំ២០១៧ បានវិលត្រលប់មកវិញហើយ នៅថ្ងៃទី១៩ ខែមេសា ស្អែកនេះ ដោយក្លិបបឹងកេតអង្គររបស់កម្ពុជា ស្ថិតក្នុងពូលF នឹងទទួលស្វាគមន៍ អតីតម្ចាស់ជើងឯកកាលពីឆ្នាំ២០១៦ JOHOR Southern Tigers នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មុននឹងជំនួបនៃការប្រកួតនេះមកដល់ អ្នកចាំទីដៃឆ្នើម ស៊ូ យ៉ាទី បានលើកឡើងពីការប្រកួតជើងទី១កន្លងទៅថា «ការប្រកួតទល់នឹងអតីតក្រុមជើងឯក AFC CUP 2015 ពិតជាមិនងាយស្រួលឡើយសម្រាប់យើង ជាពិសេសនៅជើងទី១ ក្នុងការប្រកួតបើកឆាកពូល F យើងត្រូវប្រឈមនឹងក្រុមដែលមានកម្រិតនៃការលេងល្អជាងយើង ជាពិសេសពួកគេមានអ្នកគាំទ្រពេញកីឡដ្ឋានហើយស្រែកហ៊ោរលើកទឹកចិត្តស្ទើរពេញ ៩០ នាទី» ។

គួររំលឹកផងដែរថា កាលពីជើងទីមួយ ក្លិបបឹងកេតអង្គរដែលជាភ្ញៀវ បានទទួលបរាជ័យក្រោមថ្វីជើងរបស់ក្លិបមកពីប្រទេសម៉ាឡេស៊ី Johor ក្នុងលទ្ធផល ៣-០ ។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងជំនួបជើងទី២វិញ ស៊ូ យ៉ាទី ក៏បានស្នើទៅកាន់អ្នកគាំទ្រផងដែរ ដោយអ្នកចាំទីរូបនេះលើកឡើងបន្ថែមទៀតថា «សម្រាប់ជំនួបជើងទី២នៅថ្ងៃពុធនេះ រឿងទីមួយដែលខ្ញុំចង់ឈ្នះពួកគេ គឺឃើញវត្តមានរបស់អ្នកគាំទ្រទាំងអស់គ្នាឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិ ហើយពួកយើងនឹងព្យាយាមដើម្បីស្វែងរកលទ្ធផលល្អមួយជូនអ្នកទាំងអស់គ្នា»

ដូច្នេះបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ សូមកុំភ្លេចទៅគាំទ្រទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយការប្រកួតរវាងក្លិបបឹងកេតអង្គរ និងក្លិប Johor Southern Tigers នឹងចាប់ផ្តើមនៅវេលាម៉ោង៦ល្ងាច ស្អែកនេះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]