បរទេស៖ សារព័ត៌មានបច្ចេកវិទ្យាដ៏ធំ PhoneArena បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ថា រូបគំនូរបំព្រួញដ្យាក្រាមមួយ ដែលបង្ហាញពីការឌីហ្សាញដំណាក់កាលចុងក្រោយនៃ iPhone 8 ឬ iPhone X ត្រូវបានបែកធ្លាយចេញពីរោងចក្រ Foxconn ដែលជារោងចក្រដំឡើង iPhone ផ្ទាល់តែម្តង ខណៈទូរស័ព្ទមួយនេះ ជាម៉ូដែល ពិសេសផលិតសម្រាប់ខួប ១០ ឆ្នាំរបស់ iPhone ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដ្យាក្រាមដែលបង្ហាញនេះ ត្រូវបានគេនិយាយថា ជាដ្យាក្រាមដែលគេប្រើក្នុងដំណើរការដំឡើង ដើម្បីជួយក្នុងការផលិត iPhone 8 ដែលមានអេក្រង់ប្រភេទថ្មី OLED ទំហំ ៥,៨ អ៊ីញ កញ្ចក់កោង 2.5D និង មានបំពាក់ កាមេរ៉ាខាងមុខជាប្រភេទ 3D Scanner សម្រាប់ស្កេនមុខទៀតផង។

ដោយឡែកចំណុចសំខាន់មួយទៀត គឺប៊ូតុងដែលនៅសងខាង (បន្ថែម/បន្ថយសំឡេង និង ប៊ូតុង Power) នឹងលែងជាប៊ូតុងដែលមានគ្រាប់ចុចទៀតហើយ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ដឹងពីរំញោចនៅពេលអ្នកចុច បន្ថែម / បន្ថយ សំឡេង ឬ បើកទូរសព្ទឡើង។ ចំពោះប៊ូតុង Home គឺមានប្រវែងវែងល្មម ដើម្បីអាចប្រើសម្រាប់មុខងារពីរផ្សេងគ្នា ហើយទ្រនាប់ស្កេនក្រយៅដៃនឹងបំពាក់ក្រោមផ្ទៃអេក្រង់ខាងមុខផ្ទាល់តែម្តង រីឯកាមេរ៉ាភ្លោះវិញ នឹងប្ដូរពីផ្តេកទៅជាប្រភេទបញ្ឈរវិញ។

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ iPhone 8

អេក្រង់ប្រភេទ OLED ទំហំ ៥,៨ អ៊ីញ

ប្រើបន្ទះឈីប ជំនាន់ចុងក្រោយ Apple A11

Ram ទំហំ 3G និងមានទំហំផ្ទុក 256GB៕ 

ប្រភព៖ PhoneArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]