រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែជនស្ទាវមួយក្រុមមានគ្នាប្រមាណជាង១០នាក់ ព្រួតគ្នាវាយកាប់ប្រហារប៉ុនប៉ងផ្តាច់ជីវិត ខណៈពេលដែលរូបគេកំពុងតែដើរចេញពីហូបភេស ជ្ជៈនៅក្នុងផ្សារតាម៉ាតមួយកន្លែងជាមួយមិត្តភក្តិ ប៉ុន្តែពេល នោះដោយសារមានការភ្ញាក់ផ្អើលឆោឡោ ទើបក្រុមជនស្ទាវខាងលើ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ទៅបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី៣ កញ្ញា ២០១២ នៅមុខផ្សារតាម៉ាត ស្ថានីយប្រេងឥន្ធនៈតេលា មានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។យុវសិស្សរង គ្រោះត្រូវបានគេស្គាល់ឈ្មោះលីម ម៉េងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រងរបួស១កាំបិតចំត្រង់ចង្កេះខាងឆ្វេងដេរ៤ថ្នេរ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យពហុព្យាបាល និងសម្ភពឡាំ ប៊ុនថន ។

ដោយឡែកក្រុមជនដៃដល់មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូពី៥ ទៅ៦គ្រឿង ដែលក្នុង១គ្រឿងៗជិះគ្នា៣នាក់ ហើយក្រោយពេលកើតហេតុ បាននាំគ្នាជិះរត់គេចខ្លួនទៅបាត់ស្រមោល ។ យុវសិស្សរូបនោះបាននិយាយឱ្យប៉ូលិសដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិ២នាក់ទៀតបាននាំគ្នាជិះម៉ូតូទៅកាន់ផ្សារតាម៉ាត ដើម្បីហូបភេសជ្ជៈនៅទីនោះ លុះបន្តិចក្រោយមក ស្រាប់តែឃើញក្រុមជនដៃដល់ជាង១០នាក់នោះ ជិះម៉ូតូទៅឈប់នៅខាងមុខផ្សារតាម៉ាតនោះដែរ ។ នៅពេលឃើញបែបនេះ រូបគេនិងមិត្តភក្តិដឹងថា មិនសូវស្រួល ព្រោះឃើញក្រុមជននោះចេះតែសម្លឹងមើលមកពួកគេ ហើយពួកគេក៏បាននាំគ្នាដើរចេញពីក្នុងផ្សារតាម៉ាតក្នុងបំណងយកម៉ូតូជិះទៅផ្ទះ ស្រាប់តែពួកនោះមកព្រួតគ្នាវាយតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]