រាជធានីភ្នំពេញ ៖  បុរសម្នាក់ត្រូវគេស្គាល់ថា ជាប់សាច់ញាតិមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានក្រុមចោរប្រដាប់អាវុធភ្ជង់គំរាម ហើយវាយបែកក្បាល រួចប្លន់យករថយន្តម៉ាករ៉ង់រ៉ូវ៉ែរ ស៊េរី២០១២ ពណ៌ខ្មៅ មិនទាន់មានស្លាកលេខនៅចំណុចកែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ១៨៤ ខាងជើងក្បែរភោជនីយដ្ឋានតាយតាយ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ តុលា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើង។

ប្រមាណ២០នាទីក្រោយមក ដោយសារមានកិច្ចអន្តរាគមន៍ពីកម្លាំង កងរាជអាវុធហត្ថខណ្ឌដូនពេញ និងកងរាជអាវុធហត្ថទាំង៩ខណ្ឌ បានដាក់កម្លាំងឃ្លាំមើលភិនភាគរថយន្ត និងជនដៃដល់តាមបណ្តាគោលដៅនានា ក៏ត្រូវបានកងរាជអាវហត្ថរកឃើញ រថយន្តរ៉ង់រ៉ូវែរមុខសញ្ញារងគ្រោះនៅផ្លូវលំមួយ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីក្រុមចោរយកទៅប្លុងចោលនៅទីនោះ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញមួយរូបបានឱ្យដឹងថា ម្ចាស់រថយន្តរ៉ង់រ៉ូវែរ ដែលត្រូវក្រុមចោរប្រដាប់អាវុធធ្វើសកម្មភាព ប្លន់យករថយន្ត និងវាយក្បាលនោះមានឈ្មោះស៊ាវ សារ៉ារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបុរីមួយ ផ្ទះលេខវេ៩០បេ ផ្លូវលេខ៥៧៩ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តជាមួយមិត្តភក្តិម្នាក់ទៀត ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះដល់កែងផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឈប់រថយន្ត ដើម្បីឱ្យមិត្តភក្តិទៅទិញអាហារនៅភោជនីដ្ឋានតាយតាយ យកទៅផ្ទះហូប ។ ខណៈមិត្តភក្តិចុះចេញពីរថយន្តដើរឆ្ពោះទៅរកភោជនីដ្ឋានតាយតាយនោះ ស្រាប់តែមានម៉ូតូ៤គ្រឿង និងមានមនុស្សប្រុសប្រហែល៧-៨នាក់ បើកមកឈប់អែបកៀបរថយន្តរបស់បុរសរងគ្រោះដែលអង្គុយក្នុងរថយន្តម្នាក់ឯងជាប់ ។

មន្ត្រីកងរាជអាវុធហត្ថបញ្ជាក់ថា  ភ្លាមនោះមានបុរសពីរនាក់ ជាបក្សពួកជនសង្គមងងឹត បានបើកទ្វាររថយន្តភ្ជង់ និងច្រានជនរងគ្រោះឱ្យអង្គុយទៅកៅអីម្ខាង ដោយនៅហ្នឹងដៃពួកគេម្នាក់ៗកាន់កាំភ្លើងខ្លីប្រកបដោយភាពមាំទាំ ហាក់ដូចជារៀបគម្រោងទុកមុន។ ឃើញហេតុការណ៍មិនស្រួល បុរសរងគ្រោះព្យាយាមប្រតាយប្រតប់ជាមួយជនដៃដល់ ក៏ត្រូវពួកចោរវាយមួយស្នាប់កាំភ្លើងភ្លើងចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យបែកក្បាលហូរឈាម។ ឆ្លៀតឱកាសនោះ ជនរងគ្រោះប្រថុយលោតចុះចេញពីរថយន្ត ទាំងអារម្មណ៍ភ័យខ្លាចកាំភ្លើងរបស់ពួកចោរផ្ទុះគ្រាប់ ប៉ុន្តែមិនជាអ្វី ទេ ជនរងគ្រោះរួចផុតពីជីវិត ចំណែកចោរក៏បើករថយន្តគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ ។

យោងតាមមហាជនដែលឃើញហេតុការណ៍បាននិយាយថា សកម្មភាពប្លន់រថយន្តរ៉ង់រូ៉វែរនេះ មើលទៅពួកចោរមានសកម្មភាពហំហានណាស់ ហាក់ដូចជារៀបក្បួនទុកជាមុនអីុចឹង ហើយអំពើប្លន់នោះទៀតសោត មានចរិតរបៀបចាប់ជម្រិតផងដែរ ព្រោះចោរប៉ុនប៉ងយកមនុស្ស (ម្ចាស់រថយន្ត) ទៅជាមួយ ប៉ុន្តែមនុស្សលោតចុះទាន់ ដូច្នេះធ្វើឱ្យពួកចោរបង្ខំចិត្តយកតែរថយន្តចាកចេញប៉ុណ្ណោះ ហើយក្រោយមកយកទៅប្លុងចោលនៅភូមិចម្រើនផល ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]