កូរ៉េខាងត្បូង៖ តាមពិតទៅ វាជារឿងដ៏ធម្មតាមួយ ដែលឪពុកម្តាយទិញកាដូឲ្យកូនៗនៅពេលដែលពួកគេបញ្ចប់ថ្នាក់វិទ្យាល័យ ឬ សាកលវិទ្យា ជាដើម។ ជាទូទៅ កាដូទាំងនោះ មានដូចជា គ្រឿងអលង្ការ ស្បែកជើង រថយន្ត ឬនាំកូនៗទៅញ៉ាំអាហារនៅខាងក្រៅជាដើម។ ផ្ទុយទៅវិញ នៅប្រទេសកូរ៉េខាងត្បូងមានការខុសប្លែកបន្តិច ដោយសារតែឪពុកម្តាយនៅប្រទេសនោះ និយមនាំកូនទៅវះកាត់កែសម្ជស្សនៅពេលដែលពួកគេរៀនចប់។

លើសពីនេះ ការផ្តល់ជាការវះកាត់កែសម្ផស្សដល់កូនៗ មានន័យថា ឪពុកម្តាយកំពុងតែរីករាយជាមួយលទ្ធផលនៃការបញ្ចប់ការសិក្សារបស់កូនៗខ្លាំងណាស់ ទើបបានជាពួកគេត្រូវនាំកូនៗទៅបន្ថែមសម្រស់ ដើម្បីឲ្យកូនមានអារម្មណ៍ថា មានទំនុកចិត្តក្នុងការបន្តដំណើរជីវិតទៅមុខទៀត។

ទីក្រុងនៃការវះកាត់កែសម្ជស្ស៖

យោងទៅតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា កូរ៉េខាងត្បូង បានក្លាយជាប្រទេសដែលមានការពេញនិយមខ្លាំងទៅលើការកែសម្ជស្ស ស្របពេលដែលប្រទេសប្រេស៊ីល និងអាមេរិក ឈរនៅលំដាប់ទី២ និងទី៣ ហើយការវះកាត់កែសម្ជស្ស បានក្លាយជារឿងមួយដ៏សាមញ្ញបំផុតសម្រាប់ប្រជាជនកូរ៉េ។ វាពិតជាសាមញ្ញបំផុត ប្រៀបដូចជាពេលដែលមានសម្លៀកបំពាក់ចេញម៉ូតថ្មី អ្នកមានលុយ អ្នកក៏ទៅទិញវាយ៉ាងអ៊ីចឹង។

តាមរយៈតួលេខបានបង្ហាញថា ការវះកាត់ដែលពេញនិយមបំផុតនៅប្រទេសកូរ៉េខាងត្បូង គឺការវះកាត់ត្របកភ្នែក២ជាន់ (blepharoplasty)។ វេជ្ជបណ្ឌិតវះកាត់កែសម្ជស្សមួយរូបនៅឯទីក្រុងសេអ៊ូល បាននិយាយថា ដោយសារតែប្រជាជនកូរ៉េភាគច្រើនមិនមានត្របកភ្នែក២ជាន់ ហេតុដូច្នេះហើយទើបការវះកាត់ត្របកភ្នែក បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនក្នុងប្រទេសនេះ។

លោក Man Koon Suh វេជ្ជបណ្ឌិតប្រចាំនៅក្នុងគ្លីនិក JW Plastic Surgery Clinic នាទីក្រុងសេអ៊ូល បានមានប្រសាសន៍ថា “ប្រជាជនអាស៊ានភាគច្រើនបានជឿថា សម្បកខាងក្រៅរបស់មនុស្សពិតជាសំខាន់ខ្លាំងណាស់ ហើយចំនុចដែលពិសេសបំផុតនៅលើផ្ទៃមុខនោះ គឺភ្នែក។ ដូច្នេះ នៅពេលដែលពួកគេបានទទួលការវះកាត់ត្របកភ្នែក ភ្នែករបស់ពួកគេនឹងកាន់តែធំ។ ដូច្នេះពួកគេជឿថា ពួកគេនឹងស្រស់ស្អាតខ្លាំងជាង មុនពេលកែសម្ជស្ស”

លើសពីនេះ ប្រជាជនកូរ៉េតែងមានគំនិតមួយថា ភាពស្រស់ស្អាត គឺជាអាវុធដ៏សំខាន់ដើម្បីទទួលបានការងារ ការទំនាក់ទំនង និងភាពជោគជ័យផ្សេងៗទៀត។ ហេតុនេះហើយ ទើបបានជាការវះកាត់កែសម្ជស្ស ទទួលបានប្រជាប្រិយភាពខ្លាំង។ វាមិនត្រឹមតែដើម្បីភាពស្រស់ស្អាតតែប៉ុណ្ណោះទេ គឺវាបានក្លាយជារឿងដ៏ចាំបាច់តែម្តង។

ការផ្តោតសំខាន់ទៅលើសម្រស់៖

ការផ្តោតសំខាន់ទៅលើសម្រស់ និងលក្ខណៈសម្បត្តិខាងក្រៅ បានក្លាយជាវប្បធម៌មួយទៅហើយ ។ តាមរយៈកម្មវិធីទូរទស្សន៍មួយដ៏ពេញនិយមរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ជាទូទៅឪពុកម្តាយកូរ៉េតែងតែចំណាយទឹកប្រាក់ចន្លោះពី ១០០០ដុល្លារ ទៅ ៣០០០ដុល្លារ ទៅលើកាដូប្រភេទនេះ ដែលវានឹងក្លាយជាការជម្រុញទឹកចិត្តមួយដែលឪពុកម្តាយផ្តល់ឲ្យកូនៗ ដើម្បីពួកគេព្យាយាមបន្តទៅអនាគតទៀត៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]