ភ្នំពេញ៖ ក្រោយពីសម្រាលបានកូនស្រីដ៏ស្រស់ស្អាត និងសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល៣យប់ ពេលនេះ ភរិយារបស់កីឡាករ ឈិន ឈឿន គឺអ្នកនាង ប៉ូឡែន បានចេញពីមន្ទីរពេទ្យវិញហើយ កាលពីព្រឹកមិញនេះ។

បើយោងតាមការបង្ហោះរូបភាពនិងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ខ្សែបម្រើការពារស្លាបស្ដាំរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានបញ្ជាក់ថា «ខ្ញុំតំណាងឲ្យ គ្រួសារ សូមអរគុណដល់ មន្ទីរសំរាកព្យាបាល នឹង សម្ភព សានីន អ្នកគ្រូៗ នឹង បុគ្គលិក ដែលបានមើលថែ ព្យាបាល យ៉ាងដិតដល់ ទៅលើ ប្រពន្ធ កូន របស់ខ្ញុំ»

បន្ថែមពីនេះទៀត កីឡាកររូបនេះ ក៏បានអរគុណ ដល់គ្រួសារ បងប្អូន មិត្តភក្តិ និងជាពិសេសអ្នកគាំទ្រផងដែរ ដែលតែងតែសួរសុខទុក្ខ ស្រលាញ់ និងគាំទ្រកន្លងមក។

គួររំលឹកផងដែរថា ឈិន ឈឿន និងភរិយា បានផ្តល់កំណើតដល់កូនស្រីមួយរូប ដោយបានដាក់ឈ្មោះថា «ឈឿន អីុឡា» កើតថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧: ១៧នាទី ។ ក្នុងនោះដែរ ទាំងកីឡាករ ឈិន ឈឿន និងភរិយា សុទ្ធតែបានសម្តែងនូវអារម្មណ៍រំភើប និងរីករាយក្រលែង ព្រោះនេះគឺជាកូនដំបូងរបស់អ្នកទាំងពីរ ។

ដោយឡែក ចំពោះអាជីពបាល់ទាត់វិញ យើងមិនទាន់ដឹងច្បាស់ថា តើ កីឡាករ ឈិន ឈឿន នឹងវិលចូលក្នុងក្រុមជម្រើសជាតិ និងក្លិបនៅពេលណានោះទេ មានតែរង់ចាំមើលទាំងអស់គ្នា ហើយបើសិនជាមានព័ត៌មានបន្ថែមទាក់ទងនឹងរឿងនេះ Khmerload នឹងរីករាយផ្សាយជូន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]