ខេត្តស្ទឹងត្រែង៖ សាស្រ្តាចារ្យនៃវិទ្យាល័យ ព្រះរាជបូជនីយកិច្ចម្នាក់ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្ត ឃាត់ខ្លួនក្រោមបណ្តឹងរបស់ភាគីនារីរងគ្រោះ ពីបទរំលោភសេពសន្ថវៈតែមិន បានសម្រេច កាលពីយប់ថ្ងៃទី០២ ខែតុលា បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ បន្ទាប់ពីចាប់ រំលោភនារីលក់ទឹកអំពៅ បាន កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ នៅលើ ស្នាក់ការ សាខា ការិយាល័យសមាគមអាដហុក ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

នារី រងគ្រោះ បានឆ្លើយថា កាលពីរសៀលម៉ោង២ ថ្ងៃកើតហេតុលោកគ្រូ បានជិះម៉ូតូ លីអំពៅ១ដើមទៅឲ្យនាងកៀបទឹកឲ្យ នៅពេលនោះនាងមិនកៀបឲ្យទេ ដោយ សារអំពៅ នោះមិនទាន់ សកសំបក និងមិនទាន់លាងទឹកសម្អាត ហើយលោកគ្រូក៏បានចាកចេញពីកន្លែងនាង លក់បាត់ទៅ ។ លុះដល់ម៉ោងប្រហែលជា៧យប់ នាងបានរៀបចំទុកដាក់កន្លែងលក់ហើយក៏វិលត្រឡប់មកផ្ទះវិញ នៅគ្រានោះនាងបានឡើងលើផ្ទះបើកភ្លើង ក្នុង ក្រៅ លើនិងក្រោមផ្ទះ រួចដាំបាយ និង ធ្វើសម្ល នៅផ្ទះបាយ ។ ខណៈនោះដែរស្រាប់តែមានវត្តមានលោកគ្រូឈា ជា នៅលើផ្ទះជាមួយនាង ហើយក៏សួរនាងថា ពូ និង មីងទៅណា ? នាងឆ្លើយថា ពូទៅរៀន នៅកំពង់សោម ឯមីងជាប់រវល់នៅ ផ្សារ ។ ភ្លាមនោះលោកគ្រូក៏ស្ទុះមកចាប់ឱបនាងពីក្រោយ ហើយរុញចូលក្នុងបន្ទប់ចាប់នាងផ្តួលទៅ លើគ្រែ នៅគ្រានោះ លោកគ្រូ បានដោះសម្លៀកបំពាក់គាត់ចេញអស់ ហើយចាប់លាត់អាវនាងឡើង លើបានពាក់កណ្តាល នាងទាញចុះមកវិញ រួចក៏បន្តចាប់សម្រាតខោនាង បានដល់ ក្រោមផ្ចិត នាង ទាញឡើងលើវិញ ។ នៅពេលកំពុងប្រទាញប្រទុងគ្នា ក្នុងការដោះសម្លៀកបំពាក់ ស្រាប់តែម្តាយមីង របស់នាងឡើងមកទាន់ ហើយឃើញលោកគ្រូកំពុង ស្ថិតក្នុងសភាពននលគក (អត់សម្លៀកបំពាក់) ។

លោកវរសេនីយ៍ទោដួង ស៊ីវុត្ថា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា លោកគ្រូបង្រៀនរងការចោទប្រកាន់ពីនារីរងគ្រោះ ក្នុងបទរំលោភសេពសន្ថវៈមិនបានសម្រេចនោះ ឈ្មោះ ឈា ជា អាយុ ៥១ឆ្នាំ ជាគ្រូបង្រៀន នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ។ ចំណែកឯនារីរង គ្រោះ ឈ្មោះ ស.ធ អាយុ ២១ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅក្នុងស្នាក់ការអាដហុក កន្លែងកើតហេតុខាងលើ ហើយជនសង្ស័យ និងនារីលក់ទឹកអំពៅស្នាក់នៅផ្ទះជិតគ្នា ស្ថិតនៅភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

លោកដួង ស៊ីវុត្ថា បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ នាវេលាម៉ោង៨និង ៣០នាទី យប់ថ្ងៃទី០២ ខែតុលា ជនសង្ស័យបានបញ្ជាក់ថា មូលហេតុ ដែលផ្តើមឲ្យកើតរឿងនេះឡើង គឺដោយសារលោកគ្រូបង្រៀន បានទៅផ្សារទិញទឹកអំពៅហូប ។ ខណៈនោះនារីលក់ទឹកអំពៅបានសុំខ្ចី លុយលោកគ្រូបង្រៀន ចំនួន ១០ម៉ឺនរៀល លោកគ្រូឆ្លើយថា បើខ្ចី១០ម៉ឺនអត់មានទេ មានតែប្រាំម៉ឺនរៀល បើចង់បានទៅយកនៅផ្ទះខ្ញុំចុះ ថារួចលោកគ្រូក៏បានវិលត្រឡប់មកផ្ទះវិញ ។ លុះ ដល់វេលា ម៉ោងប្រមាណជា៧យប់ នាងលក់ទឹកអំពៅបានមកផ្ទះវិញ ដោយរង់ចាំមិនឃើញនាង ទៅយកលុយនៅផ្ទះ លោកគ្រូក៏យកលុយមកឲ្យនាង។ នៅគ្រា នោះនាងបានចាប់អូសដៃគាត់ (លោក គ្រូសង្ស័យ) ចូលទៅក្នុងបន្ទប់ ហើយក៏ធ្វើចលនារស់រវើក យកដៃជួយដោះសម្លៀកបំពាក់របស់គាត់អស់ ហើយក៏ចាប់ផ្តួល លោកគ្រូទៅលើគ្រែ រួចនាងលក់ទឹកអំពៅបានឡើងជិះពីលើ គាត់ក៏ស្រែកថា ធ្វើអីចឹង លោកគ្រូមិនចង់ធ្វើអីចឹងទេ ព្រោះគាត់មានប្រពន្ធ និងកូនទៅហើយ ម្យ៉ាង ផ្ទះនៅជិតគ្នាទៀត ។

លោកដួង ស៊ីវុត្ថា បានបញ្ជាក់ពីសម្តីម្តាយមីងនារីរងគ្រោះ ពីការចាប់រំលោភ មិនបានសម្រេចថា នៅពេលគាត់ឡើងដល់លើផ្ទះ ស្រាប់តែឃើញក្មួយស្រីគាត់ កំពុង អង្គុយយំ ហើយសួរថា ម៉េចបានជាយំ វាកើតអី ? នាងឆ្លើយតបថា លោកគ្រូជាបានចាប់នាងរំលោភ ខណៈនោះគាត់ក៏បានស្ទុះចូលទៅ ក្នុងបន្ទប់ ស្រាប់តែឃើញគ្រូ ជាលែងខ្លួនននលគកឈរស្រឡាំងកាំង គាត់បានដេញឲ្យស្លៀកពាក់វិញ ហើយដោះស្រាយគ្នា ។

ហេតុការណ៍ កំពុងកើតឡើង គ្រូ ជា បានអង្វរករ ដល់មីងនាង ស.ធ កុំឲ្យមាត់ ហើយសុំសម្រួលគ្នា ដោយលោកគ្រូព្រមបង់លុយឲ្យចំនួន ៥ម៉ឺនរៀល ព្រោះលោក គ្រូមិនទាន់បានធ្វើអីនោះទេ ។ ម្តាយមីង នារី ស.ធ បានឆ្លើយថា រឿងកើតឡើងប៉ុនណាណីបង់លុយឲ្យ ៥ម៉ឺនរៀល? ។ ពេលកំពុងជជែកគ្នាស្រាប់ តែប្រពន្ធគ្រូជា មកដល់ ហើយជេរប្រទេចគ្រូជ្រះឆ្អេះគ្រប់បែបយ៉ាង រួចក៏នាំទៅផ្ទះបាត់ទៅ។

ក្រោយពីរឿងហេតុកើតឡើង ភាគីខាងនារីរងគ្រោះ មានការកើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងទៅ សមត្ថកិច្ចនគរបាលទាំងយប់ ។ បន្ទាប់មកកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះឃាត់ខ្លួនលោកគ្រូបង្រៀន នាវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត ធ្វើការសាកសួរ ។

លោកវរសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ជាចុងក្រោយថា ឆ្លងតាមការសាកសួរ និងស្តាប់ចម្លើយសារភាព របស់ជនសង្ស័យ និងនារីរងគ្រោះ លោកបានសម្រេចកសាងសំណុំរឿង បញ្ជូនលោកគ្រូ ឈា ជា ទៅកាន់អយ្យការអមសាលាដំបូងខេត្ត នារសៀលម៉ោង២ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២ ដើម្បីចាត់ការបន្ត៕

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)
ផ្តល់សិទ្ធដោយ ដើមអម្ពិល
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]