អ្នកណាៗក៏ចង់រៀបចំខ្លួន និងស្លៀកសម្លៀកបំពាក់ស្រស់ស្អាតដែរ មិនថាប្រុស ឬក៏ស្រីឡើយ។  ដោយហេតុនេះហើយ ទើបថ្ងៃនេះ យើងនឹងលើកឡើងនូវ របៀបជ្រើសរើសពណ៌សម្លៀកបំពាក់ ឲ្យមានភាពស៊ីគ្នា និងបង្កើននូវភាពស្រស់ស្អាតទ្វេឡើងថែមទៀត។

ចង់ដឹងថាពណ៌ណា ស៊ីនឹងពណ៌ណាខ្លះ សូមតាមដានដូចខាងក្រោម ទាំងអស់គ្នា ៖

១. ពណ៌ក្រហម

ក្រហមជាពណ៌ដែលបង្ហាញពីទំនុកចិត្តខ្ពស់របស់មនុស្ស ជាពិសេស ជាពណ៌ដែលបង្កើនភាពលេចធ្លោរដល់អ្នកពាក់។ ដូច្នេះពណ៌ដែលស៊ីនឹងពណ៌ក្រហម គឺគួរតែជាពណ៌ធម្មតាៗ ដូចជា ខ្មៅ ស ជាដើម។ 

២. ពណ៌ស្រាល

សូមអ្នកកុំគិតថា ពណ៌ស្រមោលស្រាលៗបែបនេះ មិនសូវស្អាតដូចពណ៌ដិតឲ្យសោះ ផ្ទុយទៅវិញវាជាពណ៌ដែលមានភាពស្រទន់ ពោរពេញដោយមនោសញ្ចេតនា។ ជាក់ស្តែង ពណ៌ស្រាលៗបែបនេះស៊ីគ្នាជាលក្ខណៈឈុតណាស់ ជាពិសេស គឺពណ៌កុលាបស្រាល និងពណ៌ស្វាយស្រាល។ 

៣. ពណ៌ស

ស ជាពណ៌ដែលស៊ីជាមួយនឹងពណ៌គ្រប់ប្រភេទ មិនថា ខៀវ ក្រហម ឬខ្មៅនោះទេ។ ប៉ុន្តែ សម្រាប់ការតុបតែងខ្លួនបែបសាមញ្ញ និងថ្លៃថ្នូរ ពណ៌ស ស៊ីជាមួយនឹងពណ៌ត្នោត ឬពណ៌ដីបំផុត។ 

៤. ពណ៌សាច់ខូវប៊យ

ជាក់ស្តែង សាច់ក្រណាត់ខូវប៊យ មិនរើសពណ៌ ឬប្រភេទសម្លៀកបំពាក់ច្រើននោះទេ និយាយរួមគឺបែបណា ពណ៌ណាក៏បាន តែសំខាន់បំផុត មិនត្រូវឲ្យវាមានពណ៌ដូចគ្នាបេះបិទទេ (ឧទាហរណ៍ អាវពណ៌ស្រាល ជាមួយនឹងខោខូវប៊យពណ៌ងងឹត)។ 

៥. ពណ៌ដូចនាវិក

ពណ៌សម្លៀកបំពាក់របស់នាវិក (អ្នកដើរកប៉ាល់) គឺឆ្នូតស និងខៀវ ហើយជាក់ស្តែងពណ៌បែបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ដែរ ជាពិសេស ស៊ីគ្នាជាមួយពណ៌ខ្មៅ និងក្រហមណាស់ ហើយបើបានពាក់គ្រឿងតុបតែងពណ៌មាសបន្ថែម គឺកាន់តែស្រស់ស្អាត។ 

៦. ពណ៌លឿងចាស់

ពណ៌លឿងចាស់ បែកមាសនេះ សក្តិសមបំផុតជាមួយនឹងពណ៌ត្នោត ពណ៌សូកូឡា ពណ៌ដី ពណ៌សាច់ និងពណ៌លឿង បំផុត។ ប៉ុន្តែ ប្រសិនបើអ្នកចង់រៀបចំខ្លួនតាមបែបធម្មតាៗ និងថ្លៃថ្នូរ ពណ៌ស និងពណ៌ខ្មៅ ស៊ីគ្នាបំផុតជាមួយនឹងពណ៌លឿងចាស់នេះ។ 

៧. ពណ៌ទំពាំងបាយជូរ

ពណ៌ទំពាំងបាយជូរ នេះជាពណ៌ ដែលមិនសូវរើសពណ៌ប៉ុន្មានដែរទេ ប៉ុន្តែ ពណ៌ដែលស៊ីគ្នាបំផុត គឺមានដូចជាពណ៌ខ្មៅ ពណ៌ស និងពណ៌ប្រផេះ។ ជាងនេះទៅទៀត ពណ៌សាច់ ពណ៌ទឹកដោះគោ និងពណ៌កាហ្វេ ក៏សក្តិសមនឹងពណ៌ទំពាំងបាយជូរដែរ។ 

៨. ពណ៌ផ្កាឈូក

ពណ៌ផ្កាឈូកជាពណ៌ដែលស្រស់ស្អាត សម្រាប់មនុស្សស្រី ហើយបណ៌ដែលស៊ីគ្នាបំផុត ជាមួយនឹងពណ៌ផ្កាឈូកនេះ មានដូចជា ពណ៌ស ពណ៌សាច់ ពណ៌ផ្ទៃមេឃ ពណ៌ត្នោត និងពណ៌ខៀវ។ 

៩. ពណ៌ប្រផេះ

ពណ៌ប្រផេះ មិនមែនជាពណ៌ស្រអាប់អ្វីទេ វាជាពណ៌ដែលសក្តិសមបំផុត សម្រាប់អ្នកធ្វើការ។ ប៉ុន្តែ មិនត្រូវស្លៀកពាក់ជាឈុតពណ៌ប្រផេះលើក្រោមឡើយ ហើយពណ៌ដែលស៊ីគ្នាបំផុតគឺ ពណ៌បៃតង (ខ្ចី ឬចាស់ក៏បាន) ទើបសក្តិសមជាងគេ។ 

១០.ពណ៌ខៀវ

ពណ៌ខៀវ គឺជាពណ៌តំណាងឲ្យអភិជនភាព ហើយពណ៌ដែលសក្តិសមនឹងពណ៌ខៀវបំផុត មានដូចជា ពណ៌ស ពណ៌សាច់ ពណ៌កាកអំពៅ រួមទាំងពណ៌ត្នោត ពណ៌ក្រហម និងពណ៌លឿង ផងដែរ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]