អាមេរិក៖ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ United ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយគិតជាទឹកប្រាក់អស់ចំនួនច្រើនជាង៧៥០លានដុល្លារ ឬដល់ទៅ៨០០លានដុល្លារ នៃតម្លៃភាគហ៊ុនសរុបដែលមានចំនួន ២២.៥ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Gizmodo នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ការខាតបង់នេះធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន United ធ្លាក់មកនៅសល់ ២១.៧០ ពាន់លានដុល្លារ ត្រឹមរយៈពេលដ៏ខ្លី ក្រោយពីវីដេអូនៃហេតុការណ៍ដែលបានកើតឡើងលើយន្តហោះនោះ ត្រូវបានល្បីសុះសាយពេញបណ្តាញសង្គម និងត្រូវបានចុះផ្សាយនៅលើទំព័រមុខស្ទើរតែគ្រប់សារព័ត៌មានជុំវិញពិភពលោក។

ដោយឡែក ងាកមកចាប់អារម្មណ៍ជនរងគ្រោះវិញម្តង គេបានកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ដែលគេស្គាល់ឈ្មោះថា ដេវីដ ដាវ (David Dao) មានវ័យ ៦៩ឆ្នាំ និងគេដឹងទៀតថាគាត់ជាដុកទ័រឯកទេសព្យាបាលជំងឺក្នុងសរីរាង្គ (Internal medicine)។ លោក Dao មានកូន៥នាក់ ក្នុងនោះ៤នាក់ ក៏ជាដុកទ័រផងដែរ។ លោកមានប្រពន្ធឈ្មោះ Teresa វ័យ៦៩ឆ្នាំដូចគ្នា ជាវេជ្ជបណ្ឌិតខាងជំងឺកុមារ ធ្លាប់បង្រៀននៅសាកលវិទ្យាល័យហូជីមិញ ក្នុងទីក្រុងសៃហ្គន ប្រទេសវៀតណាម។ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ធ្វើការនៅក្នុងទីក្រុង Elizabethtown រដ្ឋ Kentucky សហរដ្ឋអាមេរិក។ លោក Dao ពីមុនធ្លាប់ធ្វើការនៅមន្ទីរពេទ្យ Hardin Memorial Hospital ផងដែរ។

គួរបញ្ជាក់ថា អត្តសញ្ញាណរបស់លោក Dao ត្រូវបានគេដឹង ក្រោយពីអ៊ីម៉ែលឯកជនមួយ ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ United ផ្ញើទៅបុគ្គលិករបស់ខ្លួន ត្រូវបានបែកធ្លាយ៕ 

ប្រភព៖ Gizmodo | Unilad

គួររំឮកព័ត៌មានពាក់ព័ន្ធលើកមុនផងដែរថា៖

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ United ថ្លែងសារសុំទោស លើករណីអូសអ្នកដំណើរលើសចំណុះ ចេញពីយន្តហោះ (មានវីដេអូ)

អាមេរិក៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airlines បានថ្លែងសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ក្រោយពីបែកធ្លាយវីដេអូឃ្លីប នៃសកម្មភាពរបស់ក្រុមមន្រ្តីប៉ូលិស ចាប់អូសអ្នកដំណើររបស់ខ្លួន ចេញពីលើយន្តហោះ និងថែមទាំងធ្វើឲ្យវាយបែកមាត់ចេញឈាមទៀតផង។ នេះបើយោងតាមប្រភព័ត៌មាន មីរ័រ របស់អង់គ្លេសបានចុះផ្សាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះជាអ្នកដំណើរម្នាក់លើយន្តហោះ មានវ័យ៦៩ឆ្នាំ ត្រូវបានគេស្គាល់ថាជាវេជ្ជបណ្ឌិតម្នាក់។ គាត់ត្រូវបានក្រុមមន្រ្តីប៉ូលិសចាប់អូសចេញពីកៅអីអង្គុយ ដោយសារតែបុរសរងគ្រោះខាងលើ បដិសេធមិនព្រមចុះចេញ ដើម្បីឲ្យខាងក្រុមហ៊ុនអាកាសចរណ៍ យកកន្លែងកៅអីដែលគាត់អង្គុយនោះ ឲ្យអ្នកដំណើរដទៃទៀតអង្គុយវិញ។ នោះក៏ព្រោះតែ ជាកំហុសខាងក្រុមហ៊ុនអាកាសចរណ៍ United ដែលហ៊ានទទួលសំបុត្រកក់ពីអតិថិជនរបស់ខ្លួន រហូតទាល់តែលើសចំនួនកំណត់ ដល់ថ្នាក់រកកន្លែងអង្គុយឲ្យអ្នកដំណើរគ្មាន។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនៃសកម្មភាព ថតបានដោយអ្នកដំណើរ អ្នកផ្សេងទៀតលើយន្តហោះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរួច បានទទួលរងការរិះគន់ និងជះកំហឹងយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកនិយមលេងអ៊ីនធើណែតតែម្តង។

នាយប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United លោក Oscar Munoz បានថ្លែងសារខ្លីមួយ បង្ហោះនៅលើគណនីសង្គម Twitter របស់លោកថា៖

«នេះគឺជាហេតុការណ៍ដ៏គួរឲ្យស្រងាកចិត្ត និងក្រៀមក្រំបំផុតសម្រាប់ពួកយើង។ ពួកយើងសូមធ្វើការសុំអភ័យទោស និងសម្រុះសម្រួលជាមួយអតិថិជនរបស់យើង។ ក្រុមការងារយើងកំពុងញាប់ដៃញាប់ជើង ធ្វើការងារនេះជាមួយសមត្ថកិច្ច និងធ្វើការត្រួតពិនិត្យលម្អិត ទៅលើអ្វីដែលបានកើតឡើង។ មកទល់ពេលនេះពួកយើងកំពុងតែ ព្យាយាមនិយាយសម្របសម្រួលផ្ទាល់ជាមួយគាត់ (បុរសរងគ្រោះ) ដើម្បីដោះស្រាយលើហេតុការណ៍ ដែលបានកើតឡើងនេះផងដែរ» ។

គួរបញ្ជាក់ថា ខាងក្រុមហ៊ុនអាកាសចរណ៍ United បានស្នើសុំឲ្យអ្នកស្ម័គ្រចិត្តជាច្រើន ចុះចេញពីលើយន្តហោះរបស់ខ្លួន បន្ទាប់ពីមានអ្នកដំណើរច្រើនពេក ផ្ទុកលើសកំណត់។ ក្នុងនោះបុរសរងគ្រោះខាងលើនេះ ក៏ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍មួយនេះ ជ្រើសរើសយកគាត់ឲ្យចុះចេញផងដែរ ប៉ុន្តែត្រូវបានបុរសរងគ្រោះបដិសេធ ដោយអះអាងថាខ្លួនជាគ្រូពេទ្យ ត្រូវប្រញាប់ទៅព្យាបាលអ្នកជំងឺ មុនពេលកើតមានហេតុការណ៍ចាប់អូសបែបនេះ កើតឡើងតែម្តង។

គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើង មុនពេលជើងហោះហើរ Fight-3411 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines គ្រោងនឹងចេញហោះហើរចេញពីក្រុង Chicago ឆ្ពោះទៅកាន់ទីក្រុង Louvisville រដ្ឋ Kentucky សហរដ្ឋអាមេរិក៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]