អាមេរិក៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ របស់សហរដ្ឋអាមេរិក Floyd Maywheather បានធ្វើឲ្យអ្នកលេងអិុនធើណេតភ្ញាក់ផ្អើល ក្រោយពីរថយន្តរបស់ខ្លួន Bugatti Veyron ពណ៍ខ្មៅ-ទឹកក្រូច តម្លៃ ៣.២ លានផោន (ជិត៤លានដុល្លារ) ត្រូវបានដាក់លក់នៅលើគេហទំព័រ eBay ។

គួរបញ្ជាក់ផងដែរថា តាមការពិត Floyd ធ្លាប់បានដាក់លក់រថយន្តមួយគ្រឿងនេះ មួយលើកហើយ ទៅឲ្យក្រុមហ៊ុន Luxury Auto Collection ។ ក្រោយមកទៀត ក្រុមហ៊ុននេះ ក៏បានសម្រេចចិត្តដាក់លក់រថយន្តមួយគ្រឿងនេះម្តងទៀត នៅលើគេហទំព័រ eBay ក្នុងតម្លៃខ្ពស់កប់ពពក ដោយយកឈ្មោះអ្នកប្រដាល់រូបនេះ ធ្វើជាតែមដើម្បីទាក់ទាញអតិថិជន។

រថយន្តប្រភេទ Bugatti Veyron Grand Sport Vitesse សេរ៊ី២០១៥ មានតែ១៥០គ្រឿងប៉ុណ្ណោះនៅលើទីផ្សារ ហើយចំនែកឯលក្ខណៈពិសេសរបស់វាវិញ គឺ ល្បឿន ៤០៨គីឡូម៉ែត/ម៉ោង ម៉ាស៊ីន W16 និងចំនុះប្រេងសាំង ១០០លីត្រ ។ 

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលថ្មីៗនេះវិញ Floyd កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តារសារព័ត៌មានធំៗជាច្រើន ពាក់ព័ន្ធនឹងការប្រកួតរបស់គេ ទល់នឹងកំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor។

គួរបន្ថែមទៀតផងដែរថា ក្រុមគណកម្មការរៀបចំការប្រកួត ក៏បានបើកភ្លើងខៀវអនុញ្ញាត និងមានការកំណត់ពេលវេលានិងទីតាំងរួចរាល់ហើយដែរ ប៉ុន្តែកីឡាករទាំង២ នៅមិនទាន់បានចុះកិច្ចព្រមព្រៀង យល់ព្រមប្រកួតនៅឡើយ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]