ខេត្តព្រះសីហនុ ៖ ប៉ូលិសកំពុងបញ្ចេញកម្លាំងពួនស្ទាក់ និងដេញប្រមាញ់ចោរ៣នាក់ ចូលទៅភ្ជង់ប្លន់អាជីវករលក់ គ្រឿងអលង្ការ និងប្តូរប្រាក់ចំនួន២ទូនៅផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី៣ តុលា ២០១២ ដោយបាញ់បុរសកូនថៅកែផ្សារ ម្នាក់ឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យរាជធានីភ្នំពេញ យ៉ាងប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះបន្ទាន់។

អាជីវករលក់គ្រឿងអលង្ការ-ប្តូរប្រាក់ទូទី ១-ឈ្មោះណន សុផាត ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវចោរប្លន់ប្រមូលគ្រឿងអលង្ការ និងប្រាក់សរុបប្រមាណ២០តម្លឹង មិនមានរងរបួសអ្វីទេ ។ អាជីវករទូទី២-ឈ្មោះគង់ កឹមតេង ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវចោរប្លន់ប្រមូលយកបានមាស២តម្លឹងកន្លះ និងប្លាទីន៤តម្លឹង មិនមានរងរបួសអ្វីទេ ។ ដោយឡែកអ្នករងរបួសឈ្មោះសែន វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានគេអះអាងថា ជាកូនថៅកែផ្សារឃ្លាំងលើនេះ ត្រូវចោរបាញ់១គ្រាប់ចំបញ្ឆិតពោះខាងស្តាំរងរបួសធ្ងន់ ត្រូវបានបញ្ជូនក្រោយកើតហេតុភ្លាមៗទៅកាន់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត ។ បុរសនេះអាចចូលទៅជួយអាជីវករពេលចោរកំពុងប្លន់ ទើបបណ្តាលឱ្យចោរបាញ់ ។

ចំណែកចោរមានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងវែង១ដើម និងពូថៅ១ មិនទាន់ដឹងថា ប្រើប្រាស់មធ្យោបាយធ្វើដំណើរអ្វីនោះទេ បានដើរចូលសំដៅទូលក់គ្រឿងអលង្ការ-ប្តូរប្រាក់ទាំង២ទូដែល នៅជាប់គ្នាខាងលើ រួចហើយទាញពូថៅវាយបំបែកទូកញ្ចក់ប្រមូលយកគ្រឿងអលង្ការ-ប្តូរ ប្រាក់ដាក់ក្នុងស្បោងឡើងជិះម៉ូតូវ៉េវគេចខ្លួនបាត់តែម្តង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលពួកចោរចាកចេញ គឺពួកចោរបានបាញ់១គ្រាប់ទៀតបង្ហើដំបូលផ្សារដើម្បីគំរាមមិន ឱ្យអ្នកណាចេញតាម ទើបឡើងជិះម៉ូតូដាក់មេប្រូច ។ ក្រោយកើតហេតុភ្លាមៗប៉ូលិសបានបញ្ចេញកម្លាំង និងរាយអន្ទាក់តាមប្រមាញ់ចោរយ៉ាងមាំទាំផងដែរ ប៉ុន្តែយឺតមួយជំហានទៅហើយ ព្រោះពួកចោរបានរត់ចូលព្រៃក្បាលឆាយបាត់ស្រមោល ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]