រាជធានីភ្នំពេញ ៖ ជាងជួសជុលម៉ូតូម្នាក់បានត្រូវគេបោកយក ម៉ូតូទៅបាត់ តែសំណាងល្អ ម៉ូតូនេះបាត់តែ២ថ្ងៃ ក៏ត្រូវម្ចាស់តាមរកឃើញវិញកាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ តុលា ខណៈជនសង្ស័យយកទៅផ្ទះជួលក្នុងភូមិសាមគ្តី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ  ហើយក៏ឃាត់ខ្លួនជនឆបោករូបនេះ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់ ។

មន្ត្រីប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខ ឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ម៉ុន ថារី ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី២ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ គ្រី ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ ជាជាងជួសជុលម៉ូតូស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រី្តប៉ូលិសបន្តថា កាលពីថ្ងៃទី២៩ កញ្ញា ជនសង្ស័យបានប្រើល្បិចឱ្យម្ចាស់ ម៉ូតូដែលជាមនុស្សធ្លាប់ ស្គាល់គ្នាយកម៉ូតូហុងដាគុបជ្រុងជូន ខ្លួនទៅទិញគ្រឿងបន្លាស់ ម៉ូតូនៅផ្សារព្រែកព្នៅ ខណ្ឌសែនសុខ ។ ពេលដល់ផ្សារព្រែកព្នៅ ជនសង្ស័យបានប្រើល្បិចឱ្យម្ចាស់ ម៉ូតូចាំនៅមុខផ្សារមួយភ្លែត ដោយគេខ្ចីម៉ូតូទៅលេងបងប្អូនបន្តិច ក៏ជិះម៉ូតូយកទៅបាត់ស្រមោលតែម្តង ។

នៅថ្ងៃទី១ តុលា ម្ចាស់ម៉ូតូបានតាមរកជនសង្ស័យឃើញជាមួយម៉ូតូរបស់ខ្លួននៅចំណុច ខាងលើ ក៏នាំជនសង្ស័យប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ព្រែកព្នៅ ដើម្បីចាត់ការទៅតាមច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]