ឪឡឹកគឺជាផ្លែឈើ ដែលគ្មានជាតិខ្លាញ់ ព្រមទាំងជាប្រភពនៃ វីតាមីន A វីតាមីន C និងវីតាមីន B6 ហើយថែមទាំងមានផ្ទុក សារធាតុប៉ូតាស្យូម Lycopene និង Citrulline ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សារធាតុ Lycopene ជាអ្នកកំណត់ កម្រិតពណ៌ក្រហមរបស់ឪឡឹក ព្រមទាំងជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏ខ្លាំងក្លាថែមទៀត។  រីឯសារធាតុរ៉ែប៉ូតាស្យូមវិញ អាចជួយបន្ថយសម្ពាធឈាម  និងជួយឲ្យដំណើរការរាងកាយដើរបានប្រក្រតី។ សម្រាប់ សារធាតុ Citrulline វិញ ជួយដល់សុខភាពបេះដូង និងលំហូរឈាម របស់មនុស្ស។

និយាយរួម ឪឡឹក ជាផ្លែឈើ ដែលផ្តល់សុខភាពល្អដល់មនុស្ស ប៉ុន្តែប្រសិនបើ ក្នុងករណីដែលអ្នកទទួលទានក្នុងបរិមាណច្រើន (ករណីបរិភោគឪឡឹក មានសារធាតុ Lycopene លើសពី ៣០ មីលីក្រាម) វាអាចបង្កជាផលប៉ះពាល់ទៅវិញ។ ចង់ដឹងថា មានផលប៉ះពាល់អ្វីខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. បញ្ហាពោះវៀន

ការទទួលយកសារធាតុ Lycopene ច្រើនហួសហេតុពីផ្លែឪឡឹក អាចបណ្តាលឲ្យមានបញ្ហា ក្អួតចង្អោរ រាគ ហើមពោះ ផោម និងមិនរំលាយអាហារ។ សម្រាប់មនុស្សចាស់ អាចបង្កជាករណីធ្ងន់ធ្ងរថែមទៀតផង ពីព្រោះពួកគេមានប្រព័ន្ធរំលាយអាហារខ្សោយ។

២. បញ្ហាសរសៃឈាមបេះដូង

ផ្លែឪឡឹក មានផ្ទុកបរិមាណសារធាតុប៉ូតាស្យូម ដែលអាចបង្កជា បញ្ហាដល់សរសៃឈាមបេះដូង ដូចជាចង្វាក់បេះដូង លោតមិនស្មើគ្នា និងជីពចរខ្សោយ ប្រសិនបើទទួលទានចូលទៅក្នុងរាងកាយច្រើនពេក។ កម្រិតប៉ូតាស្យូមខ្ពស់ពេក ក៏អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការត្រួតពិនិត្យចលនារាងកាយដែរ ជាពិសេស អ្នកដែលមានបញ្ហាខូចមុខងារតម្រងនោមស្រាប់តែម្តង។

៣. ប្រតិកម្មអាឡែស៊ី

ជាក់ស្តែង មានមនុស្សមួយចំនួន អាចមានប្រតិកម្ម ប្រសិនបើទទួលទានឪឡឹកបរិមាណច្រើនពេក រហូតអាចបណ្តាលឲ្យឡើងជា កន្ទួលលើស្បែកធ្ងន់ធ្ងរ ហើមសាច់មុខ ឬប្រតិកម្មថ្នាំថែមទៀត។ ជាពិសេស អ្នកដែលមានប្រតិកម្ម ជាមួយការ៉ុត និងត្រសក់ស្រាប់ គឺងាយប្រតិកម្មនឹងការទទួលទានឪឡឹកច្រើន ខ្ពស់ជាងអ្នកធម្មតា៕ 

ប្រភព៖ CalorieBee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]