ខេត្តកំពង់ចាម ៖ ទណ្ឌិតចំនួន១២នាក់ ដែលសុទ្ធតែជាប់ទោសពីបទឧក្រិដ្ឋ បាននាំគ្នាលួចអារចម្រឹង ដែកបង្អួចដោយស្ងាត់ៗនៅបន្ទប់លេខ១៩ អគារ«គ» នៅក្នុងពន្ធនាគារខេត្ត ដែលមានទីតាំងស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ។ ក្នុងសកម្មភាពនេះមាន អ្នកទោសចំនួន៣នាក់ ដែលជាក្រុមជើងខ្លាំងជាប់ទោស  ក្នុងម្នាក់ៗពី១៥ឆ្នាំទៅ៦៣ឆ្នាំ បានផ្លោះរបងបន្លាលួសរត់រួច និង៣នាក់ទៀតដែលព្យាយានលូន ចេញត្រូវឆ្មាំពន្ធនាគារចាប់បានវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី១ តុលា ហើយសមត្ថកិច្ចបានតាមប្រមាញ់ស្វែងរកចាប់ខ្លួនទាំងកណ្តាល អធ្រាត្រ តែក្រុមអ្នកទោសឧក្រិដ្ឋទាំង៣នាក់នោះ បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។

តាមលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌មានប្រសាសន៍ឱ្យដឹងថា ទណ្ឌិត៣នាក់ ដែលរត់រួចនោះមាន១.ឈ្មោះ ឌឿក តុង ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បច្ចុប្បន្ននៅភូមិពោធិ៍ស្ទឹងតាថុក ឃុំជាច ស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនថ្ងៃទី៤ មិថុនា ២០១០ ជាប់ទោសពីបទឃាតកម្មគិតទុកជាមុន ត្រូវបានសាលាដំបូងខេត្តកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ២.ឈ្មោះ លី ឡុង ហៅប្រុសចិត្ត ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកមេមត់ បច្ចុប្បន្ននៅភ្នំពេញ ជាប់ទោសពីបទប្លន់ប្រដាប់អាវុធ៨ ករណី ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៦៣ឆ្នាំ ៣.ឈ្មោះ ឡុង ប៊ុនថេន ហៅយក្ស ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ននៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួនថ្ងៃទី៣០ ធ្នូ ២០១១ ជាប់ទោសពីបទមនុស្សឃាត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាការរយៈពេល១៥ឆ្នាំ ។

លោកវរសេនីយ៍ឯកស្នងការរងនគរបាលខេត្ត មានប្រសាសន៍បន្តថា ចំណែកអ្នកទោស៣នាក់ទៀត ដែលបានព្យាយាមលូនចេញតាមប្រហោងចម្រឹងដែកនោះហើយត្រូវចាប់ខ្លួន បានវិញមាន១.ឈ្មោះ អិុត ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានចាប់ខ្លួនថ្ងៃទី៦ មេសា ឆ្នាំ២០០៩ ជាប់ទោសពីបទរំលោភសេពសន្ថវៈ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំ ២.ឈ្មោះ ឪ ជ័យ ភេទប្រុស អាយុ២៦ឆ្នាំ ចាប់ខ្លួនថ្ងៃទី១៧ សីហា ឆ្នាំ២០០៨ ជាប់ទោសពីបទមនុស្សឃាត កាត់ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ និង៣.ឈ្មោះ ណេត ណាក់ ភេទប្រុស ចាប់ខ្លួនថ្ងៃទី២៧ កក្កដា ឆ្នាំ២០១០ ជាប់ទោសពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ កាត់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ។

តាមការចុះពិនិត្យដល់បន្ទប់ក្នុងពន្ធនាគារ ខេត្ត ឃើញថា ក្រុមអ្នកទោសបានយកក្រមាចងប្រទាក់គ្នាដូចអង្រឹង ឈរតោងអារនៅក្បែរអាងទឹក ដោយប្រើរណារដែកចំនួន៤ ដើម្បីអារចម្រឹងដែកថ្នាំងអំពៅអស់រយៈពេលជាច្រើនម៉ោង រហូតដល់ដាច់ដែកអស់២កំណាត់ ល្មមនឹងឡើងរុលចេញបាន ។ នៅក្នុងបន្ទប់នោះមានដាក់អ្នកចំនួន១២នាក់ និងបាននាំគ្នាឡើងចេញបន្តបន្ទាប់នៅវេលាម៉ោង១១យប់ថ្ងៃទី១ តុលា ។ ស្របពេលដែលអ្នកទោសចំនួន៣នាក់ បានរត់ចេញនិង៣នាក់ទៀតកំពុងព្យាយាមឡើងរបងក្នុងគោលបំណងរត់ គេចខ្លួន ក៏ត្រូវឆ្មាំពន្ធនាគារខេត្តឃើញចាប់បានវិញ៣នាក់និងទប់ស្កាត់ អ្នកទោសផ្សេងៗទៀត ដែលកំពុងប៉ុនប៉ងចេញពីក្នុងបន្ទប់នោះបានទាន់ពេលវេលា ។

លោកវរសេនីយ៍ឯកជឹម សេងហុង បន្តថា នៅក្នុងហេតុការណ៍នេះ លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តបានចាត់ឱ្យរូបលោកដឹកនាំកម្លាំងនគរបាល ការិយាល័យបច្ចេកទេស និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះទៅស្រាវជ្រាវស៊ើបអង្កេតនៅព្រឹកថ្ងៃទី២ តុលា ដើម្បីរកមូលហេតុពិត តើអ្នកទោសយករណារអារដែកចូលទៅក្នុងបន្ទប់ពន្ធនាគារខេត្តបានដោយ របៀបណា? រហូតមកដល់វេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃដដែល(២តុលា)ក្រុមអ្នកទោសដែលរត់រួច៣នាក់នោះមិនទាន់មាន សេចក្តីរាយការណ៍ណាមួយថា ចាប់ខ្លួនបានមកវិញនៅឡើយទេ តែកម្លាំងសមត្ថកិច្ចនៅគ្រប់ច្រកល្ហកកំពុងតែតាមប្រមាញ់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]