ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលអ្នកឃើញហេតុការណ៍ នាំគ្នានិយាយថា វាសាហាវខ្លាំងណាស់ មើលទៅគួរឲ្យខ្លាចញញើត គឺគ្រោះថ្នាក់នេះ បង្កឡើង ដោយរថយន្ត មួយគ្រឿងម៉ាកតាកូម៉ា ដែលដឹកគ្នា ជាច្រើននាក់ ចេញកម្មវិធីរបស់បងប្អូន នៅក្នុងក្រុងតាខ្មៅ មកពន្លះម៉ូតូឌ្រីមមួយគ្រឿង ពីក្រោយពេញមួយទំហឹង ដែលបណ្តាលឲ្យ ម្ចាស់ម៉ូតូហោះផ្លោងជាង៤ម៉ែត្រ ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ  ត្រូវបានរថយន្តបង្កអូស ជាង៧០ម៉ែត្រ ឯណោះ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលបានចុះមកត្រួតពិនិត្យ និងវាស់វែង ដល់ចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកតាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប 2A-5931 បើកបរដោយ បុរសម្នាក់ មានឈ្មោះ សែម មករា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជា វិស្វកម្ម និងអ្នករួមដំណើរជាច្រើននាក់ ទៀតផង។ ចំណែកជនរងគ្រោះ មានឈ្មោះ សាម ប៊ុនលី ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-4215 ។

សាក្សីដែលបានឃើញ ហេតុការណ៍ជាក់ស្តែង បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ជនរងគ្រោះ ជិះស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ដោយបើកបរក្នុងល្បឿនលឿន ដូចគ្នាលុមកដល់មុខ សាកលវិទ្យាល័យ អាយអាយស៊ី ភាគីខាងម៉ូតូបានទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវ ក៏ស្រាប់តែរថយន្តបង្ក ដែលកំពុង បើកលឿនពីក្រោយនោះ បានបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូហោះផ្លោង បោកក្បាលទៅថ្នល់ រងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូវិញនោះ ត្រូវបានរថយន្តអូសជាង៧០ម៉ែត្រ ទើបរថយន្តកល់ទៅមុខលែងរួច តែម្តងទៅ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលចរាចរ ខណ្ឌមានជ័យ ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ ឯកជនមួយ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]