អេស្ប៉ាញ៖ ខែ្សបម្រើរបស់ក្លឹប Atletico Madrid កីឡាករ Koke ត្រូវបានចោរភ្ជង់កាំភ្លើងនឹងក្បាល នៅចំណតឡានក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ហើយបានប្លន់យកនាឡិកាដៃតម្លៃ ៦ម៉ឺនផោន (ជាង ៧ម៉ឺនដុល្លារ) ។ 

កីឡាករជម្រើសជាតិអេស្ប៉ាញ រូបនេះ ត្រូវបានចោរគំរាមនៅកណ្ដាលទីក្រុង Madrid ដែលនៅជិតនឹងកីឡដ្ឋានក្រុម Real Madrid ពោលគឺកីឡដ្ឋាន Santiago Bernabeu ខណៈពេលដែលក្រុមចោរធើ្វសកម្មភាព បានសម្រេចហើយនោះ ពួកគេក៏បានជិះម៉ូតូបាត់ស្រមោលតែម្ដង។ 

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រុមចោរនោះបានជិះម៉ូតូតាមឡានរបស់ Koke នៅតំបន់ Chamberi ហើយក្រោយមក នៅពេលដែលខ្សែបម្រើរបស់ Atletico Madrid រូបនេះឈប់ឡានដើម្បីយកសំបុត្រចតនោះ ស្រាប់តែក្រុមចោរយកកាំភ្លើងមកភ្ជង់ ប្លន់យកនាឡិកាដៃរបស់គេតែម្ដង។  

ទោះជាយ៉ាងណាក្ដី ប៉ូលិសបានត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពឡើងវិញ ហើយបានកំណត់សម្គាល់នូវមុខមាត់របស់ក្រុមចោរនោះផងដែរ ដូច្នេះការតាមចាប់ខ្លួន នឹងប្រព្រឹត្ដិទៅនៅថៃ្ងបន្ទាប់។ 

Koke ដែលបានកើតក្នុងទីក្រុង Madrid ហើយលេងឲ្យ Atletico Madrid ស្ទើរតែពេញមួយអាជីព ខណៈដែលបង្ហាញខ្លួនឲ្យក្រុមចំនួនជាង ៣០០ប្រកួតមកនោះ បានធើ្វដំណើរមកហ្វឹកហាត់ជាមួយក្រុម តែសំណាងអាក្រក់ក៏ត្រូវមកជួបរឿងហេតុយ៉ាងដូច្នេះទៅវិញ៕ 

ប្រភព៖ The Sun

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

បវរកញ្ញាហ្វីលីពីនម្នាក់ បើកទ្វារទទួលបាច់ផ្កា ត្រូវឃាតករបាញ់សម្លាប់

ហ្វីលីពីន៖ បវរកញ្ញាវ័យ២៣ឆ្នាំ ជនជាតិហ្វីលីពីន នាង Mary Christine Balagtas ត្រូវបានបាញ់សម្លាប់ស្លាប់ភ្លាមៗ បន្ទាប់ពីរូបនាងបានបើកទ្វារផ្ទះ ឲ្យបុរសពីរនាក់ ដែលជាឃាតករជូនបាច់ផ្កា និងស្ករសូកូឡាដល់ផ្ទះនាង។ នេះយោងតាមប្រភពដកស្រង់ ពីភ្នាក់ងារសារព័ត៌មាន មីត្រូ បានចុះផ្សាយ។

ប្រភពបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសោកសង្វេគនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ ទី៥ មេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ដោយនាង Balagtas ត្រូវបានជនសង្ស័យបាញ់ប្រហារ ចំកណ្តាលក្បាលដោយគ្រាប់កាំភ្លើង នៅមុខផ្ទះរបស់នាង ស្ថិតក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។

ប៉ូលិសបាននិយាយថា ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសបាននាំគ្នាប្រញាប់ប្រញាល់ ឡើងជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។ ចំណែកឯនាង Balagtas វិញ ក៏ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ។ ប៉ុន្តែជាអកុសល នាងបានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ មុនពេលទៅដល់មន្ទីរពេទ្យបាត់ហើយ។

លោកស្នងការប៉ូលិស Julio Lizardo ប្រចាំតំបន់ នៅស្ថានីយ៍ប៉ូលិស Plaridel ក្នុងខេត្ត Bulacan បានឲ្យដឹងថា បច្ចុប្បន្នខាងពួកលោក កំពុងតែបើកការស៊ើបអង្កេតលើករណីមួយនេះ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចង់ដឹងឲ្យប្រាកដថា តើបុរសណាម្នាក់ ដែលធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងនាង Mary Christine Balagtas រហូតឈានដល់កើតមានរឿងរ៉ាវ បាញ់ប្រហារយ៉ាងដូច្នេះ។

«ពួកយើងជឿជាក់ថា ការបាញ់ប្រហារនេះ ជនល្មើសទាំងពីរនាក់នោះ អាចនឹងត្រូវបានគេជួលមកតែប៉ុណ្ណោះ» ។

គួរឲ្យដឹងដែរថា បវរកញ្ញានាង Balagtas មានឈ្មោះហៅក្រៅថា Tin បានក្លាយជាម្ចាស់គ្រងម្កុដរាជនី La Bulakenya កាលក្នុងកំឡុងឆ្នាំ២០០៩ និងឆ្នាំ២០១០។ ហើយនាងក៏ជាអតីតនិស្សិតស្រីម្នាក់ សិក្សានៅសាកលវិទ្យាល័យ University of Regina Carmeli College ផងដែរ ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]