ភ្នំពេញៈ ដំណាក់កាលទីមួយ នៃការជួសជុល វិមានឯករាជ្យ ជានិមិត្តសញ្ញា ឯករាជ្យ របស់ព្រះរាជាណាចក្រ កម្ពុជា ពីអាណានិគមន៍ បារាំងកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បានសម្រេច ១០០ភាគរយ ហើយ បន្ទាប់ពី ធ្វើការ ជួសជុលក្នុងរយៈពេល ៨ខែកន្លងទៅនេះ ហើយនៅសេសសល់ បន្តិចបន្ទួចដូចជា ការជួសជុល លេណគ្រឹះ និងប្រព័ន្ធបង្ហូរទឹក គណៈកម្មការនឹងបន្ត ធ្វើបន្ទាប់ពីបុណ្យជាតិរួច នេះបើយោង តាមមន្រ្តីជំនាញ ។

ប្រធានអនុគណៈកម្មការជួសជុលវិមានឯករាជ្យឯកឧត្តម ហ៊ុយ ណារ៉ាបានថ្លែងក្នុងពិធី ធ្វើបទបង្ហាញ កាលពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ នាក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ដល់មន្រ្តី ជាន់ខ្ពស់នៃគណៈកម្មការ ជួសជុលវិមានឯករាជ្យ ដូចជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម  អ៊ឹម ឈុនលឹម និងរដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ហ៊ឹម ឆែមបានឲ្យដឹងថា ភាពទ្រុឌទ្រោម បាក់បែក នៃវិមានឯករាជ្យ មួយចំនួនដូចជា កម្រាលថ្មម៉ាប នៅផ្នែក ខាងលើ (បែកហើប ដក់ទឹក) ដែលជា ហេតុធ្វើឲ្យ ទឹកដក់ចូលក្នុងលេណគ្រឹះ គ្រឿងផ្គុំសំណង់ (កម្រាលប្លង់ សេបេតុង ធ្នឹម សសរ) សាច់បេតុង ប្រេះស្រាំ ពុកផុយ ផ្ទុះបែក សរសៃដែកច្រែះ នាពេលនេះគណៈកម្មការ បានជួសជុលសម្រេច មួយរយ ភាគរយហើយ ក្នុងផែនការទីមួយនេះ។

ឯកឧត្តម ហ៊ុយ ណារ៉ាបានបន្តទៀតថា ការជួសជុលនេះ គណៈកម្មការ ត្រូវបានផ្លាស់ប្តូរថ្មី ៣០ភាគរយ ហើយ ជួសជុលនិងពង្រឹង កែលំអ៧០ភាគរយ ដែលក្នុងនោះប្តូរ ក្បាលនាគទាំងមួយរយ ដោយបំពាក់ក្បាលនាគថ្មី ដែលមានបាយ អរដែក និងធាតុការពារ ជម្រាបទឹក ដែលមានគុណភាព ល្អប្រសើរ ធ្វើទាំងមូលគ្មាន បំណែក តំណឡើយ។ សម្រាប់ដំណាក់កាល ទីពីរវិញត្រូវបាន ឯកឧត្តម ហ៊ុយ ណារ៉ាបានឲ្យដឹងថា ក្រុមការងាររបស់ ឯកឧត្តម នឹងចាប់ផ្តើម ជួសជុល បន្ទាប់ពីបុណ្យ ឯករាជ្យរួច ដែលការជួសជុល នោះមានដូចជា លេណគ្រឹះ ធ្វើប្រព័ន្ធបង្ហូរ ទឹក បូកជញ្ជាំងក្នុង និងចាក់ដីបំពេញ លំអរទីធ្លា និងអាងទឹកខាងក្រៅ ហើយនិងប្រព័ន្ធ ការពាររន្ទះជាដើម ។

សូមបញ្ជាក់ថាវិមានឯករាជ្យគឺមានទីតាំងស្ថិតនៅផ្លូវ ប្រសព្វគ្នា រវាងមហាវិថី ព្រះនរោត្តម និងមហាវិថី ព្រះសីហនុ ចំកណ្តាល ទីក្រុងភ្នំពេញ វិមាននេះមានទីតាំងដី រាងរង្វង់ដែលមាន វិជ្ឈមាត្រ ៧៩,១ម បរិវេណ ២៤៨ម និងផ្ទៃក្រឡា៤៩១៤ម៉ែត្រទ្វេគុណ មានកម្ពស់៣៦,៩០ម កំពូលវិមាន មាន៥ថ្នាក់ តុបតែងដោយក្បាច់ និងបំពាក់ក្បាលនាគ ចំនួន២០ តាមថ្នាក់នីមួយៗហើយសរុប ទាំងអស់មានចំនួន១០០ ក្បាលនាគ ។ ហើយការ សាងសង់ តាមគំរូរចនាបទ អង្គរ រចនាប្លង់ដោយស្ថាបត្យករ ខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ។ វិមានដ៏ ប្រវត្តិសាស្រ្តនេះ ត្រូវបានកសាងនៅ ឆ្នាំ១៩៥៨ ក្នុងរជ្ជកាល ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជា និមិត្តរូបបញ្ជាក់ពីកម្ពុជា បានទទួលឯករាជ្យ ពីបារាំង ក្នុងឆ្នាំ១៩៥៣៕

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]