អេមេរិក៖ ការប្រកួតប្រចាំសតវត្សរវាងកំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather និងកំពូលអ្នកប្រយុទ្ធក្នុងទ្រុងដែក Conor McGregor ត្រូវបានក្រុមគណកម្មការអត្តពលិកម្មនៃទីក្រុង Neveda បើកភ្លើងខៀវអនុញ្ញាតហើយ ពោលគឺនៅរង់ចាំតែកិច្ចព្រមព្រៀងប្រកួតរបស់ភាគីកីឡាករទាំងពីរប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលវេលា និងទីកន្លែងបានកំណត់រួចរាល់សព្វគ្រប់ហើយ គឺនៅថ្ងៃទី១០ ខែមិថុនា ក្នុងមជ្ឈមណ្ឌល T-Mobile រដ្ឋ Las Vegas សហរដ្ឋអាមេរិក។

ដោយឡែកចំពោះ កិច្ចព្រមព្រៀងប្រកួតវិញ មិនទាន់មានការចុះហត្ថលេខា យល់ព្រមជាផ្លូវការណាមួយនៅឡើយទេ គឺនៅចាំតំណាងកីឡាករនីមួយៗធ្វើការសម្រេចចិត្ត។

ប្រធានសហព័ន្ធរបស់ស្ថាប័ន UFC លោក Dana White បានឲ្យដឹងថា «នេះគឺជាការប្រកួតមួយដែលអាចរកចំណូលបានច្រើន។ ខ្ញុំពិតជាចង់ឲ្យការប្រកួតនេះកើតឡើងខ្លាំងណាស់» ។

ចំពោះប្រធាននៃគណៈកម្មការអត្តពលិកម្ម លោក Bob Bennett បានឲ្យដឹងថា «ការប្រកួតនេះមិនមានផលប៉ះពាល់អ្វីទេ គឺស្របច្បាប់ ហើយវាពិតជាប្រសើរណាស់ បើសិនជាពួកយើងជាអ្នករៀបចំការប្រកួតទាំងស្រុង» ។

លោកបានបន្ថែមទៀតថា «ការប្រកួតអាចធ្វើទៅបាន ព្រោះនេះមិនមែនជាលើកទីមួយទេ ដែលអ្នកប្រដាល់មកប្រកួតជាមួយអ្នកប្រយុទ្ធក្នុងទ្រុង UFC បែបនេះ ហើយការប្រកួតនេះដែរ ពិតជាមិនធម្មតានោះទេ ដោយសារតែអ្នកទាំង២ សុទ្ធតែជើងខ្លាំង មានអំនួតដូចគ្នា» ៕ 

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ទើបតែសុំមិត្តស្រីរៀបការហើយ! ពេលនេះ John Cena ប្រកាសថា គ្មានគំរោងចង់បានកូន

អាមេរិក៖ ក្រោយពីបានលុតជង្គង់ សុំមិត្តស្រីរៀបការនៅកណ្តាលសង្វៀន ក្នុងព្រឹត្តការណ៍ Wrestlemania ហើយនោះ ពេលនេះអ្នកកីឡាកាសអាជីព John Cena និងគូដណ្តឹង បានប្រកាសប្រាប់សារព័ត៌មាន TMZ ថា ខ្លួនគ្មានគំរោងចង់បានកូននោះទេ។

គូដណ្តឹងថ្មីថ្មោងរបស់ John Cena គឺអ្នកនាង Nikki Bella បានថ្លែងប្រាប់សារព័ត៌មាន TMZ យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់ទទួលបានសំនួរទាក់ទងនឹងការយកកូននេះច្រើនដងហើយ ចឹងខ្ញុំសូមប្រាប់ថា ពួកយើងគ្មានបំណងចង់បានកូននោះទេ» ។

Nikki បានពន្យល់បន្ថែមទៀតថា «តាមពិត John គាត់មិនចង់បានកូននោះទេ ដូច្នេះហើយ ទើបពួកយើងសម្រេចចិត្ត និងមិនមានគំរោងយកកូននៅថ្ងៃអនាគត» ។

គួររំលឹកផងដែរថា John Cena បានសុំមិត្តស្រីរៀបការ ធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជាង៧មឺុននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹត្តការណ៍ Wrestlemania ដែលធ្វើឡើងក្នុងកីឡដ្ឋាន Cutis Bowl នាទីក្រុង Orlando សហរដ្ឋអាមេរិក។

ទាក់ទងនឹងរឿងនេះដែរ Nikki បានបន្តប្រាប់ប្រភពព័ត៌មានបន្ថែមទៀតថា «ខ្ញុំពិតជាមិននឹកស្មានថា គាត់អាចធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ជុំវិញមនុស្សជាច្រើនដល់ថ្នាក់នេះទេ» ។

នាងបានបន្តថា «ខ្ញុំបានគិតថា តើនេះជាការពិតឬយ៉ាងណា? តើវាពិតជាបានកើតឡើងចំពោះខ្ញុំពិតមែនឬ? ខ្ញុំពិតជាមិននឹងស្មានដល់ពិតមែន!!» ។

គួរបញ្ជាក់ផងដែរ ចំពោះគម្រោងរៀបការរបស់អ្នកទាំងពីរវិញ គឺមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ដោយសារតែរឿងសុំរៀបការនេះ បានកើតឡើងភ្លាមៗពេក។ នេះបើយោងតាមការអះអាងបន្ថែមពីគូដណ្តឹងរបស់ អ្នកកីឡាកាស John Cena ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]