អាហ្សង់ទីន៖ ការប្រកួតបាល់ទាត់មួយក្នុងប្រទេសអាហ្សង់ទីន ក្នុងពានរង្វាន់ Copa Sudamericana រវាងក្រុម Independiente ទល់នឹងក្រុម Allianz Lima បានបញ្ចប់ទៅដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ 

យ៉ាងណាក៏ដោយ រឿងដ៏ហួសចិត្ដមួយបានកើតឡើងអំឡុងការប្រកួតនោះ គឺប្រព័ន្ធទឹកសម្រាប់ស្រោចស្មៅលើទីលាន បានបាញ់ខុសពេល ពោលគឺបានបាច់ចំកីឡាករទាំងសងខាង ក៏ដូចជាអាជ្ញាកណ្ដាល ដែលធើ្វឲ្យលោកអាជ្ញាកណ្ដាលសម្រេចផ្អាកការប្រកួតជាបណ្ដោះអាសន្ននៅក្នុងកីឡដ្ឋាន Estadio Libertadores de America កាលពីថៃ្ងពុធ កន្លងទៅ។ 

នៅពេលមានរឿងបែបនេះកើតឡើង គ្រូបង្វឹករបស់ក្រុម Independiente លោក Ariel Holan មានការខឹងសម្ប៉ាយ៉ាងខ្លាំងដោយលោកបានទាត់ដបទឹក ហើយបោះដបទឹកចូលក្នុងទីលាន ពោរពេញទៅដោយកំហឹង។

ចំនែកឯកីឡាករទាំងសងខាងវិញ ពុំបានធើ្វអ្វីក្រៅពីឈរមើលខ្លួនឯងទទឹកជោគនោះទេ ខណៈដែលការប្រកួត ក៏បានបន្ដវិញ ក្រោយពីបានសម្រួលប្រព័ន្ធទឹករួចរាល់។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ០-០ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត៩០នាទី៕

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Messi ថា ក្នុងចំណោមពានទាំងអស់ មានតែមេដាយមាសអូឡាំពិកមួយទេ ដែលសំខាន់ជាងគេសម្រាប់ខ្លួន ព្រោះតែ...

អេស្ប៉ាញ៖ ពាក្យរិះគន់របស់អ្នកគាំទ្រមកកាន់ទម្រង់លេងរបស់ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅតែបន្តមកទល់បច្ចុប្បន្ននេះ ខណៈម្ចាស់សាមីខ្លួន បានចេញមកបញ្ជាក់ថា ពាក្យរិះគន់ទាំងនោះមិនមានផលប៉ះពាល់អ្វីធំដុំទេសម្រាប់ខ្លួន។ នេះបើយោងតាមពាក្យសម្តីរបស់ Messi ថ្លែងកាន់សារព័ត៌មាន Esqurie របស់ប្រទេសអេស្ប៉ាញ។

ថ្លែងប្រាប់សារព័ត៌មាន Messi បានបញ្ជាក់ទៀតថា បើទោះជាមានការិះគន់យ៉ាងណាក៏ដោយ ក៏ខ្លួននៅតែបន្តខំប្រឹងលេងឲ្យក្រុមជម្រើសជាតិដដែល ពីព្រោះកីឡាករនីមួយៗសុទ្ធតែចង់បានជ័យជំនះជូនក្រុមរបស់ខ្លួន។

Messi បាននិយាយដូច្នេះថា «ពាក្យរិះគន់ដែលខ្ញុំទទួល គឺមិនមែនជាអ្វីៗដែលខ្ញុំត្រូវខ្វល់នោះទេ ព្រោះខ្ញុំបានដឹងច្បាស់ពីរឿងដែលបានកើតឡើង» ។

Messi បន្តទៀតថា «ខ្ញុំយល់ច្បាស់ណាស់ថាអ្នកគាំទ្រតែងតែចង់ឲ្យយើងជោគជ័យ ជាពិសេសនោះ គឺឈ្នះបានពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែវាមិនងាយស្រួលនោះទេ ព្រោះមិនមែនតែយើងទេ ដែលចង់ឈ្នះនោះ ពោលគឺនៅមានក្រុមជម្រើសជាតិផ្សេងៗទៀត ដែលខំប្រឹងប្រែងចង់ឈ្នះ» ។ 

ពាក់ព័ន្ធនឹងរឿងពានរង្វាន់នេះដែរ Messi បានថ្លែងប្រាប់សារព័តមានឲ្យដឹងទៀតថា «ក្នុងចំណោមពានរង្វាន់ទាំងអស់ ពានដែលខ្ញុំឲ្យតម្លៃ និងមានសារៈសំខាន់ជាងគេ គឺមេដាយមាសអូឡាំពិក ឆ្នាំ២០០៨ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន» ។

Messi បានប្រាប់ពីមូលហេតុថា «ព្រឹត្តការណ៍កីឡាអូឡាំពិក ៤ឆ្នាំមានម្តង ហើយមិនប្រាកដថា យើងបានលេងជាប់រហូតនោះទេ ព្រោះជាទូទៅក្រុមជម្រើសជាតិតែងតែផ្តល់សិទ្ធិខ្ពស់បំផុតទៅលើកីឡាករក្មេងៗ ឲ្យចូលរួមលេងកីឡាអូឡាំពិក» ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងប្រឈមនឹងក្តីបារម្ភ មិនបានឡើងទៅលេង World Cup នៅឆ្នាំក្រោយ ដោយសារតែ Messi ជាប់ពិន័យ៤ប្រកួត ស្របពេលដែលក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅក្នុងតារាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]