អេស្ប៉ាញ៖ ពាក្យរិះគន់របស់អ្នកគាំទ្រមកកាន់ទម្រង់លេងរបស់ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅតែបន្តមកទល់បច្ចុប្បន្ននេះ ខណៈម្ចាស់សាមីខ្លួន បានចេញមកបញ្ជាក់ថា ពាក្យរិះគន់ទាំងនោះមិនមានផលប៉ះពាល់អ្វីធំដុំទេសម្រាប់ខ្លួន។ នេះបើយោងតាមពាក្យសម្តីរបស់ Messi ថ្លែងកាន់សារព័ត៌មាន Esqurie របស់ប្រទេសអេស្ប៉ាញ។

ថ្លែងប្រាប់សារព័ត៌មាន Messi បានបញ្ជាក់ទៀតថា បើទោះជាមានការិះគន់យ៉ាងណាក៏ដោយ ក៏ខ្លួននៅតែបន្តខំប្រឹងលេងឲ្យក្រុមជម្រើសជាតិដដែល ពីព្រោះកីឡាករនីមួយៗសុទ្ធតែចង់បានជ័យជំនះជូនក្រុមរបស់ខ្លួន។

Messi បាននិយាយដូច្នេះថា «ពាក្យរិះគន់ដែលខ្ញុំទទួល គឺមិនមែនជាអ្វីៗដែលខ្ញុំត្រូវខ្វល់នោះទេ ព្រោះខ្ញុំបានដឹងច្បាស់ពីរឿងដែលបានកើតឡើង» ។

Messi បន្តទៀតថា «ខ្ញុំយល់ច្បាស់ណាស់ថាអ្នកគាំទ្រតែងតែចង់ឲ្យយើងជោគជ័យ ជាពិសេសនោះ គឺឈ្នះបានពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែវាមិនងាយស្រួលនោះទេ ព្រោះមិនមែនតែយើងទេ ដែលចង់ឈ្នះនោះ ពោលគឺនៅមានក្រុមជម្រើសជាតិផ្សេងៗទៀត ដែលខំប្រឹងប្រែងចង់ឈ្នះ» ។ 

ពាក់ព័ន្ធនឹងរឿងពានរង្វាន់នេះដែរ Messi បានថ្លែងប្រាប់សារព័តមានឲ្យដឹងទៀតថា «ក្នុងចំណោមពានរង្វាន់ទាំងអស់ ពានដែលខ្ញុំឲ្យតម្លៃ និងមានសារៈសំខាន់ជាងគេ គឺមេដាយមាសអូឡាំពិក ឆ្នាំ២០០៨ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន»

Messi បានប្រាប់ពីមូលហេតុថា «ព្រឹត្តការណ៍កីឡាអូឡាំពិក ៤ឆ្នាំមានម្តង ហើយមិនប្រាកដថា យើងបានលេងជាប់រហូតនោះទេ ព្រោះជាទូទៅក្រុមជម្រើសជាតិតែងតែផ្តល់សិទ្ធិខ្ពស់បំផុតទៅលើកីឡាករក្មេងៗ ឲ្យចូលរួមលេងកីឡាអូឡាំពិក»

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងប្រឈមនឹងក្តីបារម្ភ មិនបានឡើងទៅលេង World Cup នៅឆ្នាំក្រោយ ដោយសារតែ Messi ជាប់ពិន័យ៤ប្រកួត ស្របពេលដែលក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅក្នុងតារាង៕ 

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Ronaldo ដាក់លក់រថយន្ដដំបូងបំផុតរបស់ខ្លួន តម្លៃជាង ១ម៉ឺន៦ពាន់ដុល្លារ

ព័រទុយហ្គាល់៖ តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានគេស្គាល់ថាជាកំពូលកីឡាករបាល់ទាត់មួយរូបក្នុងពេលបច្ចុប្បន្ននេះ។

ចំនែកឯចំណូលរបស់ Ronaldo ដែលរកបានពីការប្រកបអាជីពបាល់ទាត់ កុងត្រាជាមួយក្រុមហ៊ុនផ្សេងៗ ក៏ដូចជាជំនួញរបស់គេ បានធើ្វឲ្យកីឡាកររូបនេះ ក្លាយជាបុរសដែលអាចរកចំណូលបានច្រើនជាងគេនៅក្នុងពិភពកីឡាផងដែរ។

Ronaldo ជាកីឡាករបាល់ទាត់ម្នាក់ដែលចូលចិត្ដលេងម៉ូតរថយន្ត ស្របពេលដែលរូបគេបានចំណាយទឹកប្រាក់រហូតដល់ទៅ ៥លានផោន (ជាង៦លានដុល្លារ) ក្នុងការទិញរថយន្តមួយចំនួនសម្រាប់ជិះលេងកម្សាន្ត។

យ៉ាងណាមិញ បើតាមអ្នករាយការណ៍បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះ បានសម្រេចចិត្តដាក់លក់រថយន្ដដំបូងបំផុតរបស់គេហើយ ក្នុងតម្លៃរហូតដល់ ១៣,៥០០ផោន (១៦,៨៤៥ដុល្លា) ។

គួរបន្ថែមទៀតផងដែរថា នេះគឺជារថយន្ដដែល Ronaldo បើកបរជាលើកដំបូង នៅពេលដែលរូបគេមកកាន់ក្លឹបបិសាចក្រហម Manchester United ។

បើយោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសព័រទុយហ្គាល់ ឈ្មោះ Mutidesportos បានឲ្យដឹងថា រថយន្តរបស់ Ronaldo ត្រូវបានដាក់លក់ក្នុងគេហទំព័រ Standvirtual ដោយរថយន្តមួយគ្រឿងនេះ មានពណ៌ខៀវចាស់ ម៉ាក Audi S3 coupe ដែលរូបគេបានទិញនៅអាយុ១៨ឆ្នាំ អំឡុងពេលលេងឲ្យ Manchester United។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសព័រទុយហ្គាល់ដដែលបានអះអាងថា នេះគឺជារថយន្តដែលផលិតក្នុងប្រទេសអីុតាលី ហើយធ្លាប់បានធ្វើដំណើរអស់ចំនួន ១៦២០០០គីឡូរួចមកហើយ ខណៈដែលរថយន្តនេះមិនមែនជារតយន្តទីមួយទេ ដែល Ronaldo បានលក់នោះ ពោលគឺរូបគេធ្លាប់បានដាក់លក់ឡានមុនៗអស់ជាច្រើនគ្រឿងមកហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]