ស្វាយរៀងៈ រថយន្តដឹកអុសធុនធំមួយគ្រឿង ម៉ាកហ្សូស៊ូ ពាក់ស្លាកលេខ តាកែវ ៣A ០៦២១ បានក្រឡាប់ផ្ងារជើង ដោយ សារ អ្នកបើកមើលមិន ឃើញផ្លូវព្រោះតែ មេឃធ្លាក់ភ្លៀងខ្លាំង។ ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ១រំលង អាធ្រាត្រ ចូលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១២ នៅលើស្ពានប្រសូត្រ ស្ថិតនៅក្នុង ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ជាប់ និង ស្រុកស្វាយទាប។

យោងតាមប្រជាពលរដ្ឋ ដែលរស់នៅជិត កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តធុនធំនេះ បានដឹកអុស ពេញឡើងហៀ ពីខេត្តកំពង់ចាម យកទៅដាក់ឡឥតនៅ ក្រុងបាវិត ខេត្តស្វាយរៀង លុះមកដល់ត្រង់ចំណុច កើតហេតុ ដោយសារតែ មានភ្លៀងខ្លាំងស្រាប់តែ រថយន្តបើកបុកទ្រូង ស្ពានបណ្ដាលឲ្យ ក្រឡាប់ផ្ងារជើងកណ្ដាលស្ពាន ជះអុសចូល ព្រែកអណ្ដែត ត្រៀបត្រាតែម្ដង។

សាក្សីបានប្រាប់បន្តទៀតថា គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យ មានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ណាម្នាក់ទេ។ ដោយឡែកអ្នក បើកបរ និងព្រូរថយន្ត បានរងរបួសស្រាល ហើយកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ចំណែក ស្ពានបានខូចបង្កាន់ដៃ តិចតួចប៉ុណ្ណោះ។

លោក ដាំ ឃា អធិការស្រុកស្វាយទាប បានប្រាប់ឲ្យដឹងថា លោកកំពុងតែបញ្ជា មន្រ្តីក្រោមឱវាទរបស់ លោកឲ្យរើអុសចេញ មុននឹងអូសយក រថយន្តនេះចេញពីលើស្ពាន ហើយក៏កំពុងតែធ្វើចរាចរណ៏នៅលើផ្លូវនោះ ដើម្បីធ្វើយ៉ាងណា កុំឲ្យកកស្ទះ។

លោកអធិការបានបន្តទៀតថា កំលាំងរបស់លោក បានយាមការពារ ទីតាំងកន្លែងកើតហេតុតាំងពី យប់មិញមកម៉្លេះ ដើម្បី កុំឲ្យមានគ្រោះថ្នាក់ បន្ថែមទៀតព្រោះរថយន្ត ផ្ញាជើងពេញស្ពានតែម្ដង បើមិនមានការពារទេ អាចនឹងមានគ្រោះថ្នាក់ ចរាចរណ៏ បន្ថែមទៀតហើយម្យ៉ាងទៀតនេះ ជាផ្លូវជាតិដែលសំបូរទៅដោយ អ្នកធ្វើដំណើរផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]