ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀង៣ដួង ដែលជាអតីតបេក្ខជននៅក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្ត HYUNDAI ធំមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង ប៉ុន្តែជាសំណាងល្អដែរ ដែលមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

អ្នកនៅក្នុងហេតុការណ៍ រួមមានតារាចម្រៀងលោក អ៊ាម វន្នី ជាអ្នកបើកបរ ហើយកញ្ញា សុវត្ថិឌី ធារិកា និងលោក មាស មុន្នីរាជ ជាអ្នករួមដំណើរជាមួយគ្នាក្នុងរថយន្តតែមួយ។ 

គ្រាន់តែកើតហេតុការណ៍ភ្លាម កញ្ញា សុវត្ថិឌី ធារិកា បាន Live វីដេអូនៅលើហ្វេសប៊ុកភ្លាមៗផងដែរ ដោយបានប្រាប់ឱ្យដឹងថា រថយន្តរបស់ពួកគេបានឈប់ព្រោះតែជាប់ស្តុប ហើយឡាន HYUNDAI នោះ ក៏បានបើកមកពីក្រោយហើយបុករថយន្តពួកគេខ្ទាតប្រមាណជា៤-៥ម៉ែត្រទៅខាងមុខ បណ្តាលឱ្យផ្នែកខាងក្រោយរបស់រថយន្តរងការខូចខាតខ្លាំង និងបែកស្តុបផ្នែកខាងក្រោយ មួយចំហៀង។

ភ្លាមៗនោះ អ្នកទាំងបី ក៏បានចុះពីរថយន្ត ដើម្បីធ្វើការដោះស្រាយ ហើយអ្នកបើកបរឡាន HYUNDAI ក៏បានប្រាប់ថាហ្វ្រាំងរថយន្តមិនស៊ី ទើបបណ្តាលឱ្យបុកពីក្រោយដូច្នេះ។ បន្ទាប់មកអ្នកបើកបររូបនេះ ក៏បានហៅថៅកែរបស់ខ្លួនមកដោះស្រាយទាំងយប់។

សូមបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើង ពេលដែលតារាទាំងបីដួងបានចេញពីកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ «កតញ្ញូរាត្រី»កាលពីយប់មិញ។ ក្នុងនោះកញ្ញា សុវត្ថិឌី ធារិកា បានរងរបួសត្រង់ចង្កេះបន្តិចបន្តួច និងលោក មាស មុន្នីរាជ ក៏បានប៉ះទង្គិចនៅលើទ្រូងបន្តិចដែរព្រោះកម្លាំងឡានបុកពីក្រោយ។ 

ចំណែកឯលោក អ៊ាម វន្នី វិញក៏មិនបានកើតអ្វីធ្ងន់ធ្ងរដែរ ប៉ុន្តែលោកហាក់ដូចជាសំណាងអាក្រក់ផ្ទួនៗគ្នា ដោយសារតែកាលពីចុងខែមីនានេះ ផ្ទះលោកនៅបាត់ដំបងទើបតែត្រូវភ្លើងឆេះ ឥឡូវមកជួបរឿងស៊យបែបនេះទៀត៕

ទស្សនាវីដេអូ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី