(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីល្បាញ ពីអតីតកាល អ្នកនាង យក់ ឋិតរដ្ឋា បានផ្លាស់ប្ដូរទ្រនំពីផលិតកម្ម ហង្សមាស មកផលិតកម្ម ថោន ហើយហាក់មានទំនុកចិត្តខ្លាំង ព្រោះអតីតអ្នកដឹកនាំ ផលិតកម្មវិធីដ៏ល្បីល្បាញលោក អ៊ីន ទីតូ ក៏មានវត្តមាននៅក្នុងទ្រនំនេះដូចគ្នា។

ក្ដីរំពឹងរបស់តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា មុននឹងឈានជើង ចូលមកក្នុងផលិតកម្ម ថោន នាងបានបង្ហាញក្ដីរំពឹងថា នឹងអាចឡើងកូដជាងមុនមិនខាន តែហាក់នៅឆ្ងាយសន្លឹម ខណៈបទចម្រៀងថ្មីៗរបស់នាង គ្មានបទចម្រៀងណាមួយផ្ទុះ ហើយល្បីល្បាញឡើយ ពោលសូម្បីតែចំណងជើងបទចម្រៀង ក៏គ្មានអ្នកណាដឹងថា បទអ្វីខ្លះនោះទេ គួបផ្សំឆ្នាំនេះ បទចម្រៀងផលិតកម្ម ថោន ល្បីល្បាញខ្លាំងតែបទរបស់អ្នកផ្សេង ក្រៅពីនោះហាក់មិនមានបទចម្រៀងណាមួយ ទាក់ចិត្តឡើយ។

អ្នកនាង យក់ ឋិតរដ្ឋា បានសម្ដែងនូវអារម្មណ៍ព្រួយ បារម្ភជាច្រើនលើកច្រើនសារ ក្នុងបណ្ដាញសង្គមអំពីអាជីព ចម្រៀងរបស់នាង ហើយបានព្យាយាមលើកទឹកចិត្តខ្លួនឯង ជាហូរហែ តែហាក់មិនអាចទទួលបានអ្វី ដែលនាងរំពឹងទុកឡើយ ពោលនាងនៅតែធម្មតាៗ ដូចកាលនៅជ្រកកោនក្នុងផលិតកម្មចាស់ដដែល ហើយគ្មានអ្វីប្លែកទាល់តែសោះ។ អ្វីដែលនាងធ្វើ ពោលគឺតារាចម្រៀងល្បីៗផ្សេងៗ សឹងតែលែងធ្វើទៅហើយ ព្រោះវាសាំដដែលៗពេក។ រីឯបទចម្រៀងឆ្លើយឆ្លងរបស់ យក់ ឋិតរដ្ឋា ជាមួយតារាចម្រៀងសំឡេងស្អកដូចគ្នា លោក ខេម វិញ ក៏មិនមានអ្វីទាក់ទាញឡើយ នេះក៏ជាអ្វី ដែលនាងបានរំពឹងខ្ពស់ផងដែរ។

ថ្វីត្បិត យក់ ឋិតរដ្ឋា ខកបំណងជាថ្មី នៅផលិតកម្ម ថោន ក៏ពិតមែន ប៉ុន្តែនាងមិនបានព្រួយចិត្ត រឿងប្រាក់ចំណូលនោះទេ ព្រោះរាល់ថ្ងៃនេះ នាងស្ទើរតែក្លាយទៅជាសេដ្ឋីនីទៅហើយ ព្រោះមានមុខជំនួញច្រើន ក្នុងនោះនាងជាម្ចាស់ហាងអាហារដ៏ល្បីល្បាញ នៅកណ្ដាលក្រុងភ្នំពេញ ហើយស្វាមីរបស់នាង មានអាជីវកម្មផ្ទាល់ខ្លួន ផ្នែកអចលនៈទ្រព្យ ដែលមានលុយជាច្រើនក្នុងដៃ។ តែអ្វីដែលសំខាន់ អ្នកនាងមានចិត្តស្រឡាញ់សិល្បៈខ្លាំង ទើបនាង មិនព្រមបោះបង់វាចោលទាល់តែសោះ។ យក់ ឋិតរដ្ឋា មានអ្វីៗក្នុងថ្ងៃនេះ ដោយសារសិល្បៈ ហើយទោះបីមានកូនពីរជាមួយស្វាមី លោក ឃុំ ប៉ុណ្ណាដែត ក៏នាងមិនបោះបង់វាចោលឡើយ។

ជាការពិតអ្នកនាង យក់ ឋិតរដ្ឋា ជាតារាចម្រៀងដូរផលិតកម្មច្រើនជាងគេ ព្រោះផលិតកម្មតូចធំជាច្រើន នាងបានចូលច្រៀងសឹងតែអស់ផលិតកម្មទៅហើយ តែចុងក្រោយនេះ តារាចម្រៀងក្មេងៗស្រករក្រោយមានច្រើន ទើបហាក់ពិបាកប្រកួតប្រជែង។ ម្យ៉ាងគេមានទាំងសមត្ថភាពសម្រស់នឹងសំឡេង ៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស្វែង សុជាតា អះអាង​ថា ប្ដីក្មេងរបស់នាង ជាព្រះមកប្រោះព្រំជីវិត​ឲ្យ​រស់ឡើង​វិញ ឃើញពន្លឺ​ថ្ងៃជាថ្មី!

(ភ្នំពេញ)៖ ជំងឺដុះដុំសាច់ក្នុងខួរក្បាលរបស់តារាសម្ដែង ស្វែង សុជាតា វិញ ត្រូវបាននាងអះអាងថា បើកុំតែបានជួបជាមួយស្វាមី ដែលជាអ្នកសច្ចំ និងជាគ្រូផ្សំថ្នាំបុរាណ ជួយព្យាបាលនាង ម៉្លេះនាងត្រូវបាត់បង់ពីផែនដីនេះ បាត់ទៅហើយ។ ស្វែង សុជាតា បានចាត់ទុកស្វាមីក្មេងក្រោយនេះថា ជាព្រះមកប្រោះព្រំជីវិតឲ្យនាងបានរស់ឡើងវិញ ឃើញពន្លឺថ្ងៃជាថ្មី។ ដូច្នេះនាងសច្ចាថា នឹងមើលថែគ្នាទៅវិញទៅមក លុះជីវិតសូន្យរៀងៗខ្លួន ពោលគឺនាងសន្យាខ្លួនឯងថា នឹងបញ្ចប់ជីវិតស្នេហាត្រឹមនេះហើយ។

នៅពេលមានអ្នករិះគន់ និងមិនជឿថា ជំងឺដុះដុំសាច់ក្នុងខួរក្បាលរបស់ ស្វែង សុជាតា គឺមិនមែនស្វាមីនាង ជាអ្នកព្យាបាលឲ្យជាសះស្បើយនោះ អ្នកនាង ស្វែង សុជាតា បានបង្ហាញឯកសារពេទ្យមួយសន្លឹក ដែលបានរក្សាទុក តាំងពីឆ្នាំ២០១១ ពេលទៅព្យាបាលនៅក្នុងប្រទេសថៃ ដើម្បីបង្ហាញឲ្យបានច្បាស់ជាភស្តុតាង បញ្ជាក់ថា អ្នកនាងពិតជាកើតជំងឺមហារីកដុះសាច់ ក្នុងខួរក្បាល មុនផឹកថ្នាំខ្មែររបស់ស្វាមី ពិតមែន។ អ្នកនាងក៏បានយកអំណះអំណាងអ្នកជំងឺ២រូបទៀត ដែលកើតជំងឺមហារីក ឬដុំសាច់បែបនេះដូចគ្នា ហើយត្រូវបានពួកគេនិយាយថា ក្រោយផឹកថ្នាំខ្មែររបស់នាង គឺពិតជាថតលែងឃើញដុំសាច់មែន។ អ្នកនាង ស្វែង សុជាតា បានបង្ហាញឯកសារមួយសន្លឹក ដែលមានដាច់រហែកផងនោះ មកបញ្ជាក់ថា អ្នកនាងមានជំងឺដុំសាច់ រហូតដល់ថ្នាក់កោរត្រងោល កាលពីនាងចាកចេញពីសិល្បៈមួយរយៈធំ។ 

តារាសម្ដែងល្បីឈ្មោះរូបនេះ បន្ថែមថា បើគ្មានថ្នាំស្វាមីរបស់នាងទេ ប្រហែលជានាងស្លាប់បាត់ទៅហើយ ដោយសារតែក្នុងពេលនោះ ពេទ្យថៃទារវះក្នុងតម្លៃរាប់ម៉ឺនដុល្លារ ហើយអ្នកនាងមិនមានលទ្ធភាព។ នៅពេលនេះ ខ្លួនក៏សម្រេចឲ្យស្វាមីផ្សំថ្នាំខ្មែរដាក់លក់ គ្រាន់តែក្នុងបំណងឲ្យស្វាមី ដែលជាអតីតអ្នកសច្ចំនៅភ្នំគូលែនបានរួម ចំណែកប្រោះសត្វលោកប៉ុណ្ណោះ ដោយសារតែអ្នកនាងដឹងថា មានអ្នកកើតជំងឺដុំសាច់ច្រើននាក់ធ្លាក់ខ្លួនអស់សង្ឃឹម ដូចជារូបនាងកាលពីមុន។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ នឹងរឿងលក់ថ្នាំបន្សាបសារជាតិញៀនវិញ ត្រូវបាន ស្វែង សុជាតា បញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្ម ពីសំណាក់មន្រ្តីក្រសួងសុខាភិបាល ទៅលើការផ្សព្វផ្សាយពីប្រសិទ្ធិភាព ថ្នាំផ្ដាច់គ្រឿងញៀន ឬផ្ដាច់សារជាតិញៀន របស់ស្វាមីវ័យក្មេង របស់នាងរួចមក អ្នកនាង ស្វែង សុជាតា បានចេញមុខអះអាងថា ការចរាចរឱសថបុរាណ (ថ្នាំខ្មែរ) ដើម្បីបន្សាបសារជាតិញៀនរបស់ស្វាមីនាង គឺត្រូវបានទទួលស្គាល់ពីសំណាក់ មន្រ្តីក្រសួងសុខាភិបាលហើយ បន្ទាប់ពីមានការចុះត្រួតពិនិត្យ និងធ្វើការណែនាំយ៉ាងត្រឹមត្រូវរួចមក។

ក្នុងជំនួបពិភាក្សាមួយ អ្នកនាង ស្វែង សុជាតា ដែលធ្លាប់តែជាតារាសម្ដែង អស់សង្ឃឹមក្នុងជីវិត បានបញ្ជាក់ប្រាប់ថា ថ្នាំបន្សាបសារជាតិញៀន ដែលកន្លងមកក្រសួងសុខាភិបាលធ្លាប់មានប្រតិកម្ម គឺនៅពេលនេះ មន្ត្រីតំណាងក្រសួងសុខាភិបាល បានទទួលស្គាល់ថា មានសារជាតិជួយបន្សាបគ្រឿងញៀនពិតមែន ក្រោយពេលពិនិត្យ និងធ្វើការពិសោធន៍រួចរាល់។ ប៉ុន្តែថ្នាំរបស់អ្នកនាងមួយមុខ មិនអាចបន្សាបបានទំាំងស្រុងនោះទេ គឺលុះត្រាតែបន្ថែមថ្នាំមួយចំនួនទៀត ផ្សំចូលគ្នាទើបមានប្រសិទ្ធិភាពខ្ពស់ជាងនេះ។

តារាសម្ដែង ស្វែង សុជាតា បានសង្កត់ធ្ងន់ថា ថ្នាំរបស់ស្វាមីខ្លួន ពិតជាមានប្រសិទ្ធិភាព ប៉ុន្តែបណ្ដាលមកពីអ្នកនាង មិនទាន់បានសុំសិទ្ធិពីក្រសួង ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ទើបមិនអាចផ្សព្វផ្សាយទូលំទូលាយបាន។ តែនៅពេលទទួលបានការណែនាំ ពីមន្រ្តីក្រសួងសុខាភិបាល ឲ្យស្វាមីរបស់នាងទៅសិក្សារៀនសូត្របន្ថែម ដើម្បីទទួលបានលិខិតបញ្ជាក់ត្រឹមត្រូវ ឬសញ្ញាបត្រសំគាល់ថ្នាំរបស់ខ្លួន គឺអ្នកនាងនិងស្វាមី កំពុងតែចាប់ផ្ដើមអនុវត្តបណ្ដើរៗហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា