ខេត្តបាត់ដំបង ៖ ជនម្នាក់ក្នុងចំណោម៥នាក់ ដែលសមត្ថកិច្ចសង្ស័យថា ជាជនសកម្មក្នុងមុខរបរចែកចាយ និងប្រើប្រាស់ថ្នាំញៀនផង បានត្រូវចាប់ឃាត់ខ្លួនក្រោយពីពួកគេព្រួតគ្នាវាយដំទៅ លើយុវសិស្សម្នាក់ស្ទើរស្លាប់ស្ទើររស់ កាលពីល្ងាចថ្ងៃទី១ តុលា នៅខាងមុខអនុវិទ្យាល័យសោហឺ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយចោទយុវសិស្សនោះថា បានស្តោះទឹកមាត់ដាក់មិត្តភក្តិរបស់ខ្លួនពេល ជិះម៉ូតូកាត់មុខ។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា ក្រុមជនដៃដល់៥នាក់នេះបានព្យាយាមរត់ គេចខ្លួនក្រោយពីព្រួតគ្នាវាយទៅលើជនរងគ្រោះរួច តែមួយថ្ងៃក្រោយទើបសមត្ថកិច្ចស្វែងរក ឃាត់ខ្លួនបានម្នាក់ ឈ្មោះណុច រដ្ឋា ហៅចយ អាយុ២៣ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ សមត្ថកិច្ចបញ្ជាក់ថា ជននេះក្រៅពីដើរបង្កជម្លោះតាមសាលារៀនក៏ជាអ្នកចែកចាយ ថ្នាំញៀនយ៉ាងសកម្មផងដែរ ។ ជននេះ និងបក្សពួក៤នាក់ទៀតបានព្រួតគ្នាវាយ ដំទៅលើយុវសិស្សឈ្មោះឃឹម វាសនា អាយុ១៥ឆ្នាំ រៀននៅអនុវិទ្យាល័យសោហឺ ដោយចោទយុវសិស្សរូបនេះថា បានស្តោះទឹកមាត់ដាក់មិត្តភក្តិរបស់ខ្លួនពេលជិះម៉ូតូកាត់មុខ ។

ជើងខ្លាំងឈ្មោះណុច រដ្ឋា ហៅចយ បានសារភាពថា ខ្លួន និងមិត្តភក្តិ៤នាក់ទៀតពិតជាបាន ព្រួតគ្នាវាយទៅលើឈ្មោះវាសនា នោះមែន ខណៈដែលខ្លួននិងមិត្តភក្តិ៣នាក់ គឺខ្លួន (ចយ) ឈ្មោះសិទ្ធ និងឈ្មោះហុង កំពុងលេងបុកប៊ីយ៉ា ស្រាប់តែមិត្តភក្តិរបស់ខ្លួន២នាក់ទៀត គឺឈ្មោះបណ្ឌិត និងឈ្មោះរ៉ូ បានទូរស័ព្ទប្រាប់ថា ឈ្មោះវាសនា (ជនរងគ្រោះ) បានស្តោះទឹកមាត់ដាក់ពួកគេ (បណ្ឌិត និងរ៉ូ) ឮដូច្នេះពួកខ្លួន៣នាក់ក៏នាំគ្នាជិះម៉ូតូទៅមើល ហើយព្រួតគ្នាវាយតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]