ថៃ៖ ថ្មីៗនេះ ការថតរឿងភាគថ្មីដែលមានចំណងជើងថា «Nang Fah Rai Peek ឬទេពអប្សរបាក់ស្លាប» បានត្រូវផ្អាកមួយរយៈដោយសារតួសម្តែងបានចេញមុខមកទារតម្លៃខ្លួន ខណៈដែលរឿងនេះកំពុងតែល្បីថាជួបរឿងក្ស័យធន។

ក្នុងនោះដែរ តារាសម្តែងស្រី Pancake Khemanit ដែលបានដើរតួជាតារាឯកស្រី និងជាអ្នកមានចំណែកនៅក្នុងការដាក់ទុន ថតរឿងនេះជាមួយផលិតករផងនោះ ក៏បានបង្ហើបឱ្យអ្នកសារព័ត៌មាននៅក្នុងស្រុកដឹងថា នាងនឹងនៅតែបន្តថតរឿងនេះទៅមុខទៀត ទោះបីជាដំណើរការថតរឿងនេះកំពុងជួបបញ្ហាក៏ដោយ។

Pancake Khemanit ប្រាប់ទៀតថា រឿងលុយ៧លានបាតដែលត្រូវចំណាយនៅក្នុងការថតរឿងនេះ គឺស្ថិតនៅលើផលិតករធំទាំងអស់ ហើយពេលនេះនាងក៏កំពុងតែរង់ចាំស្តាប់ការផ្តល់ទិន្នន័យច្បាស់លាស់ផងដែរ រឿងការចំណាយទៅលើតួសម្តែងនីមួយៗ។

ទោះជាយ៉ាងនេះក្តី កញ្ញា Pancake Khemanit នៅតែសង្ឃឹមថា គ្រប់យ៉ាងនឹងមានដំណើរការល្អប្រសើរឡើងវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងដែរថា រឿងភាគថ្មីនេះ មានការចូលរួមចំណែកនៅក្នុងការផលិតពីកញ្ញា Pancake Khemanit និងម្តាយរបស់នាងជាលើកដំបូងផងដែរ។ ក្រោយកើតរឿងការចំណាយលុយលើតួសម្តែងនេះ សង្សាររបស់ Pancake Khemanit ក៏តែងតែនៅក្បែរ និងចាំលើកទឹកចិត្តជានិច្ច៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានចាស់មួយទៀត ទោះរឿងភាគត្រូវក្ស័យធន ប៉ុន្តែ Pancake ក្នុងឈុតជានារីបម្រើការលើយន្តហោះ ពិតជាស្អាតមិនធម្មតាមែន។

ស្របពេលដែលមានតារាសម្តែងស្រីជាច្រើនដួង កំពុងតែប្រណាំងប្រជែងគ្នាដណ្តើមបានប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងវិស័យខ្សែភាពយន្ត តារាស្រីលំដាប់ជួរមុខនាង Pancake Khemanit ក៏ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិចដែរ ក្នុងវិស័យនេះ ព្រោះដោយសារតែរឿងភាគដែលនាងបានសម្តែង កំពុងតែជួបបញ្ហាក្ស័យធន និងរឿងផ្ទៃក្នុងជាច្រើន។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏យើងឃើញ Pancake Khemanit នៅក្នុងរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា «Nang Fah Rai Peek» ពិតជាមានភាពស្រស់ស្អាតប្លែកទៀតហើយ នៅក្នុងឈុតថ្មីជានារីបម្រើការលើយន្តហោះ។

គួរឱ្យដឹងដែរថា ក្នុងការថតរឿងភាគថ្មីនេះ នាងបានសម្តែងជាមួយលោក Tanapool ដែលជាតួឯកប្រុស និងមានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើននាក់ទៀតផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងការថតរឿងភាគនេះ ក៏មានការចេញសម្តែង ថតនៅប្រទេស ហុងកុងផងដែរ​ ដោយបានចាប់ផ្តើមថត តាំងពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ។ ថ្មីៗនេះក៏បានលេចឮថា គម្រោងថតរឿងនេះត្រូវបានដួលរលំ ដោយតួសម្តែងម្នាក់ៗនៅមិនទាន់ទទួលបានតម្លៃខ្លួនទេ រួមទាំងនាង Pancake Khemanit ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]