ភ្នំពេញ៖ មិនគួរឲ្យជឿសោះថា ការវិលត្រលប់មកប្រទេសកម្ពុជារបស់ លោក នីក គុណាទីប ដែលជាតារាក្មេង មុខស្រស់ ប្រចាំប្រទេសកម្ពុជានៅតែមានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្ររបស់លោក ដែលភាគច្រើនជាយុវវ័យ ខំស្កាត់មកទទួលតាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់កន្លែងកម្មវិធីដែលប្រារព្ធធ្វើឡើង នៅផ្សារ ទំនើបអ៊ីអន ក្នុងទឹកមុខ រំភើប សប្បាយ រីករាយ បើទោះបីជាថ្ងៃនោះមានភ្លៀងធ្លាក់យ៉ាង ខ្លាំងពេញមួយថ្ងៃក៏ដោយ ។ 

សូមបញ្ជាក់ថាកម្មវិធីដែល លោក នីក មកចូលរួមលើកនេះ គឺមានលក្ខណៈខុសប្លែកពីកម្មវិធីលើកមុនៗដែលលោកបានអញ្ជើញចូលរួម ពីព្រោះកម្មវិធីដែលប្រព្រឹត្តិឡើងនៅថ្ងៃទី ០១ ខែមេសា នេះគឺជាកម្មវិធីជំនួបអ្នកគាំទ្ររបស់ លោក នីក ផ្ទាល់តែម្តង ដែលកម្មវិធីនេះមានឈ្មោះថាកម្មវិធី NICK’s Meet & Greet ដែលមានការឧបត្ថម្ភដោយភេសជ្ជៈ IF ។ កម្មវិធី NICK’s Meet & Greet នេះត្រូវបានរៀបចំ ឡើងក្នុងគោលបំណងផ្តល់ភាពសប្បាយរីករាយ និងរឹតចំណងមិត្តភាពរវាងអ្នកគាំទ្រកម្ពុជា និងលោក នីក ដោយកម្មវិធីទាំងមូលមានរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដោយមាន ហ្គេមសប្បាយៗ ព្រមទាំងការសម្តែងផ្ទាល់ពីលោក នីក ។ 

អ្វីដែលកាន់តែពិសេស ជាងនេះទៀត គឺការសម្តែងរួមគ្នាជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ជាមួយនឹងបទ original song ដែលកំពុងតែពេញ និយមខ្លាំងគឺបទ “រាំអីចេះ” ។ ការសម្តែងរួមគ្នានេះ កំពុងតែផ្ទុះការគាំទ្រពេញបណ្តាញសង្គមដោយក្បាច់រាំមានភាពស៊ីចង្វាក់គ្នាជាមួយនឹងទឹកមុខរួសរាយរាក់ទាក់ពីសំណាក់ លោក ព្រាប សុវត្ថិ ទៅកាន់តារាថៃ ទោះបីជាលោក នីក បញេ្ចញក្បាច់រាំខុសខ្លះ ត្រូវខ្លះក៏ដោយ ដែលញាុំងឲ្យកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយលាយឡំនឹងសម្លេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកោតសសើរមិនដាច់ ពីមាត់ពីការបញ្ចេញក្បាច់រាំរួមគ្នានេះ គឺអ្នកគាំទ្របានឃើញលោកនីក បានសំពះយ៉ាងទន់ភ្លន់ទៅកាន់ លោក ព្រាប សុវត្ថិ ដែលជាកំពូលតារារៀមច្បង នៅពេលដែលលោកនីកបញេ្ចញក្បាច់ រាំខុសចង្វាក់ ហើយលោក ព្រាប សុវត្ថិ ក៏បានឆ្លើយតបទៅវិញដោយទឹកមុខញញឹម រាក់ទាក់ ព្រមទាំងអញ្ជើញ លោក នីក រាំជាមួយលោក ទាល់តែចប់បទ ។ 

ចង់ដឹងថាតារាទាំងពីររាំឡូយយ៉ាងម៉េចខ្លះទស្សនាវីដេអូខាងក្រោមនេះ៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ