(ភ្នំពេញ)៖ ជំងឺដុះដុំសាច់ក្នុងខួរក្បាលរបស់តារាសម្ដែង ស្វែង សុជាតា វិញ ត្រូវបាននាងអះអាងថា បើកុំតែបានជួបជាមួយស្វាមី ដែលជាអ្នកសច្ចំ និងជាគ្រូផ្សំថ្នាំបុរាណ ជួយព្យាបាលនាង ម៉្លេះនាងត្រូវបាត់បង់ពីផែនដីនេះ បាត់ទៅហើយ។ ស្វែង សុជាតា បានចាត់ទុកស្វាមីក្មេងក្រោយនេះថា ជាព្រះមកប្រោះព្រំជីវិតឲ្យនាងបានរស់ឡើងវិញ ឃើញពន្លឺថ្ងៃជាថ្មី។ ដូច្នេះនាងសច្ចាថា នឹងមើលថែគ្នាទៅវិញទៅមក លុះជីវិតសូន្យរៀងៗខ្លួន ពោលគឺនាងសន្យាខ្លួនឯងថា នឹងបញ្ចប់ជីវិតស្នេហាត្រឹមនេះហើយ។

នៅពេលមានអ្នករិះគន់ និងមិនជឿថា ជំងឺដុះដុំសាច់ក្នុងខួរក្បាលរបស់ ស្វែង សុជាតា គឺមិនមែនស្វាមីនាង ជាអ្នកព្យាបាលឲ្យជាសះស្បើយនោះ អ្នកនាង ស្វែង សុជាតា បានបង្ហាញឯកសារពេទ្យមួយសន្លឹក ដែលបានរក្សាទុក តាំងពីឆ្នាំ២០១១ ពេលទៅព្យាបាលនៅក្នុងប្រទេសថៃ ដើម្បីបង្ហាញឲ្យបានច្បាស់ជាភស្តុតាង បញ្ជាក់ថា អ្នកនាងពិតជាកើតជំងឺមហារីកដុះសាច់ ក្នុងខួរក្បាល មុនផឹកថ្នាំខ្មែររបស់ស្វាមី ពិតមែន។ អ្នកនាងក៏បានយកអំណះអំណាងអ្នកជំងឺ២រូបទៀត ដែលកើតជំងឺមហារីក ឬដុំសាច់បែបនេះដូចគ្នា ហើយត្រូវបានពួកគេនិយាយថា ក្រោយផឹកថ្នាំខ្មែររបស់នាង គឺពិតជាថតលែងឃើញដុំសាច់មែន។ អ្នកនាង ស្វែង សុជាតា បានបង្ហាញឯកសារមួយសន្លឹក ដែលមានដាច់រហែកផងនោះ មកបញ្ជាក់ថា អ្នកនាងមានជំងឺដុំសាច់ រហូតដល់ថ្នាក់កោរត្រងោល កាលពីនាងចាកចេញពីសិល្បៈមួយរយៈធំ។

តារាសម្ដែងល្បីឈ្មោះរូបនេះ បន្ថែមថា បើគ្មានថ្នាំស្វាមីរបស់នាងទេ ប្រហែលជានាងស្លាប់បាត់ទៅហើយ ដោយសារតែក្នុងពេលនោះ ពេទ្យថៃទារវះក្នុងតម្លៃរាប់ម៉ឺនដុល្លារ ហើយអ្នកនាងមិនមានលទ្ធភាព។ នៅពេលនេះ ខ្លួនក៏សម្រេចឲ្យស្វាមីផ្សំថ្នាំខ្មែរដាក់លក់ គ្រាន់តែក្នុងបំណងឲ្យស្វាមី ដែលជាអតីតអ្នកសច្ចំនៅភ្នំគូលែនបានរួម ចំណែកប្រោះសត្វលោកប៉ុណ្ណោះ ដោយសារតែអ្នកនាងដឹងថា មានអ្នកកើតជំងឺដុំសាច់ច្រើននាក់ធ្លាក់ខ្លួនអស់សង្ឃឹម ដូចជារូបនាងកាលពីមុន។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ នឹងរឿងលក់ថ្នាំបន្សាបសារជាតិញៀនវិញ ត្រូវបាន ស្វែង សុជាតា បញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្ម ពីសំណាក់មន្រ្តីក្រសួងសុខាភិបាល ទៅលើការផ្សព្វផ្សាយពីប្រសិទ្ធិភាព ថ្នាំផ្ដាច់គ្រឿងញៀន ឬផ្ដាច់សារជាតិញៀន របស់ស្វាមីវ័យក្មេង របស់នាងរួចមក អ្នកនាង ស្វែង សុជាតា បានចេញមុខអះអាងថា ការចរាចរឱសថបុរាណ (ថ្នាំខ្មែរ) ដើម្បីបន្សាបសារជាតិញៀនរបស់ស្វាមីនាង គឺត្រូវបានទទួលស្គាល់ពីសំណាក់ មន្រ្តីក្រសួងសុខាភិបាលហើយ បន្ទាប់ពីមានការចុះត្រួតពិនិត្យ និងធ្វើការណែនាំយ៉ាងត្រឹមត្រូវរួចមក។

ក្នុងជំនួបពិភាក្សាមួយ អ្នកនាង ស្វែង សុជាតា ដែលធ្លាប់តែជាតារាសម្ដែង អស់សង្ឃឹមក្នុងជីវិត បានបញ្ជាក់ប្រាប់ថា ថ្នាំបន្សាបសារជាតិញៀន ដែលកន្លងមកក្រសួងសុខាភិបាលធ្លាប់មានប្រតិកម្ម គឺនៅពេលនេះ មន្ត្រីតំណាងក្រសួងសុខាភិបាល បានទទួលស្គាល់ថា មានសារជាតិជួយបន្សាបគ្រឿងញៀនពិតមែន ក្រោយពេលពិនិត្យ និងធ្វើការពិសោធន៍រួចរាល់។ ប៉ុន្តែថ្នាំរបស់អ្នកនាងមួយមុខ មិនអាចបន្សាបបានទំាំងស្រុងនោះទេ គឺលុះត្រាតែបន្ថែមថ្នាំមួយចំនួនទៀត ផ្សំចូលគ្នាទើបមានប្រសិទ្ធិភាពខ្ពស់ជាងនេះ។

តារាសម្ដែង ស្វែង សុជាតា បានសង្កត់ធ្ងន់ថា ថ្នាំរបស់ស្វាមីខ្លួន ពិតជាមានប្រសិទ្ធិភាព ប៉ុន្តែបណ្ដាលមកពីអ្នកនាង មិនទាន់បានសុំសិទ្ធិពីក្រសួង ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ទើបមិនអាចផ្សព្វផ្សាយទូលំទូលាយបាន។ តែនៅពេលទទួលបានការណែនាំ ពីមន្រ្តីក្រសួងសុខាភិបាល ឲ្យស្វាមីរបស់នាងទៅសិក្សារៀនសូត្របន្ថែម ដើម្បីទទួលបានលិខិតបញ្ជាក់ត្រឹមត្រូវ ឬសញ្ញាបត្រសំគាល់ថ្នាំរបស់ខ្លួន គឺអ្នកនាងនិងស្វាមី កំពុងតែចាប់ផ្ដើមអនុវត្តបណ្ដើរៗហើយ៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អេម មី បោះ​ទុន ២ម៉ឺន​ដុល្លារ បើក​​ហាង​​លក់​​គ្រឿង​សម្អាង នាំចូល​​ផលិត​ផល​​ផ្តាច់​មុខ​​មក​ពី​​ប្រទេស​​អូស្ត្រាលី

(ភ្នំពេញ)៖ តារាចម្រៀងមានដើមកំណើតចេញពីទឹកដី ភ្នំប្រុស-ភ្នំស្រី កញ្ញា អេម មី ជាការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ សម្រាប់ទីផ្សារចម្រៀងក្នុងស្រុក ហាក់មានភាពសម្ងប់ស្ងាត់បន្តិច តែបែរជាឡើងយឺអ៊ុនខ្ពស់ ចំពោះទីផ្សារក្រៅស្រុក ស្របពេលដែលថ្មីៗនេះ នាងក៏ទើបកើបលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើហាងផ្ទាល់ខ្លួនផងនោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីប្រចាំផលិតកម្ម M (អ៊ឹម)កញ្ញា អេម មី កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះរូបភាពទីតាំងហាងរបស់ខ្លួន ព្រមជាមួយការប្រកាសថា មិនយូរប៉ុន្មានទៀតទេ នាងនឹងក្លាយជាថៅកែហាង បន្ទាប់ពីត្រូវបានសម្ពោធជាផ្លូវការ នាពេលខាងមុខដ៏ខ្លីនោះ។

ថ្លែងប្រាប់ Khmertalking តាមទូរស័ព្ទឲ្យដឹង នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ តារាស្រីសម្ផស្សស្អាត មានមន្តស្នេហ៍ កញ្ញា អេម មី បាននិយាយថា ជាការពិត ខ្លួនបានបើកហាងលក់គ្រឿងសម្អាង ដែលនាំចូលពីប្រទេសអូស្ត្រាលីមែន ដែលទីតាំងហាងរបស់នាង មានអាសយដ្ឋាននៅបណ្តោយផ្លូវលេខ០៧ ផ្ទះលេខ ៣៤០ ក្នុងបុរីពិភពថ្មី ចំការដូង ដែលមានយៅហោថា «មីមី»។

តារាចម្រៀងកញ្ញា អេម មី បានបញ្ជាក់បន្ថែមថា ហាងលក់គ្រឿងសម្អាង ដែលនាំចូលពីប្រទេសអូស្ត្រាលី ទើបបើកដំណើរនេះ គឺចាយទុនអស់មិនក្រោម២ម៉ឺនដុល្លារឡើយ។ ប៉ុន្តែនេះពុំមែនបានមកពីការឧបត្ថម្ភ ទំនុកបម្រុងពីនរណាម្នាក់ឡើយ ពោលគឺបានមកពីកំលាំង ញើសឈាមខ្លួនឯងទាំងអស់ ព្រោះកន្លងមកនេះ នាងឧស្សាហ៍ទទួលបានការអញ្ជើញ ឲ្យចេញទៅច្រៀងនៅក្រៅប្រទេស៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា