ព័រទុយហ្គាល់៖ តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានគេស្គាល់ថាជាកំពូលកីឡាករបាល់ទាត់មួយរូបក្នុងពេលបច្ចុប្បន្ននេះ។ 

ចំនែកឯចំណូលរបស់ Ronaldo ដែលរកបានពីការប្រកបអាជីពបាល់ទាត់ កុងត្រាជាមួយក្រុមហ៊ុនផ្សេងៗ ក៏ដូចជាជំនួញរបស់គេ បានធើ្វឲ្យកីឡាកររូបនេះ ក្លាយជាបុរសដែលអាចរកចំណូលបានច្រើនជាងគេនៅក្នុងពិភពកីឡាផងដែរ។ 

Ronaldo ជាកីឡាករបាល់ទាត់ម្នាក់ដែលចូលចិត្ដលេងម៉ូតរថយន្ត ស្របពេលដែលរូបគេបានចំណាយទឹកប្រាក់រហូតដល់ទៅ ៥លានផោន (ជាង៦លានដុល្លារ) ក្នុងការទិញរថយន្តមួយចំនួនសម្រាប់ជិះលេងកម្សាន្ត។

យ៉ាងណាមិញ បើតាមអ្នករាយការណ៍បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះ បានសម្រេចចិត្តដាក់លក់រថយន្ដដំបូងបំផុតរបស់គេហើយ ក្នុងតម្លៃរហូតដល់ ១៣,៥០០ផោន (១៦,៨៤៥ដុល្លា) ។ 

គួរបន្ថែមទៀតផងដែរថា នេះគឺជារថយន្ដដែល Ronaldo បើកបរជាលើកដំបូង នៅពេលដែលរូបគេមកកាន់ក្លឹបបិសាចក្រហម Manchester United ។

បើយោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសព័រទុយហ្គាល់ ឈ្មោះ Mutidesportos បានឲ្យដឹងថា រថយន្តរបស់ Ronaldo ត្រូវបានដាក់លក់ក្នុងគេហទំព័រ Standvirtual ដោយរថយន្តមួយគ្រឿងនេះ មានពណ៌ខៀវចាស់ ម៉ាក Audi S3 coupe ដែលរូបគេបានទិញនៅអាយុ១៨ឆ្នាំ អំឡុងពេលលេងឲ្យ Manchester United។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសព័រទុយហ្គាល់ដដែលបានអះអាងថា នេះគឺជារថយន្តដែលផលិតក្នុងប្រទេសអីុតាលី ហើយធ្លាប់បានធ្វើដំណើរអស់ចំនួន ១៦២០០០គីឡូរួចមកហើយ ខណៈដែលរថយន្តនេះមិនមែនជារតយន្តទីមួយទេ ដែល Ronaldo បានលក់នោះ ពោលគឺរូបគេធ្លាប់បានដាក់លក់ឡានមុនៗអស់ជាច្រើនគ្រឿងមកហើយ៕

ប្រភព៖ Mirror

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Ronaldo សម្ពោធសែ្បកជើងបាល់ទាត់ថ្មី «Nike ពណ៌ទឹកក្រូច-ប្រផេះ» រំលឹកដល់ក្លឹបចាស់ Man Utd

អេស្ប៉ាញ៖ តារាឆ្នើមរបស់ក្លឹបអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានបង្ហាញនូវសែ្បកជើងបាល់ទាត់ថ្មីរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុនផលិតសម្ភារៈដ៏ធំ Nike ក្នុងគោលបំណងរំលឹកនៅពេលវេលារបស់គេនៅក្លឹបបិសាចក្រហម Manchester United ។

Ronaldo បានពាក់អាវលេខ ២៨ ដែលជាលេខនៃក្លឹបកាលពីកុមារភាព Sporting Lisbon ប៉ុន្តែនៅពេលដែលលោក Sir Alex Ferguson ទិញរូបគេមកកាន់ក្លិប Manchester United ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះក៏ត្រូវបានផ្តល់ជាកិត្តិយសឲ្យពាក់អាវលេខ៧វិញ កាលពីឆ្នាំ២០០៣ ហើយថែមទាំងប្រាប់ទៀតថា វីរៈបុរសល្បីៗជាច្រើនដូចជា David Beckham, Eric Cantona និង George Best ស៊ុតតែពាក់លេខមួយនេះ (លេខ៧)។

ប្រធានក្រុមជម្រើសជាតិព័រទុហ្គាល់ បានបញ្ជាក់ថាលោក Sir Alex ប្រៀបបានជាឪពុករបស់ខ្លួន ក្នុងអាជីពជាកីឡាករបាល់ទាត់ ដែលរូបគេអាចរៀនសូត្រ នឹងយល់ដឹងច្រើនអំពីបាល់ទាត់។

Ronaldo បាននិយាយថា «ខ្ញុំចាំ នៅពេលដែលខ្ញុំចាកចេញពី Lisbon មកអង់គ្លេស Ferguson បានប្រាប់ខ្ញុំថា ស្ដាប់ណា! ខ្ញុំចង់ឲ្យឯងពាក់លេខ៧» ។

Ronaldo បន្ដ «ខ្ញុំពិតជាភ្ញាក់ផ្អើល ព្រោះខ្ញុំបានដឹងថាអ្នកណាខ្លះដែលធ្លាប់ពាក់លេខនេះ ខ្ញុំក៏បានយល់ព្រម ហើយវាជារឿងដ៏អស្ចារ្យ។ Alex Ferguson ប្រៀបដូចជាឪពុកក្នុងពិភពបាល់ទាត់សម្រាប់ខ្ញុំ ហើយខ្ញុំបានអភិវឌ្ឍន៍ខ្លួនបានច្រើន មិនត្រឹមតែការលេខបាល់ប៉ុណ្ណោះទេ សូម្បីតែកាយសម្បទារបស់ខ្ញុំ ក៏មានការផ្លាស់ប្តូរបែ្លកដែរ»។

គួរបញ្ជាក់ឲ្យដឹងថា ៦ឆ្នាំ ដែល Ronaldo លេងឲ្យ Manchester United កីឡាកររូបនេះស៊ុតបានចំនួន ១១៨គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ២៩២ប្រកួត និងបានឈ្នះ Premier League ចំនួន ៣ដងជាប់គ្នា FA Cup ១ដង នឹង Champions League ចំនួន១ដង ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]