យោងទៅតាមស្ថិតិ មនុស្សប្រមាណជា ៤០% សុទ្ធតែទទួលរងបញ្ហាទាក់ទង នឹងឆ្អឹងខ្នង។ ហេតុនេះ អ្នកគួរតែធ្វើលំហាត់ប្រាណជាក្បាច់យូហ្គា ដែលយើងនឹងលើកយកមកបង្ហាញក្នុងអត្ថបទនេះ ជាប្រចាំ ដើម្បីការពារការឈឹឆ្អឹងឆ្អែង ទើបជាការប្រសើរ។

ចង់ដឹងថា គួរហាត់បែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. ក្បាច់យូហ្គាទី ១ 

• ឈរទល់មុខកៅអី រួចលើកជើងស្តាំដាក់លើកៅអី

• ដាក់បាតដៃឆ្វេងបែរមកក្រៅ លើជង្គង់ជើងស្តាំ រួចបែរខ្លួនមកខាងស្តាំម្តងបន្តិចៗ ដោយរក្សាលំនឹងជើងឆ្វេងឲ្យជាប់

• ដកដង្ហើមឲ្យធំៗ រួចនៅឲ្យស្ងៀមបែបនេះ ៣០ វិនាទី រួចផ្លាស់ប្តូរជើងម្ខាងទៀត។

២. ក្បាច់យូហ្គាទី ២ 

• ដេកផ្ងារ រួចទាញជង្គង់ឲ្យឡើងដល់ដើមទ្រូង ហើយដាក់ជើងម្ខាងទៀតឲ្យត្រង់

• ដកដង្ហើមឲ្យវែងៗ

• នៅស្ងៀមបែបនេះ ៣០ វិនាទី រួចធ្វើការផ្លាស់ប្តូរជើងម្ខាងទៀត។

៣. ក្បាច់យូហ្គាទី ៣ 

• ដេកផ្ងារ និងដាក់ដៃសណ្តូកសងខាង ដូចជាអក្សរ T

• ដាក់ស្មាសង្កត់ឲ្យដល់កម្រាល រួចបត់ជង្គង់ ទៅខាងស្តាំ បន្ទាប់មកបត់ទៅខាងឆ្វេង ព្រមទាំងដកដង្ហើមវែងៗ

• នៅមុនពេលផ្លាស់ប្តូរជើង គួរនៅឲ្យស្ងៀម ឲ្យបាន ១ នាទីជាមុនសិន។

៤. ក្បាច់យូហ្គាទី ៤ 

• ដេកផ្ងារ ដោយដាក់ដៃសន្តូក រួចបត់ជើងឆ្វេងឡើងមកខាងស្តាំជាមុំ ៩០ ដឺក្រេ ហើយដាក់ដៃស្តាំលើជើងឆ្វេងនោះ។ ជើងស្តាំ ត្រូវតែត្រង់ ហើយស្មាត្រូវតែសង្កត់ដល់កម្រាល

• ដាក់ក្បាលងាកទៅខាងឆ្វេង និងដកដង្ហើមឲ្យវែងៗ

• នៅឲ្យស្ងៀមឲ្យបាន ១ នាទី សឹមផ្លាស់ប្តូរជើងម្ខាងទៀត។

៥. ក្បាច់យូហ្គាទី ៥ 

• ដំបូងត្រូវឈរឲ្យត្រង់ រួចឈាន និងបត់ជើងស្តាំមកមុខ និងរក្សាជើងឆ្វេងឲ្យត្រង់

• ទាញរាងកាយមកមុខ ដោយដាក់ដៃផ្គុំចូលគ្នា ដូចសំពះ ប៉ុន្តែមិនត្រូវឲ្យកែងដៃច្រត់នឹងជើងទេ

• នៅឲ្យស្ងៀម ៣០ វិនាទី សឹមផ្លាស់ប្តូរជើងម្ខាងទៀត។

៦. ក្បាច់យូហ្គាទី ៦ 

• អង្គុយលើកម្រាល រួចបត់ជង្គង់ខាងស្តាំ ដាក់រំលងពីលើជើងខាងឆ្វេង

• ដាក់ដៃស្តាំច្រត់ទៅក្រោយ រួចដាក់កែវដៃឆ្វេងមកពីមុខ ក្បាលជង្គង់

• បត់ខ្លួនទៅខាងដៃច្រត់ទៅក្រោយ ម្តងបន្តិចៗ និងរក្សាជើងឲ្យមានលំនឹង

• អនុវត្តបែបនេះឲ្យបានពី ៣០ ទៅ ៦០ វិនាទី រួចដូរជើងម្ខាងទៀត។

៧. ក្បាច់យូហ្គាទី ៧ 

• ក្រាប ដោយប្រើជង្គង់ និងបាតដៃ រួចធ្វើខ្នងឲ្យកោងឡើង

• នៅឲ្យស្ងៀម ១០ វិនាទី ព្រមទាំងដកដង្ហើមមួយៗ និងវែងៗ

• បន្ទាប់មក ទម្លាក់ខ្នងចុះ រួចងើយចង្ការឡើងលើ ឲ្យបាន ១០ វិនាទីដែរ

• ធ្វើបែបនេះចុះឡើងៗ ឲ្យបាន ១ ទៅ ២ នាទី

៨. ក្បាច់យូហ្គាទី ៨ 

• លុតជង្គង់ចុះ និងដាក់ជង្គង់ឲ្យឃ្លាតពីគ្នាបន្តិច

• បត់ក្បាល និងខ្លួនចុះក្រោម ឲ្យដល់កម្រាល និងដាក់ដៃទៅមុខឲ្យត្រង់ ព្រមទាំងដកដង្ហើមមួយៗ វែងៗ

• អ្នកអាចអនុវត្តយូរប៉ុណ្ណា តាមចិត្តអ្នកចង់ តែយ៉ាងហោចណាស់ ក៏ដកដង្ហើមធំៗឲ្យបាន ៥ ដងសិនដែរ សឹមឈប់៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ចំណុចសំខាន់ៗមួយចំនួន ដែលអ្នកម្តាយគ្រប់រូបត្រូវតែដឹង នៅពេលបំបៅដោះកូន!

ជាក់ស្តែង អ្នកម្តាយគ្រប់រូប ត្រូវបានគ្រូពេទ្យជំនាញ ជំរុញឲ្យបំបៅដោះកូន យ៉ាងហោចណាស់ ឲ្យបានរយៈពេល ៦ ខែ ប៉ុន្តែទន្ទឹមនឹងនោះដែរ ក៏មានស្រ្តីមួយចំនួន រអ៊ូរទាំថា ការបំបៅដោះទារក រយៈពេល ៦ ខែនេះ លំបាកណាស់ ពីព្រោះមិនត្រឹមតែរំខានប៉ុណ្ណោះទេ ថែមទាំងមានការឈឺចាប់នៅត្រង់សុដន់ទៀតផង។

ហេតុនេះយើងនឹងលើកយកនូវ ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ដែលអ្នកគួរតែដឹង ដើម្បីបង្ការការឈឺចាប់ និងគួរយល់ដឹងពីការបំបៅដោះទារក ៖

១. សូមអ្នកកុំមានការបារម្ភភ័យខ្លាចថា ការបំបៅដោះទារកមានការឈឺចាប់ឲ្យសោះ។ ប្រសិនបើអ្នកចេះរៀបចំ របៀបបៅឲ្យបានត្រឹមត្រូវ វាពិតជាមិនបង្កជាការឈឺចាប់អ្វីឡើយ។

២. អ្នកត្រូវបង្រៀនទារកតូចឲ្យបៅដោះ មិនមែនបៅចុងសុដន់នោះទេ។ អ្នកគ្រាន់តែទប់សុដន់របស់អ្នកដោយដៃ រួចយកម្រាមដៃញីតិចៗលើក្បាលសុដន់ ឲ្យស្រួច និងរឹង រួចទាញទារកមកបំបៅ ដោយរុញចុងសុដន់ (ឬក្បាលសុដន់) ចូលឲ្យផុតជ្រៅ ក្នុងមាត់របស់ទារក។

៣. អ្នកមិនត្រូវរុញខ្លួន ឬរុញសុដន់សង្កត់ទៅទារកទេ ជំនួសមកវិញ អ្នកត្រូវទាញទារក មកផ្អឹបនឹងសុដន់វិញ ដោយបី និងទ្រខ្នង ព្រមទាំងក្បាលទារកឲ្យបានត្រឹមត្រូវ។

៤. អ្នកអាចប្រើដៃទាញទារក ចូលមកទល់នឹងសុដន់ម្តងបន្តិចៗ ដើម្បីឲ្យទារកតូច អាចបៅបានជ្រៅជ្រាបដល់បំពង់ក និងមិនបង្កការឈឺចាប់ដល់អ្នកទៀតផង។

៥. កុំបញ្ឈប់ការបំបៅឲ្យសោះ ទោះបីជាអ្នកមានការឈឺចាប់ត្រង់សុដន់ក៏ដោយ។ ផ្ទុយមកវិញ អ្នកគួរតែបន្តឲ្យទារកតូច បៅកាន់តែជ្រៅបន្ថែមទៀត ពីព្រោះតែបន្តិចទៅ វានឹងអាចធ្វើឲ្យអ្នកលែងមានអារម្មណ៍ឈឺចាប់ទៀតហើយ។

៦. អ្នកត្រូវបំបៅដោះកូនឲ្យបាន ៨ ទៅ ១០ដង ក្នុងរយៈពេល ២៤ ម៉ោង និងត្រូវពិនិត្យមើលខោទឹកនោមរបស់ទារកផង ថាតើកូនរបស់អ្នកទទួលបានទឹកដោះគ្រប់គ្រាន់ឬអត់ ដោយមួយថ្ងៃក៏ត្រូវផ្លាស់ប្តូរខោទឹកនោម ៦ ទៅ ៨ដងដែរ។

៧. ក្នុងករណីដែលអ្នកបន្តមានការឈឺចាប់ខ្លាំង ឬទារកមិនទទួលបានទឹកដោះគ្រប់គ្រាន់ (ដោយការពិនិត្យមើលខោទឹកនោម) អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំ និងការគាំពារ ក៏ជាការល្អប្រសើរមួយដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]