(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះពីការប្រកួតជើងទី២ ជាមួយក្រុម Magwe FC របស់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាំងហ្គោន ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីម្សិលមិញ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងអាស៊ី AFC Cup 2017 ខណៈកាលពីជើងទី១ ក្រុមបឹងកេត បានយកឈ្នះ ១-០ នៅលើទឹកដីខ្លួន ។

ការប្រកួតបញ្ចប់ដោយភាពតានតឹងជាលើកទី២ នេះ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ នៅវគ្គទី១ រហូតដល់នាទីទី៦១ ទើបមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ ឃួន ឡាបូរ៉ាវី ដើម្បីជួយក្រុមបឹងកេតអង្គរនាំមុខ ១-០ ។ ប៉ុន្ដែ ២នាទីក្រោយមកត្រូវបានកីឡាករ Sekou Sylla វាយបកជួយក្រុមម្ចាស់ផ្ទះ Magwe តាមស្មើ ១-១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

តាមរយៈការរកបានត្រឹម ១ពិន្ទុម្នាក់នេះដែរ បានធ្វើឲ្យក្រុមទាំងពីរ រក្សាចំណាត់ថ្នាក់ដដែល នៅក្នុងពូលF ដោយក្រុមបឹងកេតអង្គរ ឈរចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុក្នុងដៃជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ខណៈក្រុម Magwe FC បន្ដឈរបាតតារាង និងមាន ២ពិន្ទុជាមួយលទ្ធផល ៤ប្រកួតស្មើ២ និងចាញ់ ២ប្រកួត ។

កាលពីយប់មិញដែរ ក្រុម Global FC របស់ហ្វីលីពីន បានវាយបកយកឈ្នះក្រុមភ្ញៀវ Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-២ នៅក្នុងជំនួបជើងទី២ ដើម្បីឡើងគ្រងតំណែងកំពូលតារាង ខណៈកាលពីជើងទី១ ក្រុម Johor បានលត់ក្រុម រហូតដល់ទៅ ៤-០ ឯណោះ ។ ជ័យជម្នះនេះ បានជួយក្រុម Global ឡើងឈរលេខ១ នៃពូលF បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ ។ រីឯក្រុម Johor ឈរលេខរៀងទី២ និងមាន ៧ពិន្ទុជាមួយការប្រកួត ៤លើកឈ្នះ២ ស្មើ១ និងចាញ់១ ៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ស៊ុតចូលមួយគ្រាប់ឲ្យ Fijieda MYFC ប៉ុន្តែគ្រាន់ជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេស

ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតចូលមួយគ្រាប់ហើយឲ្យក្លិបរបស់ប្រទេសជប៉ុន Fujieda MYFC នៅក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុម Yokkaichi University ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិប Fujieda MYFC KHMER ។

ទាក់ទងនឹងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនេះដែរ ក្លិបដែលលេងនៅក្នុងលីកទី៣ របស់ជប៉ុន Fujieda បានយកឈ្នះទៅលើក្រុម Yokkaichi University ក្នុងលទ្ធផល ៧-២ ដោយតង់ទីមួយ Fujieda នាំមុខ ៣-០ មុន និងចូលដល់តង់ទីពីរ Fujieda ថែម៤គ្រាប់ទៀត ធ្វើឲ្យ៩០នាទីបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះ។

តែយ៉ាងណាមិញ នេះគ្រាន់តែជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេសតែប៉ុណ្ណោះ ដោយសារតែក្លិបត្រូវពង្រឹងសមត្ថភាពសម្រាប់កីឡាករនីមួយៗ ដើម្បីឲ្យពួកគេលេងយល់ចិត្តគ្នានៅក្នុងការប្រកួត ជាពិសេសការប្រកួតផ្លូវការនៅក្នុងលីក។

ដោយឡែកចំពោះ កីឡាករ ចាន់ វឌ្ឍនាកា វិញ បន្ទាប់ពីខកខាន និងអវត្តមានចំនួន៤ប្រកួតនៅក្នុងលីកក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតផងដែរ។

ក្នុងនោះទំព័រហ្វេសប៊ុក Fujieda MYFC KHMER ក៏បានលើកឡើងទាក់ទងនឹងបញ្ហានេះផងដែរថា «ការហ្វឹកហាត់ពិតជាសំខាន់ណាស់ចំពោះកីឡាករម្នាក់ៗ ជាពិសេសគឺកំលាំង និង ស្មារតី។ ទោះបីជាមិនបានចូលរួមប្រកួតក៏ដោយ វឌ្ឍនាកា នៅតែខំប្រឹងហាត់ជានិច្ច ដើម្បីវិស័យអោយបាល់ទាត់ខ្មែរមានការរីកចំរើនទៅមុខ» ។

គួរឲ្យដឹងទៀតដែរថា វឌ្ឍនាកា នឹងបានចូលលេងជាផ្លូវការក្នុងពេលឆាប់ៗនេះ ពីព្រោះភាពអំណត់ធ្មត់របស់អ្នកគាំទ្រ នឹងជួយឲ្យកីឡាកររូបនេះលេងបានល្អនៅក្នុងការប្រកួត។ នេះបើតាមការបកស្រាយបន្ថែមពី Fujieda MYFC KHMER៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]