បរទេស៖ គ្រប់គ្នាបានដឹងហើយថា កំពូលស្មានហ្វូនរបស់ក្រុមហ៊ុន Samsung ប្រចាំឆ្នាំ២០១៧នេះ ម៉ូដែល Galaxy S8+ និង Galaxy S8 បានប្រកាសជាផ្លូវការហើយ ដែលបំពាក់មកនូវមុខងារ សមត្ថភាពពិសេស  និងភាពអស្ចារ្យជាច្រើន ប៉ុន្តែនៅមិនទាន់ដឹងតម្លៃច្បាស់លាស់នៅឡើយទេ។

យោងតាមសារព័ត៌មាន GSMArena ចុះផ្សាយកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ការលេចឮជាច្រើនមកថា Samsung នឹងបញ្ចេញលក់ Galaxy S8/S8+ ប្រភេទ RAM ទំហំ 6 GB  ជាមួយអង្គផ្ទុកទិន្នន័យ 128 GB នៅលើទីផ្សារប្រទេសចិនផ្ដាច់មុខ ទំនងបានក្លាយជាការពិតមែនហើយ។

តាមរយៈសេចក្តីរាយការណ៍ថ្មីៗនេះបានឲ្យដឹងថា តម្លៃរបស់ Samsung Galaxy S8+ ទំហំ RAM 6 GB ដាក់លក់ផ្ដាច់មុខក្នុងទីផ្សារប្រទេសចិន មានតម្លៃដល់ទៅ ១ ០៣០ ដុល្លារ មានមេមូរីទំហំ 128 GB ។

សម្រាប់ជម្រើសពណ៌របស់ Galaxy S8+ ដែលមានតម្លៃខ្ពស់នេះ មានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ (Midnight Black) ហើយនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ៕ 

ប្រភព៖ GSMArena

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រុស្ស៊ី ដាក់ដំណើរការកំពូលនាវាមុជទឹក អាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅ នៅចម្ងាយជាង ២៤០០ គីឡូម៉ែត្រ

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី ០៤ មេសា ឆ្នាំ២០១៧ ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ដំណើរការកំពូលនាវាមុជទឹកកដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលគេនិយាយថា មានសមត្ថភាពអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅលើដីគោក នៅរយៈចម្ងាយដល់ទៅ ២ ៤០០ គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរមួយនេះមានឈ្ម៉ោះថា Kazan ដែលជានាវាមុជទឹកជំនាន់ទីបួនប្រភេទ Project 885 Yassen ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៩ និងបានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃសុក្រទី៣១ មីនា ក្នុងទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។

ប្រភពបន្តថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ ត្រូវគេនិយាយថា វាជានាវាដែលដូចនាវាក្នុងសម័យសូវៀត និងមានសមត្ថភាពអាចវាយលុកដល់ឆ្នេរសមុទ្រ ភាគខាងកើតរបស់អាមេរិក ដោយចេញពីទីតាំងនៅកណ្តាលសមុទ្រអាត្លង់ទិក។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថានាវានេះត្រូវបានដាក់ដំណើរការនៅរោចក្រ Sevmash Shipyard ផ្ទាល់តែម្តង ដែលជាកន្លែងត្រូវបានផលិត។ លោក Mikhail Budnichenko នាយកប្រតិបត្តិរងនៃក្រុមហ៊ុនផលិតនាវានេះ បានបញ្ជាឱ្យមេបញ្ជាការនាវាមុជទឹក លោកវរនាវីឯក Aleksandr Beketov គាស់ដបស្រាសាំប៉ាញដើម្បីអបអរការដាក់ដំណើរការនេះ។

គួរបញ្ជាក់ថា ក្រៅពីកំពូលនាវាមុជទឹកមួយនេះ រុស្ស៊ីក៏កំពុងធ្វើការផលិតនាវាមុជទឹក Kazan ជំនាន់ថ្មីមួយទៀត នៅក្នុងរោងចក្រផលិតនាវា Sevmash shipyards ផងដែរ ដោយនឹងត្រូវប្រគល់ទៅឱ្យកងនាវារុស្ស៊ី ភាគខាងជើង ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅត្រឹមឆ្នាំ២០២៣ កំពូលនាវាមុជទឹកចំនួន ៧គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]