ជាក់ស្តែង អ្នកម្តាយគ្រប់រូប ត្រូវបានគ្រូពេទ្យជំនាញ ជំរុញឲ្យបំបៅដោះកូន យ៉ាងហោចណាស់ ឲ្យបានរយៈពេល ៦ ខែ ប៉ុន្តែទន្ទឹមនឹងនោះដែរ ក៏មានស្រ្តីមួយចំនួន រអ៊ូរទាំថា ការបំបៅដោះទារក រយៈពេល ៦ ខែនេះ លំបាកណាស់ ពីព្រោះមិនត្រឹមតែរំខានប៉ុណ្ណោះទេ ថែមទាំងមានការឈឺចាប់នៅត្រង់សុដន់ទៀតផង។

ហេតុនេះយើងនឹងលើកយកនូវ ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ដែលអ្នកគួរតែដឹង ដើម្បីបង្ការការឈឺចាប់ និងគួរយល់ដឹងពីការបំបៅដោះទារក ៖ 

១. សូមអ្នកកុំមានការបារម្ភភ័យខ្លាចថា ការបំបៅដោះទារកមានការឈឺចាប់ឲ្យសោះ។ ប្រសិនបើអ្នកចេះរៀបចំ របៀបបៅឲ្យបានត្រឹមត្រូវ វាពិតជាមិនបង្កជាការឈឺចាប់អ្វីឡើយ។

២. អ្នកត្រូវបង្រៀនទារកតូចឲ្យបៅដោះ មិនមែនបៅចុងសុដន់នោះទេ។ អ្នកគ្រាន់តែទប់សុដន់របស់អ្នកដោយដៃ រួចយកម្រាមដៃញីតិចៗលើក្បាលសុដន់ ឲ្យស្រួច និងរឹង រួចទាញទារកមកបំបៅ ដោយរុញចុងសុដន់ (ឬក្បាលសុដន់) ចូលឲ្យផុតជ្រៅ ក្នុងមាត់របស់ទារក។

៣. អ្នកមិនត្រូវរុញខ្លួន ឬរុញសុដន់សង្កត់ទៅទារកទេ ជំនួសមកវិញ អ្នកត្រូវទាញទារក មកផ្អឹបនឹងសុដន់វិញ ដោយបី និងទ្រខ្នង ព្រមទាំងក្បាលទារកឲ្យបានត្រឹមត្រូវ។

៤. អ្នកអាចប្រើដៃទាញទារក ចូលមកទល់នឹងសុដន់ម្តងបន្តិចៗ ដើម្បីឲ្យទារកតូច អាចបៅបានជ្រៅជ្រាបដល់បំពង់ក និងមិនបង្កការឈឺចាប់ដល់អ្នកទៀតផង។

៥. កុំបញ្ឈប់ការបំបៅឲ្យសោះ ទោះបីជាអ្នកមានការឈឺចាប់ត្រង់សុដន់ក៏ដោយ។ ផ្ទុយមកវិញ អ្នកគួរតែបន្តឲ្យទារកតូច បៅកាន់តែជ្រៅបន្ថែមទៀត ពីព្រោះតែបន្តិចទៅ វានឹងអាចធ្វើឲ្យអ្នកលែងមានអារម្មណ៍ឈឺចាប់ទៀតហើយ។

៦. អ្នកត្រូវបំបៅដោះកូនឲ្យបាន ៨ ទៅ ១០ដង ក្នុងរយៈពេល ២៤ ម៉ោង និងត្រូវពិនិត្យមើលខោទឹកនោមរបស់ទារកផង ថាតើកូនរបស់អ្នកទទួលបានទឹកដោះគ្រប់គ្រាន់ឬអត់ ដោយមួយថ្ងៃក៏ត្រូវផ្លាស់ប្តូរខោទឹកនោម ៦ ទៅ ៨ដងដែរ។

៧. ក្នុងករណីដែលអ្នកបន្តមានការឈឺចាប់ខ្លាំង ឬទារកមិនទទួលបានទឹកដោះគ្រប់គ្រាន់ (ដោយការពិនិត្យមើលខោទឹកនោម) អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំ និងការគាំពារ ក៏ជាការល្អប្រសើរមួយដែរ៕ 

ប្រភព៖ MODERNmom

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អ្នកម្តាយដែលបំបៅដោះកូន គួរទទួលទានអាហារទាំង១០ មុខនេះ ដើម្បីជួយបង្កើនកម្រិត និងគុណភាពទឹកដោះ!

ការបំបៅដោះកូន គឺជាអំណោយដ៏ល្អអស្ចា្យ មិនកាត់ថ្លៃបាន ដែលម្តាយអាចផ្តល់ឲ្យទារកទើបតែកើតបាន។ ទឹកដោះរបស់ម្តាយ មានជីវជាតិបំប៉នខ្ពស់ជាងគេ និងមានតុល្យភាពសម្រាប់ទារក រួមមានជាតិខ្លាញ់ ជាតិស្ករ ជាតិទឹក និងប្រូតេអ៊ីន ដ៏ប្រសើរលើសលុប ដែលសារធាតុចិញ្ចឹមទាំងអស់នេះ សុទ្ធតែមានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍន៍រាងកាយ និងផ្លូវចិត្តរបស់ទារក។

សម្រាប់អ្នកម្តាយ ក៏ទទួលបានអត្ថប្រយោជន៍ច្រើនដែរ ជាពិសេស អ្នកម្តាយដែលបាត់បង់ឈាមច្រើនពេលឆ្លងទន្លេ រួមទាំងជួយបង្រួមស្បូន ជួយឲ្យចុះទម្ងន់ និងសម្រាលបញ្ហាផ្លូវចិត្តផងដែរ។ លើសពីនេះទៅទៀត ការបំបៅកូនដោយទឹកដោះ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ជំងឺសរសៃឈាមបេះដូង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានទៀតផង។

អង្គការសុខភាពពិភពលោក (WHO) បានណែនាំអ្នកម្តាយគ្រប់រូប ឲ្យធ្វើការបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ ដើម្បីផ្តល់ជីវជាតិបំប៉នដល់ទារកបានគ្រប់គ្រាន់។ ទន្ទឹមនឹងនេះដែរ យើងនឹងលើកយកប្រភេទអាហារមួយចំនួន ដែលអាចជួយបង្កើនកម្រិតទឹកដោះ និងកាន់តែមានជីវជាតិបំប៉នថែមទៀតផង ៖

១. ស៊ុត

ស៊ុត សំបូរទៅដោយសារជាតិប្រូតេអ៊ីន Lutein វីតាមីន B12 វីតាមីន D Riboflavin អាស៊ីត Folate និង Choline ដែលល្អសម្រាប់ម្តាយ ដែលត្រូវបំបៅដោះកូន។ ការសិក្សាមួយបានរកឃើញថា អ្នកម្តាយដែលទទួលទានសារជាតិ Choline ច្រើនតាំងពីពេលមានផ្ទៃពោះ រហូតដល់បំបៅដោះកូន អាចការពារទារកពីជំងឺផ្សេងៗ នៅថ្ងៃមុខបាន។ ផ្នែកក្រហមនៃស៊ុត ក៏សំបូរទៅដោយវីតាមីន D លើសលុបដែរ ដែលមានសារសំខាន់ណាស់សម្រាប់ទារកដែលទើបនឹងកើត ពីព្រោះ សារជាតិប្រូតេអ៊ីនរបស់វាមានគុណភាព និងតុល្យភាពល្អឥតខ្ចោះ ក្នុងចំណោមអាស៊ីតអាមីណូទាំង ៨ សំខាន់ៗ។ អ្នកម្តាយគ្រប់រូបគួរទទួលទានស៊ុត ឲ្យបានពីរគ្រាប់ក្នុងមួយថ្ងៃ និងចំអិនតាមរបៀបដែលអ្នកចូលចិត្ត។

២. ត្រីសាល់ម៉ុង

ត្រីគ្រប់ប្រភេទ ជាពិសេសគឺត្រីសាល់ម៉ុង គួរតែរួមបញ្ចូលទៅក្នុងរបបអាហាររបស់ស្ត្រីមានផ្ទៃពោះ ក៏ដូចជាស្ត្រីបំបៅដោះកូនផងដែរ។ ត្រីសាល់ម៉ុង គឺជាប្រភពនៃប្រូតេអ៊ីន DHA អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលសុទ្ធតែមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធប្រសៃប្រសាទ របស់ទារក។ ត្រីសាល់ម៉ុង ក៏សំបូរវីតាមីន D ដែលស្រ្តីភាគច្រើនខ្វះខាតផងដែរ។ ការបញ្ចូលត្រីសាល់ម៉ុងទៅក្នុងរបបអាហារ នឹងជួយបង្កើនអរម៉ូនផលិតទឹកដោះ ហើយថែមទាំងបង្កើនសារធាតុចិញ្ចឹមទៀតផង។ មួយអាទិត្យ អ្នកអាចទទួលទានប្រមាណជា ២កង់ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកគួរតែចំអិនតាមរយៈ ស្ងោរ ចំហុយ និងអាំងទើបជាការប្រសើរ។

៣. ការ៉ុត

អំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន ស្រ្តីគ្រប់រូបគួរតែទទួលទានអាហារ ដែលសំបូរវីតាមីន A ដូចជាការ៉ុតជាដើម ពីព្រោះវីតាមីន A ជួយអភិវឌ្ឍន៍សុខភាពសួត និងចិត្តគំនិតរបស់ទារក បានតាំងពីក្នុងផ្ទៃ។ ការសិក្សាមួយនៅក្នុងឆ្នាំ ២០០១ បានចេញផ្សាយថា ការបំពេញទឹកដោះដោយ ការទទួលទានល្ហុង និងការ៉ុត អាចបង្កើនកម្រិតវីតាមីន A ក្នុងទឹកដោះ ដល់ទារកបានយ៉ាងច្រើនលើសលុប។ ការ៉ុត មិនត្រឹមតែជួយបង្កើនបរិមាណទឹកដោះប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាសុខភាពជាលិការបស់សុដន់ទៀតផង។ អ្នកអាចទទួលទានឆៅ ឬចំអិនក្នុងស៊ុប ឬកិនជាទឹកផឹក រួមជាមួយអាហាររាល់ពេលព្រឹកក៏បាន។

៤. អង្ករសម្រូប

អង្ករសម្រូប គឺជាអាហារដ៏ពិសេសមួយទៀត ដែលអាចបង្កើនកម្រិតទឹកដោះ របស់ម្តាយបាន។ ជាក់ស្តែង អង្ករសម្រូប ល្អជាងអង្ករធម្មតាយើង ឆ្ងាយណាស់ ដោយសារតែវាសំបូរជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើន។ សារធាតុកាបូអ៊ីដ្រាតស្មុគ្រស្មាញរបស់អង្ករសម្រូប អាចជួយឲ្យអ្នកឆ្អែតបានយូរ និងរក្សាកម្រិតជាតិស្ករឈាមឲ្យនៅថេរ។ មិនត្រឹមតែផ្តល់ទឹកដោះបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ និងការលូតលាស់របស់ទារកប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាសុខភាពផ្លូវចិត្ត និងប្រព័ន្ធភាំពស៊ាំរបស់មាតាទៀតផង។ ហេតុនេះ អ្នកគួរតែទទួលទានអង្ករសម្រូប ជំនួសអង្ករធម្មតាទើបប្រសើរ។

៥. ខ្ទឹមស

ខ្ទឹម ស ត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាប្រភេទអាហារគ្រឿងទេស ដ៏ល្អបំផុត សម្រាប់បង្កើនកម្រិតបរិមាណទឹកដោះ ក៏ដូចជាអាចជួយសម្រួលដល់សុខភាព របស់មាតាបានផងដែរ ។ ជាការពិតណាស់ ដោយសារតែវាមានផ្ទុកសមាធាតុគីមី ដែលអាចជួយអ្នកម្តាយ ឲ្យមានទឹកដោះគ្រប់គ្រាន់បំបៅដល់ទារកបាន។ ជាពិសេស វាជាប្រភេទគ្រឿងទេស ដែលអាចការពារហានិភ័យ នៃជំងឺមហារីកបានគ្រប់ប្រភេទទៀតផង។ ជាក់ស្តែង វាជាគ្រឿងទេស ដែលមិនអាចខ្វះបាន ទាំងក្នុងសម្លរ ក្នុងស៊ុប និងឆាគ្រប់ប្រភេទ។

៦. ស្រូវ Oat

ស្រូវ oat (អ្នកអាចរកទិញបាននៅតាមបណ្តាផ្សារទំនើប) ក៏អាចជួយបង្កើនបរិមាណ និងគុណភាពទឹកដោះផងដែរ។ វាជួយរំញោច ដល់ការផលិតអុកស៊ីតូស៊ីន ដែលជាអរម៉ូន ជួយដល់ការសម្រាល និងផលិតទឹកដោះ។ ស្រូវ oat ក៏អាចជួយការពារអាការៈខ្វះឈាម និងខ្វះជាតិដែក របស់អ្នកម្តាយជាទូទៅ បានផងដែរ។ វាជាប្រភេទអាហារ ដែលងាយស្រួលបរិភោគ ស្រួលទំពារ និងងាយរំលាយ។ អ្នកអាចទទួលទានវាជាអាហារពេលព្រឹក និងអាចលាយជាមួយទឹកឃ្មុំ ឬចិតផ្លែឈើលាយជាមួយក៏បាន។

៧. គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុន និងប្រភេទគ្រាប់ធញ្ញជាតិផ្សេងទៀត ដូចជាគ្រាប់ស្វាយចន្ទី ក៏ផ្តល់នូវសុខភាពល្អសម្រាប់អ្នកម្តាយដែរ។ គ្រាប់អាល់ម៉ុន សំបូរទៅដោយសារជាតិប្រូតេអ៊ីន ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធតែមានសារៈសំខាន់ សម្រាប់ម្តាយ និងទារកទើបនឹងកើត។ ជាពិសេស វាក៏មានផ្ទុកសារជាតិកាល់ស្យូម និងជាតិខ្លាញ់ល្អ សម្រាប់បង្កើនបរិមាណទឹកដោះ បានយ៉ាងសម្បូរបែប។ អ្នកអាចទទួលទាន ៥ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ ឬកិនលាយជាមួយស្រូវ oat ក៏បាន ប៉ុន្តែសូមកុំពិសារគ្រាប់អាល់ម៉ុនលីង ឬប្រឡាក់អំបិលឡើយ។

៨. ផ្លែក្រូច

ទឹកដោះម្តាយ អាចមានគ្រប់គ្រាន់ក៏ដោយសារតែមានវត្តមានរបស់ វីតាមីន C ផងដែរ។ មាតាដែលបំបៅដោះកូនគួរទទួលទានបន្លែ ផ្លែឈើដែលសំបូរសារជាតិវីតាមីន C ។ ទន្ទឹមនឹងនោះដែរ ផ្លែក្រូច ជាផ្លែដែលសំបូរសារជាតិវីតាមីន C ច្រើន ហើយរួមមានទាំង វីតាមីន A វីតាមីន B កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រទៀតផង។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយបញ្ចុះទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព។ អ្នកម្តាយគ្រប់រូប អាចទទួលទានទឹកក្រូចច្របាច់បានយ៉ាងច្រើន ២ កែវ ពីព្រោះបើទទួលទានច្រើនជាងនេះ នឹងមានបញ្ហាដល់ទារក។

៩. ដំឡូងជ្វា

ជាការពិតណាស់ ដំឡូងជ្វា គឺជាប្រភពដ៏ចំបង នៃសារធាតុប៉ូតាស្យ៉ូម។ វាមានសម្ថភាពអាច ផលិតសារធាតុកាបូអ៊ីដ្រាតបាន ដែលវាមានសារៈសំខាន់ណាស់ ក្នុងការជួយប្រយុទ្ធប្រឆាំងនឹង អាការៈអស់កម្លាំងបាន។ មិនត្រឹមតែអាចជួយ ដល់ការផលិតទឹកដោះសម្រាប់ទារកបានគ្រាប់គ្រាន់នោះទេ ដំឡូងជ្វា ក៏មានផ្ទុកសារធាតុវីតាមីន C វីតាមីន B ស្មុគ្រស្មាញ និងម៉ាញ៉េស្យូមដែលល្អសម្រាប់សុខភាពមាតា ថែមទៀតផង។ អ្នកអាចទទួលទានដោយយកទៅដុត ទៅស្ងោរ ឬធ្វើជាបង្អែមក៏បាន។

១០. ទឹកដោះគោ

ទឹកដោះគោ ក៏អាចជួយដល់ អ្នកម្តាយដែលបំបៅដោះកូន មានទឹកដោះគ្រប់គ្រាន់បានដែរ។ ទឹកដោះគោ គឺសម្បូរទៅដោយសារជាតិកាល់ស្យូម និង EFA (Essential Fatty acids ដែលអាចប្រែមកបានថាជា អាស៊ីតខ្លាញ់សំខាន់) ច្រើនលើសលុប ដែលសុទ្ធតែជួយដល់ការបង្កើនបរិមាណទឹកដោះបានគ្រាប់គ្រាន់ដល់ទារក។ ហេតុនេះ អ្នកម្តាយបំបៅកូនដោយទឹកដោះទាំងអស់ គួរទទួលទានទឹកដោះគោឲ្យបាន ២ ទៅ ៣ កែវក្នុងមួយថ្ងៃ រួមជាមួយនឹងរបបអាហារប្រចាំថ្ងៃ។

*** អាហារដែលត្រូវចៀសវាង ***

មាតាដែលបំបៅដោះកូនគ្រប់រូប ក៏គួរតែដឹងពី អាហារដែលត្រូវចៀសវាងផងដែរ។ អ្នកត្រូវចៀសវាងអាហារមួយចំនួនដូចជា ដំឡូងបារាំង ស្វាយខ្ចី គ្រាប់សណ្តែកសៀង និងចេកជាដើម ពីព្រោះវាអាចបង្កជាហ្គាស ក្នុងទឹកដោះ។ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីសាកសួរឲ្យបានកាន់តែច្បាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]