ថៃ៖ លោក Claudio Ranieri ជាអតីតគ្រូបង្វឹកដែលជួយឲ្យក្រុម Leicester City លើកពាន Premier League យ៉ាងភ្ញាក់ផ្អើលកាលពីរដូវកាលមុន ពេលនេះកំពុងស្ថិតក្នុងបេក្ខភាពគ្រូបង្វឹកថ្មី ដែលអាចនឹងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្រោយពីលោក Kiatisuk Senamuang លាលែងចេញពីតំណែងជាគ្រូបង្វឹក កាលពីសប្ដាហ៍មុន ។ 

លោក Kiatisuk Senamuang បានលាលែងចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ក្រោយពីរូបលោកដឹកនាំក្រុមមួយនេះ ទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថី្វជើងក្រុមជម្រើសជាតិ អារ៉ាប់ នឹងជប៉ុន ក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ធើ្វឲ្យក្រុមខ្លាំងក្នុងតំបន់អាស៊ីអាគេ្នយ៍មួយនេះ ធ្លាក់ដល់បាតតារាងក្នុងពូលជម្រុះ ដោយមានតែ១ពិន្ទុ ក្នុងការប្រកួតចំនួន ៧ប្រកួត។

ជុំវិញការលាលែងចេញពីតំណែងគួរឲ្យភ្ញាក់ផ្អើលរបស់លោក Kiatisuk នេះ បានធើ្វឲ្យក្រុមជម្រើសជាតិថៃសម្រេចបញ្ចេញឈ្មោះបេក្ខភាពគ្រូបង្វឹកថ្មីដែលអាចនឹងឡើងដឹកនាំបន្ត ក្នុងនោះមានដូចជា Ranieri អតីតគ្រូ Leicester, អតីតគ្រូជម្រើសជាតិអាហ្សង់ទីន លោក Alejandro Sabella ជាដើម។  

លោក Ranieri ដែលធ្លាប់ដឹកនាំក្រុម Leicester ហើយធ្លាប់មកលេងមិត្តភាពទល់នឹងជម្រើសជាតិថៃ កាលពីឆ្នាំមុននេះ ក៏ត្រូវក្លឹបបណ្តេញចេញពីតំណែងផងដែរ កាលខែកុម្ភៈ ដោយសារតែដឹកនាំក្រុមពុំបានល្អនៅក្នុងរដូវកាលនេះ។

តែយ៉ាងណាក៏ដោយ លោក កំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយអាចនឹងឡើងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិថៃផងដែរ ស្របពេលដែល លោក ក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយនឹងម្ចាស់ជំនួញជនជាតិថៃ ដែលជាម្ចាស់ក្លឹប Leicester City។ 

មួយវិញទៀត វាក៏អាចជាហេតុផលមួយ ដែលធើ្វឲ្យអ្នកគាំទ្រពេញចិត្ដផងដែរ ក្នុងការឲ្យលោកឡើងជាគ្រូបង្វឹកថ្មី ក្នុងក្រុមជម្រើសជាតិថៃ។

គួររំលឹកផងដែរថា លោក Claudio Ranieri ក៏ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិក្រិក និងក្លិបតោខៀវ Chelsea  ផងដែរ និងជាពិសេសទៀតនោះ លោក បានដឹកនាំ Leicester ឲ្យលើកពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទៀតផង កាលពីរដូវកាលមុន ស្ទើរមិនគួរឲ្យជឿ៕ 

ប្រភព៖ Fox Sports Asia

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ស៊ុតចូលមួយគ្រាប់ឲ្យ Fijieda MYFC ប៉ុន្តែគ្រាន់ជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេស

ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតចូលមួយគ្រាប់ហើយឲ្យក្លិបរបស់ប្រទេសជប៉ុន Fujieda MYFC នៅក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុម Yokkaichi University ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិប Fujieda MYFC KHMER ។

ទាក់ទងនឹងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនេះដែរ ក្លិបដែលលេងនៅក្នុងលីកទី៣ របស់ជប៉ុន Fujieda បានយកឈ្នះទៅលើក្រុម Yokkaichi University ក្នុងលទ្ធផល ៧-២ ដោយតង់ទីមួយ Fujieda នាំមុខ ៣-០ មុន និងចូលដល់តង់ទីពីរ Fujieda ថែម៤គ្រាប់ទៀត ធ្វើឲ្យ៩០នាទីបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះ។

តែយ៉ាងណាមិញ នេះគ្រាន់តែជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេសតែប៉ុណ្ណោះ ដោយសារតែក្លិបត្រូវពង្រឹងសមត្ថភាពសម្រាប់កីឡាករនីមួយៗ ដើម្បីឲ្យពួកគេលេងយល់ចិត្តគ្នានៅក្នុងការប្រកួត ជាពិសេសការប្រកួតផ្លូវការនៅក្នុងលីក។

ដោយឡែកចំពោះ កីឡាករ ចាន់ វឌ្ឍនាកា វិញ បន្ទាប់ពីខកខាន និងអវត្តមានចំនួន៤ប្រកួតនៅក្នុងលីកក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតផងដែរ។

ក្នុងនោះទំព័រហ្វេសប៊ុក Fujieda MYFC KHMER ក៏បានលើកឡើងទាក់ទងនឹងបញ្ហានេះផងដែរថា «ការហ្វឹកហាត់ពិតជាសំខាន់ណាស់ចំពោះកីឡាករម្នាក់ៗ ជាពិសេសគឺកំលាំង និង ស្មារតី។ ទោះបីជាមិនបានចូលរួមប្រកួតក៏ដោយ វឌ្ឍនាកា នៅតែខំប្រឹងហាត់ជានិច្ច ដើម្បីវិស័យអោយបាល់ទាត់ខ្មែរមានការរីកចំរើនទៅមុខ» ។

គួរឲ្យដឹងទៀតដែរថា វឌ្ឍនាកា នឹងបានចូលលេងជាផ្លូវការក្នុងពេលឆាប់ៗនេះ ពីព្រោះភាពអំណត់ធ្មត់របស់អ្នកគាំទ្រ នឹងជួយឲ្យកីឡាកររូបនេះលេងបានល្អនៅក្នុងការប្រកួត។ នេះបើតាមការបកស្រាយបន្ថែមពី Fujieda MYFC KHMER៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]