ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតចូលមួយគ្រាប់ហើយឲ្យក្លិបរបស់ប្រទេសជប៉ុន Fujieda MYFC នៅក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុម Yokkaichi University ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិប Fujieda MYFC KHMER ។

ទាក់ទងនឹងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនេះដែរ ក្លិបដែលលេងនៅក្នុងលីកទី៣ របស់ជប៉ុន Fujieda បានយកឈ្នះទៅលើក្រុម Yokkaichi University ក្នុងលទ្ធផល ៧-២ ដោយតង់ទីមួយ Fujieda នាំមុខ ៣-០ មុន និងចូលដល់តង់ទីពីរ Fujieda ថែម៤គ្រាប់ទៀត ធ្វើឲ្យ៩០នាទីបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះ។

តែយ៉ាងណាមិញ នេះគ្រាន់តែជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេសតែប៉ុណ្ណោះ ដោយសារតែក្លិបត្រូវពង្រឹងសមត្ថភាពសម្រាប់កីឡាករនីមួយៗ ដើម្បីឲ្យពួកគេលេងយល់ចិត្តគ្នានៅក្នុងការប្រកួត ជាពិសេសការប្រកួតផ្លូវការនៅក្នុងលីក។

ដោយឡែកចំពោះ កីឡាករ ចាន់ វឌ្ឍនាកា វិញ បន្ទាប់ពីខកខាន និងអវត្តមានចំនួន៤ប្រកួតនៅក្នុងលីកក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតផងដែរ។

ក្នុងនោះទំព័រហ្វេសប៊ុក Fujieda MYFC KHMER ក៏បានលើកឡើងទាក់ទងនឹងបញ្ហានេះផងដែរថា «ការហ្វឹកហាត់ពិតជាសំខាន់ណាស់ចំពោះកីឡាករម្នាក់ៗ ជាពិសេសគឺកំលាំង និង ស្មារតី។ ទោះបីជាមិនបានចូលរួមប្រកួតក៏ដោយ វឌ្ឍនាកា នៅតែខំប្រឹងហាត់ជានិច្ច ដើម្បីវិស័យអោយបាល់ទាត់ខ្មែរមានការរីកចំរើនទៅមុខ»

គួរឲ្យដឹងទៀតដែរថា វឌ្ឍនាកា នឹងបានចូលលេងជាផ្លូវការក្នុងពេលឆាប់ៗនេះ ពីព្រោះភាពអំណត់ធ្មត់របស់អ្នកគាំទ្រ នឹងជួយឲ្យកីឡាកររូបនេះលេងបានល្អនៅក្នុងការប្រកួត។ នេះបើតាមការបកស្រាយបន្ថែមពី Fujieda MYFC KHMER៕ 

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ មានដឹងអត់ ថាហេតុអ្វីបានជាពហុកីឡដ្ឋានជាតិមរតកតេជោ មានរាងដូចសំពៅ?

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ហើយ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ សម្ដេច ក៏បានប្រកាសបើកការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោរដំណាក់កាលទី២ ផងដែរ ដែលជាគម្រោងធំ សាងសង់កីឡដ្ឋានបាល់ទាត់។

ថែ្លងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ សម្ដេចតេជោ បានលើកឡើងឲ្យដឹងថា មូលហេតុបានជាពហុកីឡដ្ឋានជាតិនេះ មានរាងដូចសំពៅ ព្រោះតែ វាបង្ហាញនូវការទំនាក់ទំនងទៅមក រកគ្នា រវាងប្រទេសកម្ពុជា នឹងសាធារណរដ្ឋប្រជាមានិតចិន ។

សម្ដេចបានបន្ដថា «ប្រវត្ដិសាស្រ្ដដើមរបស់កម្ពុជា ប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសចិនក្ដី គឺធើ្វដំណើរតាមសំពៅ ដើម្បីធើ្វពាណិជ្ជកម្មជាមួយគ្នា ខណៈដែលទំនាក់ទំនងរវាង កម្ពុជា នឹង ចិន មានតាំងពីបុរាណកាលមកម្លេះ»។

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១នេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយចំពោះការបើកការដ្ឋានសាងសង់ដំណាក់កាលទី២នេះ ក៏ជាជំនួយឥតសំណងរបស់ចិន ដូចគ្នាផងដែរ។

ពហុកីឡាដ្ឋានស្ដង់ដាអន្ដរជាតិ ដំណាក់កាលទី១ ដែលនឹងត្រៀមធើ្វជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ គឺមានចំនួន ២អាគារ គឺអគារទី១ ជាទីលានហែលទឹកកម្រិតស្តង់ដារអន្តរជាតិ និងបំពាក់ដោយសម្ភារៈទំនើបទាន់សម័យបំផុត ស្របពេលដែល អគារទី២ គឺជាអាគារនៃទីលានកីឡាបាល់ទះ កីឡាបាល់បោះ ព្រមទាំងកីឡាក្នុងសាលផ្សេងៗទៀតផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]