រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ក្លាយ​ខ្លួន​ ជា​កីឡាករ​ប្រដាល់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ម្នាក់ តែ​កីឡាករ ឡុ​ង សុ​ភី បាន​អះអាង​ថា លោក​មិន​ភ្លេច​អតីតកាល​មុន​ពេល​ប្រឡូក​ការ​ប្រដាល់​នោះ​ឡើយ ដោយសារ​តែ​ក្នុង​ពេល​នោះ លោក​គ្រាន់តែ​ជា​ក្មេង​ប្រុស​ម្នាក់​ស្ថិត​ នៅ​ក្នុង​គ្រួសារ​ខ្វះខាត ។ លោក​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ជា​ច្រើន ដែល​លោក​ប្រកាស​ថា​ មិន​អាច​បំភ្លេច​បាន ។

ឡុ​ង សុ​ភី បញ្ជាក់​ថា លោក​បាន​ប្រឡូក​ការ​ប្រដាល់​ ដំបូង​បំផុត​ក្នុង​វ័យ​១៥​ឆ្នាំ ដោយសារ​តែ​ឃើញ​បងប្រុស​លោក​ ទាំង​៥​រូប​សុទ្ធតែ​ជា​អ្នក​ប្រដាល់ ហើយ​ម្យ៉ាង​លោក​ក៏​ចង់បាន​លុយ និង​ចង់​មានឱកាស​ឡើង​ មក​រស់នៅ​ទីក្រុង​ភ្នំពេញ ។

លោក​ថា បងប្រុស​លោក​ទាំង​៥​រូប​ ប្រឡូក​ការ​ប្រដាល់​គ្រប់​គ្នា​ដោយ​សូ​ម្បី​តែ​អាជីព​មួយ​នោះ​មិន​មាន​ចំណូល​ ខ្ពស់​ដូច​ពេល​បច្ចុប្បន្ន ។ លោក​ថា ខ្លួន​ពី​ដំបូង​មិន​មាន​ចំណូល​ចិត្ត​ចង់​ប្រដាល់​នោះ​ទេ ដោយ​ចាត់​ទុក​ថា​គ្រាន់តែ​ ចង់​ឡើង​ប្រដាល់​ដើម្បី​បាន​ស្គាល់​ភ្នំពេញ ប៉ុន្តែ​បន្តបន្ទាប់​មក​លោក​ ក៏​មាន​ចំណូលចិត្ត ហើយ​តាំងចិត្ត​ថា ត្រូវ​តែ​ប្រឡូក​ការ​ប្រដាល់​រហូត​មានឈ្មោះ​បោះ​សំឡេង​តែ​ម្ដង ។

លោក​ថា ក្នុង​ចំណោម​បងប្អូន​៧​នាក់ មាន​ប្រុស​៦​នាក់​​ សុទ្ធតែ​ជា​អ្នកប្រដាល់​ទាំងអស់ មាន​តែ​លោក និង​លោក ឡុ​ង សាល​​វ័​ន្ត​ប៉ុណ្ណោះ​ ដែល​ប្រឡូក​ការ​ប្រដាល់ ហើយ​មានឈ្មោះ​បោះ​សំឡេង ។ គ្រួសារ​លោក​ជា​អ្នក​បាត់ដំបង នៅ​ភូមិ​ស្វាយ​កោះ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ប៉ុន្តែ​លោក​កើត​នៅ​ជំរំសាយធូ​ជាប់​ព្រំដែន​ថៃ ។

ឡុ​ង សុ​ភី បាន​រំលឹក​ថា ការ​ប្រកួត​លើក​ដំបូង​លោក​ហ្វឹកហាត់​តែ​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ​តែ​បាន​វាយ​ឈ្នះ​ហើយ​ទទួល​បាន​តម្លៃ​ខ្លួន​៥​ម៉ឺន​រៀល​ធ្វើ​ឱ្យ​លោក​សប្បាយចិត្ត​ចង់​ហោះ និង​ចាយ​លុយ​នោះ​ដោយ​ការ​សន្សំ​សំចៃ​បំផុត បាន​រហូត​ដល់​រយៈពេល​មួយ​ខែ​ព្រោះតែ​ការ​ស្រឡាញ់​លុយ​ដែល​ជា​ញើស​ឈាម​នោះ​ផង ។

លោក​នៅ​តែ​យល់​ឃើញ​ថា ប្រាក់​៥​ម៉ឺន​រៀល ដែល​ខ្លួន​រកបាន​ពី​ការ​ប្រដាល់​លើក​ដំបូង គឺជា​កម្លាំងចិត្ត​មិន​នឹក​ស្មាន​ដល់​នៅ​ក្នុង​ជីវិត ដែល​ធ្វើ​ឱ្យ​លោក​ឈាន​ឡើង​នៅ​ក្នុង​អាជីព​ប្រដាល់​នា​ពេល​បន្តបន្ទាប់​ផង​ដែរ ។

លោក​បាន​ចាប់ផ្ដើម​ល្បីឈ្មោះ​ កាន់តែ​ខ្លាំង​កាលពី​ឆ្នាំ​២០១០ ដោយសារ​តែ​បាន​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ជា​បន្តបន្ទាប់​ចំនួន​៦ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ពាន​ជើងឯក មេដាយមាស ប្រាក់ និង​មេដាយ​ជើងឯក​ដែល​បញ្ជាក់​ពី​ភាព​ខ្លាំងក្លា​របស់​ខ្លួន​នៅឡើយ​ផង ។

ចំពោះ​ប្រាក់​តម្លៃ​ខ្លួន​ និងប្រាក់​រង្វាន់​ថ្វី​ដ្បិតថា​ មិន​ធ្វើ​ឱ្យ​លោក​មានបាន តែ​ក៏​ជួយ​ឱ្យ​លោក​បាន​ស្គាល់​ប្រាក់​ដុល្លារ និង​មាន​ម៉ូតូ​ជិះ​បាន​សមរម្យ​ជា​មនុស្ស​ម្នាក់​ផង​ដែរ បើ​ធៀប​នឹង​ស្ថានភាព​រស់នៅ​របស់​លោក​ កាលពីមុន​ពេល​ចូល​ ប្រដាល់​គឺ​គ្រួសារ​ខ្វះមុខខ្វះក្រោយ​។

លោក​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ដំបូង​គេ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដោយ​ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង​ជា​រង្វាន់​ ដែល​មាន​តម្លៃ​បំផុត​ សម្រាប់​ជីវិត​លោក ដោយសារ​តែ​លោក​មិន​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ជិះ​នោះ ។

ឆ្នាំ​២០០៨ គឺជា​ឆ្នាំ​ដែល​លោក​យល់​ថា ខ្លួនឯង​ឈាន​ឡើង​ដោយសារ​តែ​ក្នុង​ពេល​នោះ​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត បាន​ក្លាយជា​កីឡាករ​ល្បី និង​ខ្លាំង តែ​លោក​អាច​យក​ស្មើ​ពិន្ទុ​បាន ក្នុង​ពេល​ដែល​កីឡាករ​ផ្សេង​ទៀត​ឱ្យ​តែ​ប៉ះ វ៉ា​ន់ ចាន់​វ៉េ​ត នៅ​ក្នុង​ពេល​នោះ គឺ​រមែង​សន្លប់ ។

កីឡាករ ឡុ​ង សុ​ភី បញ្ជាក់​ថា លោក​សិក្សា​បាន​ត្រឹមតែ​ថ្នាក់​ទី​៧​នៅ​ស្រុក​កំណើត​ប៉ុណ្ណោះ ដោយសារ​តែ​ជីវភាព​នា​អតីតកាល​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច និង​ចង់រក​លុយ​ពី​ការ​ប្រដាល់​។ លោក​សារភាព​ថា ក្រោយ​ទទួល​បាន​ខ្សែក្រវាត់​ ជើងឯក​បន្តបន្ទាប់ លោក​មាន​សល់​ទ្រព្យ​របស់​គួរសម ប៉ុន្តែ​មក​ពី​លោក​មាន​ បញ្ហា​រង្គោះរង្គើ​ស្នេហា​ទី​១ ដោយ​បន្សល់​ទុក​នូវ​កូន​២​នាក់ ទើប​លោក​នៅ​តែ​សល់​សំបកខ្លួន ដោយសារ​តែ​លោក​ចុះ​ចេញ​ដោយ​មិន​យក​អ្វី​ មក​ជាមួយ​ទាំងអស់​ គឺ​ទុក​ចែក​កេរ​ឱ្យ​កូន និង​ចង់​កសាង​ជីវិត​ជា​ថ្មី​ដោយ​បាតដៃ​ទទេ ។

លោក​ថា ខ្លួន​មានកូន​ប្រុស​-​ស្រី​ ២​នាក់​ ជាមួយ​ភរិយា​មុន តែ​លោក​មិន​បាន​បោះបង់​កាតព្វកិច្ច​នោះ​ទេ បើ​ទោះជា​លោក​បាន​រៀប​ការ​ភរិយា​ថ្មី ហើយ​ភរិយា​ក្រោយ​ក៏​ទើបនឹង​ពពោះ​៤​ខែ ។ លោក​កើត​នៅ​ឆ្នាំ​១៩៨៨ និង​បាន​រៀប​ការ​ជាមួយ​ភរិយា​មុន កាលពី​ឆ្នាំ​២០០៨ តែ​ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ទើប​ធ្វើ​ឱ្យ​បាក់បែក​គ្នា​កណ្ដាល​ទី​។

លោក​សម្រេចចិត្ត​រៀប​ការ​ជា​លើក​ទី​២ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ និង​បាន​ប្រកាស​ថា​កំពុង​រៀប​គម្រោង​បើកហាង​ លក់​បាយ​មួយ​ក្រោយ​ ពេល​ភរិយា​សម្រាលកូន​រួច ។ បើ​ទោះជា​អាជីព​នេះ​ មានការ​ពិបាក តែ​លោក​ប្រកាស​ថា នឹង​ឱ្យ​កូន​ៗ​របស់​ខ្លួន​បន្ត​អាជីព​ប្រដាល់​បើ​កូន​ណា​ម្នាក់​ របស់​លោក​មាន​និស្ស័យ​នឹង​អាជីព​នេះ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

មានដឹងអត់ ថាហេតុអ្វីបានជាពហុកីឡដ្ឋានជាតិមរតកតេជោ មានរាងដូចសំពៅ?

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ហើយ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ សម្ដេច ក៏បានប្រកាសបើកការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោរដំណាក់កាលទី២ ផងដែរ ដែលជាគម្រោងធំ សាងសង់កីឡដ្ឋានបាល់ទាត់។

ថែ្លងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ សម្ដេចតេជោ បានលើកឡើងឲ្យដឹងថា មូលហេតុបានជាពហុកីឡដ្ឋានជាតិនេះ មានរាងដូចសំពៅ ព្រោះតែ វាបង្ហាញនូវការទំនាក់ទំនងទៅមក រកគ្នា រវាងប្រទេសកម្ពុជា នឹងសាធារណរដ្ឋប្រជាមានិតចិន ។

សម្ដេចបានបន្ដថា «ប្រវត្ដិសាស្រ្ដដើមរបស់កម្ពុជា ប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសចិនក្ដី គឺធើ្វដំណើរតាមសំពៅ ដើម្បីធើ្វពាណិជ្ជកម្មជាមួយគ្នា ខណៈដែលទំនាក់ទំនងរវាង កម្ពុជា នឹង ចិន មានតាំងពីបុរាណកាលមកម្លេះ»។

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១នេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយចំពោះការបើកការដ្ឋានសាងសង់ដំណាក់កាលទី២នេះ ក៏ជាជំនួយឥតសំណងរបស់ចិន ដូចគ្នាផងដែរ។

ពហុកីឡាដ្ឋានស្ដង់ដាអន្ដរជាតិ ដំណាក់កាលទី១ ដែលនឹងត្រៀមធើ្វជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ គឺមានចំនួន ២អាគារ គឺអគារទី១ ជាទីលានហែលទឹកកម្រិតស្តង់ដារអន្តរជាតិ និងបំពាក់ដោយសម្ភារៈទំនើបទាន់សម័យបំផុត ស្របពេលដែល អគារទី២ គឺជាអាគារនៃទីលានកីឡាបាល់ទះ កីឡាបាល់បោះ ព្រមទាំងកីឡាក្នុងសាលផ្សេងៗទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]