ភ្នំពេញ៖​ កាលពីចុងខែមីនានេះមានការប្រគំតន្ត្រីដ៏ធំបំផុតមួយ (Smart Mega Concert) ដែលមានវត្តមានចូលរួមដោយតារាចម្រៀងបទនិពន្ធថ្មីរបស់ខ្មែរជាច្រើន និងតារាចម្រៀងលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េខាងត្បូងលោក Rain ឬឈ្មោះពិតថា ជុង ជីហ៊ូន ហើយមានការចូលរួមយ៉ាងច្រើនកុះករពីអ្នកគាំទ្រ។

វត្តមានរបស់តារាចម្រៀងដែលប្រិយមិត្តខ្មែរស្គាល់ភាគច្រើនបំផុត តាមរយៈរឿង បំណុលផ្ទះជំពាក់ស្នេហ៍ សម្តែងជាតួអង្គ លី យ៉ុងជេ រូបនេះ ពិតជាធ្វើឲ្យកក្រើក កោះពេជ្រនៅរាជធានីភ្នំពេញ ជាមួយការបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ និងចង្វាក់ក្បាច់រាំយ៉ាងរស់រវើកបំផុត សរុបចំនួន៦បទ បិទកម្មវិធីមុនពេលបន្តិចដែលមេឃបានបង្អុរភ្លៀងមួយមេធំចុះមក។

យ៉ាងណាមិញ ក្រោយពីលោក Rain ត្រឡប់ទៅវិញមិនទាន់បានប៉ុន្មានផង លេចឭព័ត៌មានមកថា កំពូលតារាចម្រៀងប្រចាំកូរ៉េខាងត្បូងរូបនេះ នឹងគ្រោងមកសម្តែងជាលើកទី២នៅកម្ពុជានាពេលខាងមុខ ក្នុងការប្រគំតន្ត្រីសប្បុរសធម៌រកថវិកាមួយចំនួនជួយមន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមការស្រង់សម្តីទាំងស្រុងរបស់លោក គួច ខេវិន ចុះផ្សាយនៅលើគេហទំព័ររបស់ទស្សនាវដ្តីអង្គរធំ ថ្ងៃទី៤ មេសា ២០១៧នេះ ឲ្យដឹងថា៖ «តាមខ្ញុំដឹងពីក្រុមការងារលោក Rain គាត់បានប្រាប់ថា លោក Rain ប្រាកដជានឹងមកកម្ពុជា ជាលើកទី២ ក្នុងពេលខាងមុខនេះមែន ព្រោះលោកសប្បាយចិត្តដែលមាន Fan ជាច្រើនទៅគាំទ្រ។ តាមរយៈក្រុមការងារលោក Rain សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនគាំទ្រទាំងអស់ និងសូមខន្តីអភ័យទោស រាល់កំហុសឆ្គងដោយអចេតនា ហើយគាត់បានសន្យាថា នឹងត្រឡប់មកវិញ ដើម្បីធ្វើការប្រគំតន្រ្ដីដ៍ធំមួយ ដែលនឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗរបស់កម្ពុជា សម្រាប់សប្បុរសធម៌ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងមន្ទីពេទ្យគន្ធបុប្ផា»។ លោក គួច ខេវិន បញ្ជាក់ថា៖ «ប្រសិនបើគេមិនស្រលាញ់ គេមិនចូលចិត្តទស្សនិកជនខ្មែរនោះ គេនឹងមិនមកសម្ដែងនៅកម្ពុជាឡើយ។ នេះជាពាក្យដែលយើងគួរតែយល់ និងគួរតែពិចារណា»។

តាមការឲ្យដឹងពីប្រភពដដែលផងដែរ ៦បទ ដែល Rain ច្រៀងក្នុងការប្រគំតន្ត្រីនៅកម្ពុជា ទទួលបានតម្លៃខ្លួន ១៨ម៉ឺនដុល្លារ (១បទ ៣ម៉ឺនដុល្លារ)

ដោយឡែកផងដែរ បើយើងចាប់អារម្មណ៍មកប្រៀបធៀបការប្រគំតន្ត្រីជាច្រើនដែល Rain ទៅសម្តែង គឺមានភាពខុសប្លែកពីកម្ពុជា ព្រោះអ្នកគាំទ្រខ្មែរបានបង្ហាញពីភាពស្រលាញ់ចូលចិត្ត និងក្តីរំភើបយ៉ាងខ្លាំងបំផុតដល់លោក Rain ដែលនេះហើយ ទើបបានជាលោក Rain មានការភ្ញាក់ផ្អើលខ្លាំង រហូតដល់ថ្នាក់បង្ហោះសារលើបណ្តាញសង្គមអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួនក្រោយចប់ការប្រគំតន្ត្រី  អរគុណអ្នកគាំទ្រកម្ពុជាដោយសរសេរជាអង់គ្លេសថា thanks cambodia fans ដែលទង្វើរបស់ Rain នេះ ពិតជាកម្របំផុតស្ទើតែមិនធ្លាប់មានពីមុនមកចំពោះអ្នកគាំទ្រក្រៅប្រទេស។ ក្នុងអំឡុងពេលប្រគំតន្ត្រី ពេលច្រៀងបទ La Song គេអាចឮ Rain ស្រែកថា «ខ្ញុំស្រលាញ់កម្ពុជា... អរគុណដែលបានចូលរួម» ទៀតផង។

សូមរំឮកឡើងវិញផងដែរថា គេអាចនៅចាំបានអំពីប្រតិកម្មមួយចំនួនក្នុងបណ្តាញសង្គមពីសំណាក់ប្រិយមិត្តកម្ពុជា មកលើលោក Rain ចាប់តាំងពីលោកបានឈានជើងមកដល់ព្រលានយន្តហោះភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថាលោកជាមនុស្សវាយឬក មិនញញឹមជាដើម។ បន្ថែមពីនេះទៀតប្រិយមិត្តនៅកម្ពុជាមួយចំនួន កាន់តែរិះគន់ខ្លាំងឡើង ក្រោយការធ្វើសន្និសីទសារព័ត៌មានមុនការប្រគំតន្ត្រីពេលឃើញលោក Rain នៅតែមិនបង្ហាញភាពរស់រាយរាក់ទាក់ខ្លាំង ដូចតារាបរទេសផ្សេងៗទៀតដែលធ្លាប់មកកម្ពុជា។ បើតាមការសន្និដ្ឋានក្រៅផ្លូវការរបស់អ្នកគាំទ្រមួយចំនួន បានលើកឡើងថា លោក Rain ទំនងជានឹកប្រពន្ធ ព្រោះមិនបាននៅឆ្លងថ្ងៃខួបកំណើតជាមួយប្រពន្ធរបស់លោក អ្នកនាងគីម តេហ៊ី កាលពីថ្ងៃទី២៩ មីនា ២០១៧ កន្លងទៅនេះ។

ទោះបីយ៉ាងណាបើតាមការឲ្យដឹងពីប្រភពក្រៅស្រុក ទឹកមុខរាបស្មើរបស់លោក Rain គឺជាអត្តចរិតពីធម្មជាតិ សូម្បីមុនពេលបង្ហាញខ្លួនជាលើកដំបូងរបស់ Rain នៅប្រទេសកំណើត ក៏អ្នកគ្រប់គ្រងនិងផលិតកម្មរបស់លោក មានការព្រួយបារម្មណ៍ខ្លាំងលើបញ្ហាទឹកមុខរបស់ Rain ដែរ។ ហើយឈ្មោះសិល្បៈដែលគេដាក់ឲ្យថា Rain នេះមានន័យថា ភ្លៀង ប្រៀបបាននឹងទឹកមុខរបស់លោកនេះឯង។

គួរឲ្យដឹងផងដែរថា យោងតាមរយៈវីដេអូកម្មវិធីកូរ៉េមួយអំឡុងឆ្នាំ២០១៣ស្តីពីជីវិតប្រចាំថ្ងៃរបស់ Rain គេអាចដឹងបានថា តាមពិតទៅលោក Rain ក៏មិនសប្បាយចិត្តប៉ុន្មានដែរ រាល់ពេលដែលសារព័ត៌មានកូរ៉េ ឬអ្នកគាំទ្រនៅកូរ៉េ រិះគន់អំពីអត្តចរិតរបស់ខ្លួន ហើយលោកថាថ្ងៃណាមួយការពិតគង់តែត្រូវបានបង្ហាញ។ តាមការសង្កេត សព្វថ្ងៃនេះអ្នកគាំទ្រនៅបរទេសមួយចំនួន តែងរិះគន់អំពីបញ្ហានេះជារឿយៗផងដែរ។ ក្នុងវីដេអូដដែលនោះ គេដឹងទៀតថា លោកចូលចិត្តឆាកតន្ត្រីដែលអាចឲ្យលោក នៅជិតអ្នកគាំទ្រ ដើម្បីឲ្យលោកមានទំនាក់ទំនងនិងភាពជិតស្និទជាមួយអ្នកគាំទ្រ អាចធ្វើឲ្យកម្មវិធីរឹតតែអស្ចារ្យ និងសប្បាយរីករាយថែមមួយកំរិត។ ហេតុនេះសរុបមកវិញ ការរៀបចំឆាកបានត្រឹមត្រូវនៅកម្ពុជា ក៏ជាកត្តាជំរុញដល់ភាពជោគជ័យនៃការប្រគំតន្ត្រីនេះផងដែរ ផ្ទុយពីការប្រគំតន្ត្រីធំៗមួយចំនួនរបស់ Rain ដែលហាក់បីដូចជាមិនសូវមានភាពកក់ក្តៅ និងស្និទស្នាលជាមួយអ្នកគាំទ្រ៕

ខាងក្រោមវីដេអូ ពេលមកដល់ និង ពេលច្រៀងបទ La Song ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]