ភ្នំពេញ៖ ដំណើរការនៃការសាងសង់ពហុកីឡដ្ឋានមរតកតេជោ សម្រាប់ត្រៀមនូវព្រឹត្តការណ៍ Sea Game ឆ្នាំ២០២៣ ពេលនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ដំណាក់កាលទី២ហើយ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមការអញ្ជើញចូលរួមសម្ពោធផ្ទាល់ដោយ សម្តេចនាយករដ្ឋមន្ត្រី និងអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ 

គម្រោងនៅក្នុងការសាងសង់នៃដំណាក់កាលទី២នេះ គឺផ្តោតសំខាន់ទៅកីឡដ្ឋានបាល់ទាត់ដ៏ធំ ដែលអាចផ្ទុកអ្នកទស្សនាជាង៦មឺុននាក់ មិនតែប៉ុណ្ណោះកីឡដ្ឋាននេះមានលក្ខណៈពិសេសមួយគឺ អាចជម្លៀសអ្នកគាំទ្របានដោយសុវត្ថិភាព ក្នុងរយៈពេលដ៏ខ្លី នៅគ្រាមានអាសន្នណាមួយកើតឡើង។

គួរឲ្យដឹងថា ទន្ទឹមនឹងការប្រកាសឲ្យបើកការដ្ឋានសាងសង់កីឡដ្ឋានក្នុងដំណាក់កាលទី២ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្ពោធនូវសមិទ្ធផលមួយចំនួនដាក់ឲ្យប្រើប្រាស់មុនគេផងដែរ ក្នុងនោះរួមមានដូចជា៖ មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិកជាដើម។

គួរបញ្ជាក់បន្ថែមទៀតថា ពហុកីឡដ្ឋានមរតកតេជោដ៏ធំនេះ ស្ថិតលើផ្ទៃដីប្រមាណ ៨៣ហិចតា នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

តោះកុំឲ្យខាតពេលយូរ ចង់ដឹងថាពហុកីឡដ្ឋានមរតកតេជោមានទិដ្ឋភាពស្រស់ស្អាតបែបណានោះ មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រំភើបចិត្តមិនស្ទើរ! John Cena សុំមិត្តស្រីរៀបការ នៅកណ្តាលសង្វៀន ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល

អាមេរិក៖ ជារឿងមួយដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើល ក្រោយពីរង់ចាំអស់រយៈពេលយូរ នៅពេលនេះអ្នកកីឡាកាស John Cena បានសម្រេចចិត្តសុំមិត្តស្រីរបស់ខ្លួនរៀបការហើយ នៅកណ្តាលសង្វៀន ក្នុងព្រឹត្តការណ៍ដ៏ធំ Wrestlemania ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ៧មឺុននាក់ ក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកកីឡាកាសអាជីពមកពីស្ថាប័ន WWE រូបនេះ បានលុតជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការ បន្ទាប់ពួកគេបានចាប់ដៃគូគ្នាប្រកួតឈ្នះ The Miz និង Maryse ក្នុងព្រឹត្តការណ៍ប្រចាំឆ្នាំ Wrestlemania ។

នៅចំកណ្តាលសង្វៀន ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើនមឺុននាក់ John បាននិយាយទៅកាន់ Nikka ថា «ខ្ញុំបានរង់ចាំពេលនេះ អស់ជាច្រើនឆ្នាំហើយ…ខ្ញុំក៏ធ្លាប់បានសន្យាដែរថានឹងសុំនាងរៀបការ នៅពេលវេលាសមស្របណាមួយ» ។

ក្រោយពីបានថ្លែងពាក្យពេជន៍ដ៏ផ្អែមល្ហែមអស់ជាច្រើនរួចមក John ក៏បានលុតជង្គង់សុំនាងរៀបការ ធ្វើឲ្យ Nikki ដែលជាមិត្តស្រីរំភើបចិត្តខ្លាំង ក៏ឆ្លើយយល់ព្រមភ្លាមៗតែម្តង។

គួរឲ្យដឹងថា John Cena និងនាង Nikki Bella បានស្គាល់ និងស្រលាញ់គ្នាតាំងពីឆ្នាំ២០១២មកម្ល៉េះ បន្ទាប់ពី John បានសម្រេចចែកផ្លូវលែងលះគ្នាជាមួយអតីតភរិយានាង Elizabeth។

ដោយឡែកចំពោះ Nikki វិញ បន្ទាប់ពីបានយល់ព្រមរៀបការហើយនោះ នាងបានបង្ហាញពីអារម្មណ៍របស់នាងទៅកាន់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមថា «រីករាយទាំងទឹកភ្នែក!! ខ្ញុំមានអារម្មណ៍ថា ពួកយើងបានរៀបការរួចទៅហើយ…ស្វាគមន៍មកកាន់គ្រួសាររបស់យើង @JohnCena» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]